Connect with us

ព័ត៌មាន

កម្ពុជា​បាន​ទាក់ទាញ​ក្រុមហ៊ុន​ផលិត​រថយន្ត​អន្តរជាតិ និង​ក្រុមហ៊ុន​ក្នុង​ស្រុក​ធំៗ​១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង

ភ្នំពេញ៖ ប្រទេសកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តលំដាប់អន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗចំនួន ១៣ឱ្យមកបោះទុនវិនិយោគរួមគ្នារហូតដល់ប្រមាណ ១៧០ លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្ត។ ការហូរចូលនៃទុនវិនិយោគដ៏សម្បើមនេះ មិនត្រឹមតែបង្ហាញពីជំនឿចិត្តខ្ពស់របស់វិនិយោគិនមកលើស្ថិរភាពសេដ្ឋកិច្ចកម្ពុជានោះទេ ប៉ុន្តែវាក៏ជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការរុញច្រានឧស្សាហកម្មធុនធ្ងន់ និងបង្កើតឱកាសការងាររាប់ពាន់កន្លែងជូនដល់ប្រជាពលរដ្ឋមូលដ្ឋាន។

ឯកឧត្តម លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឱ្យដឹងថា គិតមកដល់ពេលនេះ កម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុន​ក្នុងស្រុកកើនដល់ចំនួន ១៣ហើយ មកបង្កើតរោងចក្រ​ផ្គុំនិងដំឡើងរថយន្ត។ ការកើនឡើងនៃរោងចក្រផ្គុំ និងដំឡើងរថយន្តនៅកម្ពុជា ជាសញ្ញាមួយបង្ហាញថា ប្រទេសកំពុងឈានចូលដល់ដំណាក់កាលអភិវឌ្ឍឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ជាងមុន។

ក្នុងចំណោមនោះ រោងចក្រផ្គុំ និងដំឡើងរថយន្តចំនួន ១១ កំពុងដំណើរការខ្សែច្រវ៉ាក់ផលិតកម្ម​ ដែលបានផលិតរថយន្តបានចំនួន​ ៦ ៧៥១គ្រឿង ក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០២៦នេះ ហើយគិតមកដល់ពេលនេះ មានរថយន្តចំនួន ៣៥ ៩០០ គ្រឿងហើយ កំពុងចរាចរណ៍នៅលើទីផ្សារក្នុងស្រុក។ នេះបើតាម ឯកឧត្តម ហេង សុគង់ រដ្ឋលេខាធិការ និងជា​អ្នកនាំពាក្យ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

ឯកឧត្តម បន្តថា រោងចក្រផ្គុំ និងដំឡើងរថយន្តទាំងអស់នោះ មានទុនវិនិយោគសរុបប្រមាណ ១៦៩លាន​ដុល្លារអាមេរិក​ និងបង្កើតការងារចំនួន ១ ៣៦៥កន្លែងដល់ពលរដ្ឋមូលដ្ឋាន។ ការកើនឡើងជាបន្តបន្ទាប់ នៃ​រោងចក្រ​ផ្គុំនិងដំឡើងរថយន្ត ​គឺបញ្ជាក់ឱ្យឃើញពីការរីកចម្រើន​យ៉ាងឆាប់រហ័សលើឧស្សាហកម្មរថយន្តនៅកម្ពុជា។

កម្ពុជា​បាន​ទាក់ទាញ​ក្រុមហ៊ុន​ផលិត​រថយន្ត​អន្តរជាតិ និង​ក្រុមហ៊ុន​ក្នុង​ស្រុក​ធំៗ​ជាច្រើន ​រួម​មាន៖ រថយន្ត Ford ដែលវិនិយោគដោយក្រុមហ៊ុន RMA Cambodia ស្ថិតនៅក្នុងខេត្តពោធិ៍សាត់។ រថយន្ត Hyundai វិនិយោគដោយក្រុមហ៊ុន Camko Motor Company ស្ថិតនៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ក្រុមហ៊ុន Toyota Cambodia ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ រថយន្ត GTV Motor ជាក្រុមហ៊ុនដំឡើងរថយន្តផ្ទាល់ខ្លួនដែលមានទីតាំងនៅក្នុងខេត្តកណ្តាល។ ក្រុមហ៊ុន​ផ្សេងៗទៀត ដូចជា រោងចក្ររថយន្ត GAC និង Chevrolet ស្ថិតក្នុងនៅខេត្តកំពង់ឆ្នាំង និង​រោងចក្រដំឡើងរថយន្តអគ្គិសនី (BYD)មានទីតាំងស្ថិតនៅ តំបន់សេដ្ឋកិច្ចពិសេស ខេត្តព្រះសីហនុ៕

អត្ថបទ៖ ធូ វិរៈ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia