Connect with us

កីឡា

កម្ពុជា ជួបឥណ្ឌូនេស៊ី បិទពូលB រសៀលនេះ មុនដឹកដៃគ្នាឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានបាល់ទាត់កម្រិតទី២ អាស៊ាន

ក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិនារីឥណ្ឌូនេស៊ី បញ្ចប់ពូលB ក្នុងយុទ្ធនាការប្រកួតពានរង្វាន់បាល់ទាត់នារីកម្រិតទី២ ប្រចាំតំបន់អាស៊ាន ASEAN Women’s Cup ឆ្នាំ២០២៦ នាវេលាម៉ោង ៣:៤៥នាទីរសៀលថ្ងៃទី១៦ ខែកក្កដានេះ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី មុនក្រុមទាំងពីរ ដឹកដៃគ្នាឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នាចុងសប្ដាហ៍នេះ។

បច្ចុប្បន្នក្រុមទាំងពីរ សុទ្ធតែបានកក់កៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បន្ទាប់ពីយកឈ្នះក្រុមជម្រើសជាតិនារីទីម័រខាងកើតរៀងខ្លួន កាលពីថ្មីៗ កម្ពុជា កំពុងឈរកំពូលតារាង ក្រោយយកឈ្នះទីម័រខាងកើត ៣-១ ខណៈឥណ្ឌូនេស៊ី ឈរលេខ២ មាន ៣ពិន្ទុស្មើគ្នា ក្រោយយកឈ្នះក្រុមទីម័រខាងកើត ២-០។ យ៉ាងណាមិញរសៀលនេះ ក្រុមទាំងពីរ ត្រូវលទ្ធផលល្អរៀងខ្លួន ដើម្បីកំណត់ក្រុមលេខ១ និងលេខ២ ក្នុងពូលជាផ្លូវការ។

ចំពោះបេក្ខភាពត្រូវជួបគ្នានៅវគ្គ ៤ក្រុមចុងក្រោយ នៅមិនទាន់ដឹងឡើយ ដោយរង់ចាំអ៊ុតលទ្ធផលការប្រកួតបញ្ចប់ពូលទាំងពីរ ដែលត្រូវប្រកួតដំណាលគ្នា គ្រាដែលជំនួបបញ្ចប់ពូលA គឺម្ចាស់ផ្ទះម៉ាឡេស៊ី ត្រូវជួបក្រុមជម្រើសជាតិសិង្ហបុរី ។ បច្ចុប្បន្នបេក្ខភាពទាំង ៣ក្រុម ក្នុងពូលនេះ កំពុងមានពិន្ទុប្រទាញប្រទុងគ្នា ក្នុងនោះក្រុមជម្រើសជាតិនារីឡាវ មាន ២ពិន្ទុឈរកំពូលតារាងបណ្ដោះអាសន្ន គ្រាដែលម៉ាឡេស៊ី និងសិង្ហបុរី ឈរលេខ២ និងលេខ៣ រកបាន ១ពិន្ទុស្មើគ្នា។ ដូច្នេះចាំមើលតើក្រុមណាខ្លះ នឹងត្រូវឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ទៅជួបក្រុមបាល់ទាត់នារីកម្ពុជា និងឥណ្ឌូនេស៊ី នៅវគ្គខ្វែងពូល នាថ្ងៃទី១៩ ខែកក្កដាខាងមុខ? អត្ថបទ លី ឈុនឡា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia