ព័ត៌មាន
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ បង្ការទប់ស្កាត់ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចេញសេចក្តីអំពាវនាវ ស្តីពីការបង្ការទប់ស្កាត់ គ្រោះ ថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានកត់សម្គាល់ឃើញថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក តែងមានកំណើនខ្ពស់ នៅរាល់ឱកាសពិធីបុណ្យផ្សេងៗ បានបណ្តាលឱ្យមានកំណើនជនរងគ្រោះជាអតិបរមា និងមានការខូចខាតទ្រព្យសម្បត្តិជាច្រើន។ ភាគច្រើននៃគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីការបើកបរយានយន្តមិនគោរពច្បាប់ ឬធ្វេសប្រហែសដូចជា បើកបរលើសល្បឿនកំណត់ ជែងក្នុងស្ថានភាពគ្រោះថ្នាក់ បើកបរក្នុងស្ថានភាពស្រវឹង និងមិនគោរពសិទ្ធិអាទិភាពជាដើម។
នាឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹង ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមអំពាវនាវដល់សាធារណជនជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមមេត្តាខិតខំយកចិត្តទុកដាក់បង្កើនស្មារតី ចូលរួមបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បើកបរយានយន្តតាមវិធានការដូចខាងក្រោម៖
១-មិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាត។
២-មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងជាដាច់ខាត។
៣-មិនត្រូវបត់ ឬ វ៉ាជែងក្នុងភាពប្រថុយប្រថាន ឬប្រើទូរសព្ទដោយគ្មានឧបករណ៍សំឡេងភ្ជាប់ទំនាក់ទំនង។
៤-មិនត្រូវបើកបរក្នុងស្ថានភាពងងុយដេកជាដាច់ខាត។
៥-មិនត្រូវផ្ទុកអ្នកដំណើរ ឬទំនិញលើសច្បាប់កំណត់។ ចំពោះរថយន្តដឹកអ្នកដំណើរ ឬដឹកកម្មករ មិនត្រូវផ្ទុកអ្នកដំណើរ ឬកម្មករលើដំបូល និងសូមកុំដំឡើងថ្លៃធ្វើដំណើរក្នុងឱកាសនេះ។
៦-ត្រូវគោរពសិទ្ធិអាទិភាព គោរពសញ្ញាចរាចរណ៍ និងប្រកាន់ស្តាំជានិច្ច។
៧-ត្រូវពាក់មួកសុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្តទោះជិត ឬឆ្ងាយ។
៨-ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមរថយន្ត។
៩-ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ច ពិសេសត្រួតពិនិត្យកង់ ចង្កូត ហ្វាំង ភ្លើងបំភ្លឺ។
១០-ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ច ប្រកបដោយសីលធម៌ និងការយោគយល់អធ្យាស្រ័យ។
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមសំដែងនូវសេចក្តីសង្ឃឹមជឿជាក់លើអ្នកប្រើប្រាស់ផ្លូវ គ្រប់រូបនឹងចូលរួមគោរពអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក៏ដូចជាអនុវត្តតាមសេចក្តីអំពាវនាវនេះ ដើម្បីនាំមកនូវសុវត្ថិភាព ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខាងមុខនេះ និងជានិច្ចកាល គ្រប់ពេលធ្វើដំណើរ សំដៅធានាឱ្យមានសណ្តាប់ធ្នាប់ មានសេចក្តីសុខ សុភមង្គល ជីវភាពរុងរឿងក្នុងសង្គមដែលមានការអភិវឌ្ឍ និងសុខសន្តិភាពប្រកបដោយចីរភាព៕ អត្ថបទ រដ្ឋា


-
ព័ត៌មាន2 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍
-
ព័ត៌មាន1 week agoក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជាបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅជាបណ្តោះអាសន្ន នៅខេត្តព្រះវិហារ ចំនួន ៦៤៥គ្រួសារ