Connect with us

ព័ត៌មាន

សមិទ្ធផលការងារ​រយៈពេលមួយឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត

គិតមកដល់ត្រឹមខែធ្នូ ឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានអាយុកាល​បាន១៦ខែហើយ។ ដើម្បីបង្ហាញពីសមិទ្ធផល និង​រម្លឹក​ពីការងារ​ដែលសម្រេច​បានក្នុងរយៈពេលនេះ ទូរទស្សន៍ ប៊ីធីវី សូមលើកឡើង​អំពីសមិទ្ធផលការងារ​របស់​រាជរដ្ឋាភិបាល​ជូនប្រជាពលរដ្ឋបានជ្រាប។

សមិទ្ធផលសំខាន់ៗ ដែលរាជរដ្ឋាភិបាលសម្រេច​បានក្នុងរយៈពេល១៦ខែមកនេះ មានច្រើនដែលរៀបរាប់មិនអស់  តែដំបូងនេះសូមរំលេចចំណុច សំខាន់ចំនួនពីរ៖

ទី១៖សុខសន្តិភាព៖ ដែលជាកត្តាចម្បងជាងគេបំផុតសម្រាប់ការអភិវឌ្ឍប្រទេស នៅតែត្រូវបានថែរក្សា​យ៉ាងគត់មត់ដោយរាជរដ្ឋាភិបាលសម្តេចធិបតី ហ៊ុន ម៉ាណែត និងថែមទាំងពូនជ្រុំឱ្យកាន់តែរឹងមាំឡើងថែមទៀតពីមួយថ្ងៃទៅមួយថ្ងៃ។ សុខសន្តិភាព និងស្ថិរភាពនយោបាយនេះហើយដែលធ្វើឱ្យប្រជាពលរដ្ឋមានលំនឹងក្នុងចិត្តនិងមានឱកាសធ្វើការងារ និងប្រកបមុខរបរអាជីវកម្មផ្សេងៗ​ ដើម្បីបង្កើនជីវភាពគ្រួសារ។ សុខសន្តិភាព និងស្ថិរភាពនយោបាយ​ក៏ជាឱកាស​ដែលបង្កឱ្យប្រជាពលរដ្ឋរស់នៅក្នុងក្តីសប្បាយរីករាយ ដោយមិនព្រួយបារម្ភពី​សង្គ្រាមឬ​អស្ថិរភាពសង្គមកើតមានឡើងជាយថាហេតុណាមួយនោះឡើយ។ ជាក់ស្តែង ក្នុងកំឡុងពេល​បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ, ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និង សំពះព្រះខែប្រជាពលរដ្ឋខ្មែរក្នុងឆ្នាំ២០២៤នេះ ទាំងក្មេង ចាស់ ប្រុសស្រី និងនៅគ្រប់ទិសទី បាននាំគ្នាចូលរួមកម្សាន្តសប្បាយយ៉ាងច្រើនកុះករពេញផ្ទៃប្រទេសដែលបង្កើតជា​ចលនាទេសចរ​កើនឡើង​លើសពីពេលណាៗទាំងអស់។ ហើយបើតាមក្រសួងទេសចរណ៍​ព្យាករថា ក្នុងឆ្នាំ ២០២៤ នេះ កម្ពុជាអាចទទួលបានភ្ញៀវទេសចរបរទេស​ប្រមាណជា ៦ លាននាក់ គឺនៅទាបជាងឆ្នាំ ២០១៩​ បន្តិច។ ក្រសួងរំពឹងថា ក្នុងឆ្នាំ ២០២៥ ខាងមុខ ភ្ញៀវទេសចរបរទេសនឹងឡើងដល់កម្រិតឆ្នាំ ២០១៩ ឡើងវិញ។ នេះគឺជាភស្តុតាងមិនអាចប្រកែកបានដែល​ជាផ្លែផ្កានៃសុខសន្តិភាពនៅកម្ពុជា។ ​

ទី២៖ការស្ទុះងើបឡើងវិញលឿនរហ័សនៃកំណើនសេដ្ឋកិច្ចកម្ពុជា៖ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាល​ទី៧ នៃរដ្ឋសភាដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សេដ្ឋកិច្ចកម្ពុជា​បានស្ទុះងើបឡើងវិញ​យ៉ាងលឿនក្រោយពីវិបត្តិកូវីដ-១៩។ តាមរបាយការណ៍របស់វិទ្យាស្ថាន​មួយនៃប្រទេសឥណ្ឌូនេស៊ី​បានបង្ហាញពីការព្យាករណ៍កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៤ ឈរនៅលំដាប់ទី១ ក្នុងអាស៊ាន និងឈរលំដាប់ទី៣ ក្នុងចំណោម ២០ ប្រទេសក្នុងតំបន់អាស៊ី​ដែលមានកំណើន​សេដ្ឋកិច្ចខ្ពស់ក្នុងឆ្នាំ ២០២៤ ជាមួយអត្រាកំណើន ៦.១%។ លទ្ធផលដ៏គួរឱ្យមោទនៈបែបនេះមិន​មែនកើតឡើង​ដោយចៃដន្យឡើយ ប៉ុន្តែគឺជាផ្លែផ្កានៃសុខសន្តិភាព និងកិច្ចខិតខំប្រឹងប្រែងដាក់ចេញគោលនយោ​​បាយ​ច្បាស់លាស់​ប្រកបដោយចក្ខុវិស័យវែងឆ្ងាយនិងត្រឹមត្រូវរបស់រាជរដ្ឋាភិបាល។

សូមរម្លឹកថា ​កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី គឺជាប្រទេស​ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងកម្រិត៧% រយៈពេលពីរទសវត្សរ៍ជាប់គ្នា។ កំណើនសេដ្ឋកិច្ចខ្ពស់និងថេរ​នេះហើយដែលធ្វើឱ្យកម្ពុជាស្គាល់ការអភិវឌ្ឍលឿនរហ័សដូចសព្វថ្ងៃដែលជាកំណត់ត្រា​ប្រវត្តិសាស្ត្រថ្មី មិនដែលធ្លាប់មានចាប់តាំងពីក្រោយសម័យអង្គរ។

បច្ចុប្បន្នសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលជាមេដឹកនាំបន្តវេន​ក៏បានធ្វើឱ្យមានកំណត់ត្រា​ថ្មីបន្តទៀតតាមរយៈការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យស្ទុះងើបឡើងវិញលឿនជាងគេក្នុងអាស៊ានក្រោយវិបត្តិកូវីដ-១៩។ លទ្ធផលនេះបានធ្វើឱ្យប្រជាពលរដ្ឋខ្មែរ​ក៏ដូចជា​បណ្តាប្រទេសក្នុងតំបន់សាទរ និង​ស្ញប់ស្ញែង​។ ស្ញប់ស្ញែង​នៅត្រង់ថាកម្ពុជាទើបតែមានឱកាសកសាងប្រទេស​ឡើងវិញពីភ្លើងសង្គ្រាមនិងពីរបបប្រ​ល័យ​ពូជសាសន៍រយៈពេលខ្លី គឺមានឱកាសរយៈពេល២៦ឆ្នាំចុងក្រោយបន្ទាប់ពីទទួលបានសុខសន្តិភាពពេញលេញ​ដោយនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ​កាលពីចុងឆ្នាំ១៩៩៨។ ប៉ុន្តែកម្ពុជាបាន​​រត់យ៉ាងលឿនមកឈរជាមួយគេឯងក្នុងតំបន់ និងពេលខ្លះធ្វើបានល្អលើសគេថែមទៀត។

ជាលទ្ធផលជាក់ស្ដែងក្នុងខែមករា ឆ្នាំ ២០២៤៖ នៅថ្ងៃទី៨ ខែមករា ឆ្នាំ ២០២៤ សម្តេច ធិបតី ហ៊ុន នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតី ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉» និងជួបសំណេះសំណាលជាមួយ «បងប្អូនកម្មករ និយោជិតចំនួន ១១ ០០០នាក់ ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង»។ ចំណែក ស្ពានបេតុងដែលសម្ពោធដាក់ឱ្យប្រើប្រាស់នេះ មានឈ្មោះថា «ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉»។ ស្ពាននេះជាសមិទ្ធផលថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋរស់នៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះ​កុង ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយ:អ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា និងភរិយា។ ស្ពាននេះមានប្រវែង១២០ម៉ែត្រ ទទឹង១១ម៉ែត្រ ចំណាយថវិកាសាងសង់ ១,៣៨៧,០០០ដុល្លារ។ ស្ពាននេះសាងសង់ឡើងដើម្បីសម្រួលចរាចរណ៍ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរបានធ្វើដំណើរ បន្ទាប់ពីស្ពានបេឡេ ដែលឆ្លងកាត់ព្រែកកោះយ៉មានសភាពចាស់ទ្រុឌទ្រោម។

នៅថ្ងៃទី៩ ខែមករា ឆ្នាំ​២០២៤​ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីបានអញ្ជើញ​ជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា២០២២-២០២៣ សរុប ១,៦៩១នាក់ រាប់ទាំងបេក្ខជនអប់រំបច្ចេកទេស ១៨នាក់ផងដែរ។ ជំនួបសំណេះសំណាលនេះ ធ្វើឡើងនៅមជ្ឈមណ្ឌល​ពាណិជ្ជកម្មជ្រោយចង្វារ (OCIC)។ ក្នុងឱកាសនោះ សម្តេចធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាល នៅតែបន្តនយោបាយរបស់សម្តេចតេជោ គឺយកចិត្តទុកដាក់ខ្ពស់លើការអប់រំ និងការបណ្តុះបណ្តាលធន​ធានមនុស្ស។

មកដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត បាន​អញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ បិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ ២០២៣ និងទិសដៅការងារឆ្នាំ ២០២៤ និងពិធីប្រកាសដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យ ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨។

ក្នុងឱកាសនោះសម្ដេច​ធិបតី នាយករដ្ឋមន្រ្ដី បានវាយតម្លៃថា «ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខ-សង្គម និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ ២០២៤-២០២៨» មានលក្ខណៈគ្រប់ជ្រុងជ្រោយ, មានការ-កំណត់សូចនាករគោលដៅច្បាស់លាស់ និងមានយន្តការសមស្របសម្រាប់តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ វឌ្ឍនភាព, សមិទ្ធផល និងប្រសិទ្ធភាព នៃការអនុវត្ត ជាពិសេស ការលើកកម្ពស់កិច្ចសហការ និងកិច្ចសហប្រតិបត្តិការ រវាងក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធ ស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ដែលទាមទារឱ្យមានការចូលរួមពីគ្រប់ ក្រសួង-ស្ថាប័ន, រដ្ឋបាលថ្នាក់ក្រោមជាតិ, ដៃគូអភិវឌ្ឍន៍, វិស័យឯកជន, សង្គមស៊ីវិល និងភាគីពាក់ព័ន្ធដទៃទៀត ដើម្បីអនុវត្តកិច្ចការនេះឱ្យសង្គតិភាព ប្រកបដោយជោគជ័យសំដៅរក្សាស្ថិរភាព និងភាពធន់ នៃទីផ្សារការងារ ទាំងក្នុងនិងក្រៅប្រទេស ជូនប្រជាពលរដ្ឋកម្ពុជា។

នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតី​ក្នុងពិធីសម្ពោធអគារសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូននិស្សិត​ជាង ៥ពាន់នាក់។ អគារសាកលវិទ្យាល័យជាតិគ្រប់គ្រងសាខាវាលស្បូងដែលសម្ពោធនេះ ជាអគារបម្រើដល់ការសិក្សា​ថ្នាក់មហាវិទ្យាល័យ សេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីផល។ អគារនេះសាងសង់លើដីទំហំ ៦ហិកតា។ ក្នុងឱកាសនោះ សម្តេចធិបតី នាយករដ្ឋមន្រ្ដី​ថ្លែងថា ការបញ្ចប់ឧត្តមសិក្សាជាសមិទ្ធផលធំ ដែលកើតចេញពីការប្រឹងប្រែង និងការកំណត់ទិសដៅច្បាស់លាស់របស់និស្សិតម្នាក់ៗ។

មកដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធបើកការដ្ឋានជាផ្លូវការស្ថាបនាស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា។ គម្រោងស្ថាបនាស្ពានចាក់អង្រែក្រោម-ព្រែកប្រា មានតម្លៃប្រមាណ ៦០ លានដុល្លារអាមេរិក ត្រូវប្រើរយៈពេលសាងសង់ ៤២ខែ ដោយប្រើឥណទានសម្បទានពីមិត្តចិន និងត្រូវស្ថាបនាមួយខ្សែ (ដូចស្ពាន​កោះ​នរា ឬស្ពានឫស្សីកែវ)ទទឹង ២៧ម៉ែត្រ, ៤គន្លងរថយន្ត ,២កន្លងម៉ូតូ និង២គន្លងថ្មើរជើង។ ក្នុងឱកាសនោះសម្ដេច​ធិបតី មាន​ប្រសាសន៍ថា ក្នុងរយៈពេល២៥ឆ្នាំមកនេះ ការរីកចម្រើនដែលបានពង្រួញដីដោយការតភ្ជាប់មិនមែនចៃដន្យទេ គឺដោយសារការដឹក​នាំរាជរដ្ឋាភិបាលអាណត្តិមុនៗ របស់សម្ដេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញជាក្របខណ្ឌនយោបាយជាក់លាក់ និងច្បាស់​លាស់ តាំងពីយុទ្ធសាស្ត្រត្រីកោណ យុទ្ធសាស្ត្រចតុកោណ ដោយថែរក្សាសន្តិភាពឱ្យបានជាមូលដ្ឋានសំ​ខាន់ណាស់សម្រាប់ធ្វើអ្វីមួយ។

មកដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីបិទ​សន្និ​បាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួង​ឧស្សា​ហកម្ម វិទ្យា​សាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។ ទន្ទឹមនឹងការបិទសន្និបាត ក្រសួង ក៏រៀបចំសម្ពោធដាក់​ឱ្យប្រើ​ប្រាស់​ជាផ្លូវការ «អគារ តេជោសែន» ផងដែរ។ ក្នុងឱកាសនោះសម្ដេច​ធីបតី មាន​ប្រសាសន៍ថា វិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវបានចាត់ទុកថាជាកម្លាំងចលក រមួយជំរុញដល់កំណើនសេដ្ឋកិច្ច និងបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការបង្កើតការងារ បង្កើតតម្លៃ​បន្ថែម បង្កើតប្រាក់ចំណូលជូនប្រជាជនកម្ពុជា។

មកដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២៤ សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញ​ជា​អធិប​តីប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខា​ភិបាលឆ្នាំ២០២៣ និង​ប្រកាសដាក់ឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៤។ សម្ដេច​ធិបតីបានថ្លែង​ថា ការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល គឺជាគំនិតផ្តួចផ្តើមរួមគ្នារបស់ក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ ក្នុងគោលបំណងបំផុសចលនាលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់​សេវាសា​ធារ​ណៈ តាមរយៈការផ្តល់​ការលើកទឹកចិត្តដោយមានការទទួលស្គាល់ពីរាជរដ្ឋាភិបាល ​និងការផ្តល់រង្វាន់​លើក​ទឹកចិត្តជាថវិកា។ ការកសាង និងពង្រីកភាពជាគំរូនេះ ចាប់ផ្តើមពីវិស័យអាទិភាពគន្លឹះចំនួនពីរ គឺអប់រំ និងសុខាភិបាល។

មកដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២៤ សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតី ពិធីបើកវេទិការដ្ឋាភិបាលឌីជីថល លើកទី១ ដែលរៀបចំឡើងដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ វេទិការដ្ឋាភិបាល ឌីជីថល និងពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ លើកទី១»។ ក្នុងឱកាសនោះសម្តេចធិបតី បានកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលធំៗ ក្នុងវិស័យឌីជីថល ដែលក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងលេខាធិការដ្ឋានអាស៊ានសម្រេចបាននាពេលកន្លងទៅ, ទាំងក្នុងក្របខ័ណ្ឌកម្ពុជា និងក្របខ័ណ្ឌអាស៊ាន។

នៅថ្ងៃទី១២ ខែមីនា ឆ្នាំ ២០២៤ សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចុះត្រួតពិនិត្យ និងសំណេះសំណាល ជាមួយក្រុមការងារ និងកម្មករបម្រើការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ក្នុងឱកាសនោះសម្តេចនាយករដ្ឋមន្ត្រីបានថ្លែងពីក្តីរំភើបរបស់សម្តេច ដែលបានឃើញផ្ទាល់នៅព្រលានយន្តហោះដ៏ធំជាងគេរបស់កម្ពុជា។ សម្តេចបានបញ្ជាក់ថា បន្ទាប់ពីចុះពីបានមកដល់ និងបានឃើញព្រលានយន្តហោះថ្មីនេះ សម្តេចរំភើបរហូតដល់ព្រឺរោម បើទោះបីសម្តេចធ្លាប់ដើរច្រើនប្រទេស និងឃើញព្រលានយន្តហោះប្រភេទនេះច្រើនក្តី ប៉ុន្តែអ្វីដែលរំភើបនោះ គឺមានមោទនភាពដែលខ្មែរមានព្រលានយន្តហោះជារបស់ខ្មែរ។

នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យតេជោសែនកោះធំ ស្ថិតនៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។ មន្ទីរពេទ្យ «តេជោសែនកោះធំ» គឺជាមន្ទីរពេទ្យដែលផ្តល់សេវាព្យាបាលកម្រិតខ្ពស់ និងបំពាក់សម្ភារៈ បរិក្ខារ និងឧបករណ៍ព្យាបាលទំនើបមួយ។ សម្ដេច​ធិបតីមានប្រសាសន៍ថា ដរាបណាប្រជាពលរដ្ឋនៅតែផ្ដល់ឱកាសគាំទ្រគណបក្សប្រជាជនកម្ពុជា គណបក្សនឹងខិតខំកសាងសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រជូនដល់ប្រជាពលរដ្ឋបន្តទៀត ដោយគ្មានការភូតកុហកនោះឡើយ។

នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីកម្ពុជា និង​លោក​ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីបើកពិធីបុណ្យទន្លេលើក​ទី៨នៅខេត្តសៀមរាប។ ពិធីបើកបុណ្យទន្លេរនាពេលនោះ ក៏មានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា សមាជិករដ្ឋ​សភា សមាជិករាជរដ្ឋាភិបាល គណៈកម្មការអន្តរក្រសួង ឯកអគ្គរាជ​ទូត​-រដ្ឋទូតមេគង្គ និងមេ​គង្គ​បូក១ គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការក្រសួងទេសចរណ៍ និងខេត្តសៀមរាប អង្គការជាតិ និងអន្តរជាតិ និងផ្នែកឯកជនសរុបប្រមាណ ២,០០០នាក់។

មកដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ ២០២៤ សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញ​សម្ពោធ​សមិទ្ធផលមជ្ឈមណ្ឌលជាតិ នៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា។ មជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែនមានផ្ទៃដីទំហំ ៥,០០០ ម៉ែត្រក្រឡា ស្ថិតនៅក្នុង​ភូមិត្រពាំង ស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

មកដល់​ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីភាពសម្ពោធឆ្លងព្រះបទុមចេតិយ និងសមិទ្ធផលនានានៅវត្ត​មណី​រតនារាម ស្ថិតក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ វត្តមណីរតនារាម ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ មានផ្ទៃដីទំហំប្រាំបីហិកតា។ ក្នុងឱកាសនោះសម្តេចធិបតីថ្លែងថា សមិទ្ធផលដែលបានកសាងឡើង និងលេចចេញជារូបរាងនៅក្នុងពិធីសម្ពោធឆ្លងព្រះបទុមចេតិយ និងសមិទ្ធផលនានានៅវត្តមណីរតនារាមនៅថ្ងៃនេះ គឺបានស្តែងឱ្យឃើញពីកម្លាំងសាមគ្គីភាព ដែលត្រូវការការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

មកដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុង​ពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ ស្ថិតភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ។ក្នុងឱកាសនោះសម្ដេចធិបតី មាន​ប្រសាសន៍ថា កសិដ្ឋានផលិតទឹកគោនៅកម្ពុជាបានចូលរួមចំណែកលើកកម្ពស់អាហាររូបត្ថម្ភ និងជួយកាត់បន្ថយការនាំចូលពីក្រៅប្រទេស។

មកដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជាបានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសហសិក្សា អគារស្នាក់នៅ និងអគារអាហារដ្ឋាននៅសាកលវិទ្យាល័យការពារជាតិ។ ទន្ទឹមនឹងការសម្ពោធដាក់ឱ្យប្រើប្រាស់អគារនានាហើយនោះក៏មានការបិទវគ្គបណ្តុះបណ្តាល និងហ្វឹកហ្វឺនឆ្នាំ២០២៣ និងបើកវគ្គសិក្សាសម្រាប់ឆ្នាំ២០២៤ផងដែរ។ ក្នុងឱកាសនោះសម្ដេច​ធិបតី មាន​ប្រសាសន៍ថានៅចំពោះមុខសភាពការណ៍ បញ្ហាប្រឈម និងកាលានុវត្តភាពនៃបរិបទទូទៅលើសាកលលោក ក្នុងតំបន់ ក៏ដូចជានៅក្នុងប្រទេស កងយោធពលខេមរភូមិន្ទ ត្រូវតែជាកម្លាំងមានឧត្តមគតិស្មោះត្រង់ដាច់ខាតចំពោះជាតិមាតុភូមិ ចំពោះរាជរដ្ឋាភិបាល និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារឯករាជ្យជាតិ អធិបតេយ្យ បូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ការពារសន្តិភាព រាល់សមិទ្ធផលសង្គមជាតិ សមិទ្ធផលនយោបាយឈ្នះ! ឈ្នះ!។

មកដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតីអញ្ជើញសម្ភោធអគាមណ្ឌលផ្តល់សេវាវះកាត់នៅមន្ឌីរពេទ្យបង្អែកខេត្តសៀមរាប។ ក្នុងឱកាសនោះ សម្តេធធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីឈានទៅសម្រេចបានគោលនយោបាយអទិភាពទី១ ក្នុងចំណោមគោលនយោបាយអទិភាពទាំង៦ របស់រាជរដ្ឋាភិបាល ពោលគឺការផ្តល់ការថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល រដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីចំនួន២គឺ៖ ១- ការពង្រីកការគ្រប់ដណ្តប់នូវកម្មវិធីមូលនិធិសមធម៌ដល់គ្រួសារងាយរងហានិភ័យ មានចំនួនជាង៤៥ម៉ឺនគ្រួសារ ស្មើនឹងសមាជិកសរុបជាង ១,៥លាននាក់ ដែលបានប្រកាសដាក់ឱ្យអនុវត្តកាលពីខែតុលា ឆ្នាំ២០២៣ និង ទី២-ការពង្រីករបបថែទាំសុខភាពនៃបេឡាសន្តិសុខសង្គម (ប.ស.ស) ដល់សមាជិកគ្រួសារនិងអ្នកនៅក្នុងបន្ទុក ប្រមាណជាង៣លាននាក់។

មកដល់នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានអញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិតបម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ក្នុងឱកាសនោះសម្ដេច​ធិបតី មាន​ប្រសាសន៍ថា វិស័យកំពង់ផែ គឺជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពនានា ដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់ជំរុញការអភិវឌ្ឍ ដោយត្រូវខិតខំបន្តបង្កើនថវិកាវិនិយោគ និងកៀរគរហិរញ្ញប្បទាន ព្រមទាំងពង្រឹងប្រសិទ្ធភាពនៃការប្រើប្រាស់ ដើម្បីបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកំពង់ផែឱ្យកាន់តែរីកចម្រើនថែមទៀត។

ដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ សម្តេចធិបតី នាយករដ្ឋមន្រ្ដីបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកសម្ពោធជាផ្លូវការរោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុនតូយ៉ូតា ដែលមានទុកវិនិយោគ ៣៧ លានដុល្លារ ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុបភ្នំពេញ។ ក្នុងឱកាសនោះ សម្ដេច​ធិបតីមាន​ប្រសាសន៍ថា   កម្ពុជា ធ្លាប់ជាប្រទេសដែលនាំចូលគ្រប់មុខតែបច្ចុប្បន្នកម្ពុជា អាចផលិតផលដោយខ្លួនឯងនូវសម្ភារៈ និងផលិតផលនានា ជាក់ស្តែងកម្ពុជាអាចផលិតរថយន្តដើម្បីផ្គត់ផ្គង់ទីផ្សារ បើទោះបីមិនមែនជាក្រុមហ៊ុនរបស់កូនខ្មែរ ក៏ដោយប៉ុន្តែជាក្រុមហ៊ុនបរទេសដែលផលិតផលក្នុងប្រទេសកម្ពុជា ប្រកប​ដោយគុណភាពខ្ពស់ និងមានតម្លៃសមរម្យជូនប្រជាពលរដ្ឋខ្មែរ។ ចំណុចនេះជាអ្វីដែលរាជរដ្ឋាភិបាលចង់បាន។

នៅរសៀល​ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត បានអញ្ជើញជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានប្រមាណ ៥,០០០ នាក់នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ជំនួបសម្តេចធិបតីនាយករដ្ឋមន្ត្រី ជាមួយអ្នកសារព័ត៌មាននាពេលនេះ ធ្វើឡើងដើម្បីអបអរសាទរទិវាសេរីភាពសារព័ត៌មានពិភពលោក។ ក្នុងឱកាសនោះសម្តេចធិបតីបានថ្លែងស្នើដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងតួនាទីជាអ្នកសារព័ត៌មានទោះបីជាមាន​អាជ្ញាប័ណ្ណ ឫមិនមាន គឺត្រូវមានឆន្ទៈចង់ផ្តល់ព័ត៌មានដែលពិតប្រាកដឱ្យអ្នកមើលឱ្យបានគ្រប់ជ្រុង​ជ្រោយ ប៉ុន្តែសុំដើរតួជាអ្នកព័ត៌មាន កុំដើរតួរធ្វើជាតុលាការ ធ្វើជាអ្នកកាត់ទោស។

មកដល់ថ្ងៃអង្គារ ទី៧ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ប្រព័ន្ធបញ្ជរតែមួយជាត»។ «ប្រព័ន្ធបញ្ជរតែមួយជាតិ» គឺជាសមិទ្ធិផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល ក្នុងកិច្ច​ប្រឹង​ប្រែង​​ធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច ជំរុញការធ្វើពាណិជ្ជកម្ម និងលើកកម្ពស់​កំណើន​សេដ្ឋកិច្ចនៅកម្ពុជា។ ក្នុងឱកាសនោះសម្ដេច​ធិបតី មាន​ប្រសាសន៍ថា ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបញ្ជរតែមួយជាតិ ឆ្លុះបញ្ចាំងឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងក្រោមស្មារតីបុរេសកម្ម និងទទួលខុសត្រូវខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យប្រសើរលើការធ្វើធុរកិច្ចនៅកម្ពុជា។

នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០២៤ សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា បាន​អញ្ជើញ​ជាអធិបតីប្រកាសបើកឱ្យដំណើរការជាផ្លូវការសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសាអាហារសាមគ្គី។ ក្នុងឱកាសនោះសម្ដេច​ធិបតី បានប្រកាសប្រឹងប្រែងជួយអ្នកវិនិយោគនៅកម្ពុជាឱ្យទទួលបានការរីកចម្រើន និងរក្សាបានឧត្តមភាពនៃការប្រកួតប្រជែង។

នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រីបានអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការផែនទីបង្ហាញ​ផ្លូវ​ឆ្ពោះទៅ​ការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥។ សម្ដេច​ធិបតីមាន​ប្រសាសន៍ថា ដើម្បីសម្រេចគោលដៅនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់រំលេច ការគ្របដណ្តប់សុខភាពជាសកល ជាធាតុ​ស្នូល​នៅក្នុងឯកសារយុទ្ធសាស្ត្រ និងគោលនយោបាយជាតិនានា ដូចជាយុទ្ធ​សាស្ត្រ​ចតុ​កោណដំណាក់កាលទី៤ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១, ផែនការ​យុទ្ធ​សាស្ត្រអភិវឌ្ឍន៍ជាតិ២០១៩-២០២៣, ផែនការយុទ្ធសាស្ត្រសុខាភិបាល ឆ្នាំ២០០៨-២០១៥ និង ២០១៦-២០២០, ក្របខណ្ឌគោលនយោបាយ​ជាតិគាំពារ​សង្គម ២០១៦-២០២៥ ជាដើម។

ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ២០២៤ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បាន​អញ្ជើញជាអធិបតីសម្ពោធឆ្លង​ធម្មចេតិយទី១ តម្កល់ព្រះត្រៃបិដកចម្លាក់ថ្មម៉ាប ១,១៧០ ផ្ទាំង ផ្លូវបេតុង៩ខ្សែនិងសមិទ្ធផលនានាក្នុងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ក្នុងខេត្តកំពង់ស្ពឺ។ ក្នុងឱកាសនោះសម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធប្រើប្រាស់មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ជាទីការអប់រំលើកកម្ពស់សីលធម៌សង្គម និងបដិបត្តិធុរពុទ្ធសាសនា។

នៅថ្ងៃទី៦ ខែមិថុនា ២០២៤ សម្តេចធិបតី នាយក​រដ្ឋ​មន្ត្រីកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កំពង់ផែពហុបំណងកំពត ដែលសាង​សង់រួចរាល់ដំណាក់កាលទី១ តម្លៃប្រមាណ ១៤០ លានដុល្លារអាមេរិក។ កំពង់ផែពហុបំណងកំពត មានទីតាំងស្ថិតនៅភូមិគីឡូ១២ សង្កាត់កោះតូច និង​សង្កាត់​បឹងទូក ក្រុងបូកគោ ខេត្តកំពត ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឱ្យ​បង្កើតឡើង​អំឡុង​ឆ្នាំ២០០៥ និងត្រូវបានក្រសួងសាធារណការ និងដឹកជញ្ជូនអនុញ្ញាតឱ្យអភិវឌ្ឍសាង​សង់ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែនៅអំឡុងឆ្នាំ២០១២ លើផ្ទៃដីទំហំសរុប ២០៧ហិកតា ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនកំពតផត។ ក្នុងឱកាសនោះសម្ដេច​ធិបតី មាន​ប្រសាសន៍ថា កម្ពុជាមានកំពង់ផែច្រើន តែកំពង់ផែកម្រិតស្តង់ដារអន្តរជាតិដំបូងមុនគេ គឺកំពង់ផែពហុបំណងកំពតនេះហើយ។

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ សម្ដេចធិបតី ធ្វើ អញ្ជើញជាអធិបតីក្នុងពិធី «បើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះចំណុចប្រសព្វមហាវិថី សម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល»។ ក្នុងឱកាសនោះសម្ដេចធិបតី មាន​ប្រសាសន៍ថា ស្ពានអាកាសភ្លោះនេះនឹងក្លាយជាស្ពានយុទ្ធសាស្រ្ដ ក្នុងការតភា្ជប់កម្ពុជាទៅកាន់អន្តរជាតិ។ ស្ពានអាកាសភ្លោះនេះសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយគ្រោងប្រើរយៈពេលសាងសង់ចំនួន១២ខែ និងត្រូវចំណាយថវិកាចំនួន ១៦,២០០,៥០០ ដុល្លារ ជាកញ្ចប់ថវិកាបានមកពីការបង្វែរកញ្ចប់ថវិកាពីគម្រោង​សាងសង់​ស្ពានអាកាស គង់ សំអុល និងមូលនិធិអភិវឌ្ឍកោះនរា។

នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ​បណ្តាញ​សាកលវិទ្យាល័យសាយប័រកម្ពុជា។ ក្នុងឱកាសនោះសម្ដេច​ធិបតីបានកោតសរសើរក្រសួងអប់រំ សាកលវិទ្យាល័យ និងនិស្សិតដែលបានប្រឹងប្រែងរួមគ្នាអភិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យា។ សម្តេចថ្លែងថា ការអប់រំត្រូវមានភាពបុរេសកម្ម និងមានចក្ខុវិស័យវែងឆ្ងាយ ខណៈគោលនយោបាយរបស់សម្តេចអាចទទួលបានជោគជ័យ អាស្រ័យលើសេនាធិការមានភាពរឹងមាំ ច្បាស់លាស់ និងប្រកបដោយបុរេសកម្ម។

មកដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីក្នុងពិធី «បញ្ចុះបឋមសិសា និងសម្ពោធសមិទ្ធផលអគារអនុវត្តមុខងារសេសសល់របស់អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា (អ.វ.ត.ក)»។ សម្ដេច​ធិបតី បានមាន​ប្រសាសន៍បញ្ជាក់ថា កម្ពុជាត្រូវបានគេចាត់ទុកថាជាប្រទេសមានសក្តានុពលជាងគេក្នុងតំបន់ទាក់ទងនឹងការកសាងសន្តិភាព។

នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងបរិវេណវត្តរាជបូណ៌ ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ ការសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម គ្រោងថវិកាចំណាយថវិកាជាង១លានដុល្លារអាមេរិក ដោយប្រើប្រាស់រយៈពេល២៤ខែ។

នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់​បើកវេទិកាស្ត្រីជាសហគ្រិន និងរង្វាន់សហគ្រិនអាស៊ានឆ្នាំ២០២៤។ ក្នុងឱកាសនោះសម្ដេច​ធិបតីមាន​ប្រសាសន៍ថា ស្ត្រីគឺជាបេះដូងនៃគ្រួសារ, ជាព្រលឹងនៃសហគមន៍ និងជាវិចារណ​ញ្ញាណនៃប្រជាជាតិ។

ថ្ងៃនៅទី២ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានអញ្ជើញសំណេះសំណាល និងពិសាភោជនាហារសាមគ្គីនៃមហាគ្រួសារសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា។ ក្នុងឱកាសនោះសម្ដេច​ធិបតី មាន​ប្រសាសន៍ថា ភារកិច្ចស្នូលរបស់ឧកញ៉ា គឺការចូលរួមក្នុងការងារសង្គម តាមរយៈការបង្កើននូវកម្មវិធីសកម្មភាពសេដ្ឋកិច្ច ដែលជាកត្តាសំខាន់សម្រាប់ប្រជាពលរដ្ឋតាមរយៈការបង្កើតការងារការបង្កើត​នូវឱកាសផ្សេងៗសម្រាប់ប្រជាពលរដ្ឋមានឱកាសច្បាមយកនូវសេដ្ឋកិច្ច បង្កើននូវជីវភាពរស់នៅរបស់ខ្លួន។

មកដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ» ដែលជាគម្រោងប្រវត្តិសាស្រ្ត សម្រាប់ផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។ គម្រោង «ព្រែកជីកហ្វូណនតេជោ» គឺជាគម្រោងមួយដ៏ធំមហិមា និងមានលក្ខណៈជាយុទ្ធសាស្រ្តពិសេស ដែលសាងសង់ឡើងក្នុងគោលដៅលើកកម្ពស់សកម្មភាពដឹកជញ្ជូនទំនិញ កសិផល និងភ្ញៀវទេសចរ គ្រប់គ្រងទឹកជំនន់ និង គរោះរាំងស្ងួត រួមទាំងពង្រឹងឯករាជ្យភាព អធិបតេយ្យភាព និងពង្រីកឧត្តមភាពនៃការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជាផ្ទាល់។

នៅទី៨ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី នាយករដ្ឋមន្រ្ដីបានអញ្ជើញ «សម្ពោធសាកលវិទ្យាល័យ De Montfort» នៅកោះពេជ្យ។ ក្នុងឱកាសនោះសម្តេចធិបតីបានថ្លែងថា ការវិនិយោគរបស់សាកលវិទ្យាល័យ De Montfort គឺជាការផ្តល់ផលប្រយោជន៍ទៅវិញទៅមកដែលមានលក្ខណៈយូរអង្វែងរវាងព្រះរាជាណាចក្រកម្ពុជា និងចក្រភពអង់គ្លេស។ សម្តេចធិបតី បានលើកទឹកចិត្តឱ្យសាកលវិទ្យាល័យ De Montfort ទាក់ទាញបណ្តាញធុរកិច្ចរបស់ចក្រភពអង់គ្លេសមកវិនិយោគនៅកម្ពុជា។

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២៤ សម្ដេច​ធិបតី នាយករដ្ឋមន្រ្ដី បានអញ្ជើញជាអធិបតី «ទទួលវត្ថុបុរាណខ្មែរ ដែលបានប្រគល់ជូនព្រះរាជាណាចក្រកម្ពុជាវិញ»។ ក្នុងឱកាសនោះសម្ដេច​ធិបតីថ្លែង​ថា វត្ថុបុរាណដែលយើងទទួលបានមកវិញ ជាមរតកវប្បធម៌ជាតិដ៏មានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ប្រជា​ជនកម្ពុជា។ សម្ដេចបានបន្តថា ប្រសិនបើគ្មានសន្តិភាព រាជរដ្ឋាភិបាលកម្ពុជាក៏ពុំមានឱកាសបានគិតគូរប្រមូលផ្ដុំធនធាន ដើម្បីប្រយុទ្ធនិងទាមទារនូវបេតិ​​ក​ភណ្ឌទាំងនេះត្រឡប់មកវិញឡើយ។

នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី អញ្ជើញសម្ពោធចំណតផែកុងតឺន័រ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ តម្លៃជិត ៤០ លានដុល្លារ។ ក្នុងឱកាសនោះ សម្ដេច​ធិបតី នាយករដ្ឋមន្រ្ដីមាន​ប្រសាសន៍ថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាកំពង់ផែទឹកជ្រៅតែមួយគត់របស់កម្ពុជា ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់អភិវឌ្ឍប្រទេសជាតិ តាមរយៈផលចំណូលអាជីវកម្មទទួលបានពីកំណើនបរិមាណទំនិញ និងកុងតឺន័រឆ្លងកាត់ជារៀងរាល់ថ្ងៃ។

ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចធិបតី បានអញ្ជើញជាអធិបតី​ក្នុងពិធីបញ្ចុះបឋមសិលា​បើកការ​ដ្ឋានសាងសង់អគារបន្ថែមចំនួន ៣ នៅមន្ទីរពេទ្យកាល់ម៉ែត រួមមាន អគារមជ្ឈមណ្ឌលកណ្តាល អគារចំណត និងរោងជាង និងអគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង។ ក្នុងឱកាសនោះសម្ដេច​ធិបតី បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធ សហគមន៍ រដ្ឋបាលរាជធានីខេត្តទាំងអស់ឱ្យយកចិត្តទុកដាក់លើសុខភាពប្រជាពលរដ្ឋឲ្យបានខ្ពស់ ពិសេសការការពារជំងឺទឹកនោមផ្អែម។

មកដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២៤ សម្តេចធិបតី នាយករដ្ឋមន្រ្ដី បាន​អញ្ជើញជាអធិបតីភាព ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍ ៣០ ឆ្នាំ នៃថ្ងៃបង្កើតកងពលតូចលេខ៧០ (១៥ តុលា ១៩៩៤-១៥ តុលា ២០២៤) នៅទីបញ្ជាការកងពលតូចលេខ៧០។ ក្នុងឱកាសនោះសម្ដេចធិបតី បានវាយតម្លៃ​ខ្ពស់ចំពោះវឌ្ឍនភាព និងការរីកចម្រើនរបស់កងពលតូចលេខ៧០ ដែលសម្រេចបាននូវស្នាដៃ និងសមិទ្ធផលធំៗជាច្រើន។ សម្ដេច​ធិបតីបានកោតសរសើរចំពោះនាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងកងពលតូចលេខ៧០ ដែលតែងតែធ្វើពលិកម្មយ៉ាងធំធេង និងខិតខំពុះពារជម្នះគ្រប់ឧបសគ្គ ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ, ថែរក្សាសុខសន្តិភាព, ស្ថិរភាព និងសណ្ដាប់ធ្នាប់សង្គម។

មកដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ សម្តេចធិបតី នាយករដ្ឋមន្រ្តី បានអញ្ជើញ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការគម្រោងអភិវឌ្ឍន៍ ទំនប់អូរតេធិបតី ទំនប់សែនសុខដុម និងទំនប់សែនមនោរម្យ ក្នុងខេត្តមណ្ឌលគិរី ដែលបានអនុវត្តន៍ដោយក្រសួងធនធានទឹក និងឧតុនិយម សម្រាប់បម្រើឱ្យពហុវិស័យនៅក្នុងខេត្តមណ្ឌលគិរី ជាពិសេស ធានាដល់ការគ្រប់គ្រងទឹក និងការផលិតទឹកស្អាត ព្រមទាំងការងារស្រោចស្រពក្នុងវិស័យកសិកម្ម។ គម្រោងនេះប្រើពេលសាងសង់រយៈពេល៣ឆ្នាំ និងបានចំណាយថវិកា​សាងសង់សរុបប្រមាណ ៦២ លានដុល្លារអាមេរិក។ ក្នុងឱកាសនោះសម្ដេច​ធិបតីថ្លែង​ថា សន្តិភាព​ប្រៀបបានទៅនឹងដើមឈើហូបផ្លែ ហើយផ្លែផ្កានៃសន្តិភាព គឺជាសមិទ្ធផលនៃការអភិវឌ្ឍដែលយើងគ្រប់ៗគ្នាកំពុងទទួលបាន។

នៅថ្ងៃទី២៦ ខែតុលានេះ ឆ្នាំ២០២៤នេះដែរ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធសមិទ្ធផលនានា នៃគម្រោងជំនួយប្រទេសចិន កែលម្អបរិស្ថាន សាលារៀន និងការផ្គត់ផ្គង់សម្ភារៈ បរិក្ខារអប់រំនៅកម្ពុជា នៅវិទ្យាល័យ ហ៊ុនសែន ពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម។ សម្ដេច​ធិបតីបានថ្លែងអំណរគុណ និងកោតសរសើរដ៏ស្មោះ​ចំពោះទឹកចិត្តដ៏សប្បុរសរបស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន និងប្រជាជនចិនដែលតែងតែគាំទ្រផ្តល់កិច្ចសហប្រតិបត្តិការ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍធនធា​ន​មនុស្សនៅកម្ពុជា រាប់បញ្ចូលទាំង ការ​ផ្តល់អាហារូបករណ៍ដល់និស្សិត ការកសាងហេដ្ឋារចនាសម្ព័ន្ធសាលារៀន ការផ្គត់ផ្គង់សម្ភារៈបរិក្ខារអប់រំ ការអភិវឌ្ឍកម្មវិធីអប់រំភាសាចិន និងការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ និងកសាង​ធនធានមនុស្សនៅកម្ពុជា។

មកដល់ថ្ងៃទី១១ វិច្ឆកា ឆ្នាំ ២០២៤ សម្តេចធិបតី នាយករដ្ឋមន្រ្ដីបានអញ្ជើញសម្ពោធ និងប្រសិទ្ធិនាម «វិថីតេជោសន្តិភាពឆ្នេរអង្កោល» ស្ថិតនៅ ភូមិកែប និងភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។ «វិថីតេជោសន្តិភាពឆ្នេរអង្កោល» មានប្រវែងសរុប ១២,៦៤៥ ម៉ែត្រ ជាសមិទ្ធផលថ្មីបន្ថែមទៀត លើទឹកដីខេត្តកែបដែលមានតម្លៃជាង ១០ លានដុល្លារ វិថីនេះ គឺជាអនុគម្រោងនៃគម្រោងហេដ្ឋារចនា​សម្ព័ន្ធទេស​ចរណ៍សម្រាប់កំណើនប្រកបដោយបរិយាប័ន្ន ក្នុងមហាអនុតំបន់មេគង្គជំហានទី២ ដែលគ្រប់គ្រងដោយ​ក្រសួងទេសចរណ៍។

នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីសម្ពោធសមិទ្ធផលនានានៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ស្ថិតក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ សម្តេចធិបតីបានថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានជឿទុកចិត្ត និងបោះឆ្នោតគាំទ្រដល់គណបក្សប្រជាជនកម្ពុជានាពេលកន្លងមកយ៉ាងច្រើនលើសលប់។

មកដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០២៤ សម្តេចធិបតី នាយករដ្ឋមន្ត្រីបានអញ្ជើញចូលរួមរត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្តលើកទី២៩នៅរមណីយដ្ឋានអង្គរ។ ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត លើកទី២៩ មានអ្នកចូល​រួម​សរុបប្រមាណ ១៤,៣៧០ នាក់ ចំនួននេះកើនជាង៣០ភាគរយ បើធៀបជាមួយ​នឹងព្រឹត្តិការណ៍ឆ្នាំ២០២៣។ បើធៀបជាមួយឆ្នាំ១៩៩៦ ដែលជាឆ្នាំចាប់ផ្តើមនៃ​ព្រឹត្តិការណ៍​នេះគឺខុសគ្នារហូតដល់ទៅ២៨ដង។ ក្នុងឱកាសនោះសម្ដេចធិបតីបានមាន​​ប្រសាសន៍ថា ព្រឹត្តិការណ៍អង្គរវត្តពាក់កណ្ដាលម៉ារ៉ាតុង​អន្តរជាតិ មិនត្រឹមតែបានចូលរួមចំណែកដល់សកម្មភាពមនុស្សធម៌ នៅមន្ទីរពេទ្យកុមារអង្គរ និងជួយជនរងគ្រោះដោយសារគ្រាប់មីនប៉ុណ្ណោះទេ ប៉ុន្តែ​ក៏បានបង្ហាញពីស្ថានភាពជាក់ស្ដែងរបស់កម្ពុជា ដែលជាប្រទេសមួយមានសុខសន្ដិភាព ស្ថិរភាព​ សុវត្ថិ​ភាព​ពេញបរិបូរណ៍។

មកដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ សម្ដេច​ធិបតី នាយករដ្ឋមន្រ្ដី​បាន​ញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នៅទីតាំងទី៣ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ស្ថិតនៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្នុងឱកាសនោះសម្តេចធិបតីមានប្រសាសន៍ថា គោលដៅរបស់រាជរដ្ឋាភិបាល​គ្រប់អាណត្តិ ចាប់ពីថ្ងៃរំដោះ ៧ មករា ១៩៧៩ រហូតបច្ចុប្បន្ន គឺបង្កើតទ្រព្យសកម្ម ជាជាងបន្ទុក។

មកដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ សម្តេចធិបតី អញ្ជើញបើក «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា» ដែលជាពិព័រណ៍ពាណិជ្ជកម្ម​កម្រិតអន្តរជាតិ ក្រោមមូលបទ៖ «យុគសម័យថ្មីនៃពាណិជ្ជកម្ម» ។ ក្នុងឱកាសនោះសម្ដេ​ចធិបតីបានថ្លែង កោតសរសើរក្រសួងពាណិជ្ជកម្ម ដែលបានអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្មនៅកម្ពុជា និងជំរុញពាណិជ្ជកម្មអន្ដរជាតិ។

នៅល្ងាច ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះដែរ សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានអញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍បុណ្យសមុទ្រ លើកទី១១ ឆ្នាំ២០២៤ នៅខេត្តកំពត ក្រោមប្រធានបទ «អបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ»ដោយមានភ្ញៀវទេសចរជាតិ អន្តរជាតិចូលរួមយ៉ាច្រើនកុះករ។ ក្នុងឱកាសនោះសម្ដេច​ធិបតីមាន​ប្រសាសន៍ថា ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ វិស័យទេសចរណ៍កម្ពុជាបានរីកលូតលាស់គួរជាទីមោទនៈ ហើយបានចូលរួមចំណែកកាន់តែច្រើនក្នុង ផលិត​ផលក្នុងស្រុកសរុប (ផសស) របស់ជាតិ។

មកដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២៤ សម្ដេច​ធិបតី នាយករដ្ឋមន្រ្ដីបាន​អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យដំណើរការ «ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ»។ សម្ដេច​ធិបតីមាន​ប្រសាសន៍ថា ការបង្កើតថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការគាំទ្រ ការជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងប្រកបមុខរបរ ធ្វើការងារ និងមានអាជីវកម្មនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងបង្កើតឱកាសឱ្យបងប្អូនអាចអភិវឌ្ឍអាជីវកម្ម និងពង្រីកមុខរបរជាពិសេសធ្វើឱ្យកម្រិតជីវភាព និងសុខុមាលភាពរបស់បងប្អូនកាន់តែល្អប្រសើរមួយកម្រិតទៀត។

មកដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០២៤ សម្តេចធិបតី អញ្ជើញជាអធិបតី «បើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ក្រុងរណប នៅក្រុងអារិយក្សត្រ ខេត្តកណ្តាល»។ ក្នុងឱកាសនោះសម្ដេចធិបតីថ្លែងថា គម្រោងអភិវឌ្ឍន៍ក្រុងរណបអារិយក្សត្រ មានសាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព ដែលជាហេដ្ឋារចនាសម្ព័ន្ធ និងសេវាសំខាន់ៗសម្រាប់ប្រជាពលរដ្ឋ ដែលចាំបាច់ត្រូវតែមាន ជាពិសេស លំនៅដ្ឋាន រួមទាំងផ្ទះដែលមានតម្លៃសមរម្យសម្រាប់ប្រជាពលរដ្ឋ។

មកដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២៤ សម្តេចធិបតី អញ្ជើញជាអធិបតី ប្រកាសបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លី នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ សម្ដេចបានថ្លែង​ថា ថ្ងៃនេះជាថ្ងៃប្រវត្តិសាស្ត្រក្នុងរយៈពេល៥០០ឆ្នាំ ដែល​កម្ពុជា​​មានការឯកភាពជាតិ,​ មានរាជរដ្ឋាភិបាលតែ​មួយ និងសន្តិ​ភាពពេញផ្ទៃប្រទេស ដែលបង្កលក្ខណៈ​អាចវាស់វែងដីទាំងអស់នៅទូទាំង​ប្រទេស, ចុះបញ្ជីស្តង់ដាតែមួយ ហើយទទួលបានកម្មសិទ្ធិ​ពេញ​លេញ។

​មកដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២៤នេះ សម្ដេច​ធិបតី នាយករដ្ឋមន្រ្ដី បាន​អញ្ជើញជួបសំ​ណេះសំណាលជាមួយសិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣។ ក្នុងឱកាសនោះសម្ដេច​ធិបតីបានមានប្រសាន៍បញ្ជាក់ថា ឪពុកម្តាយគ្រប់រូប តែងតែលើកឡើងថា «ឪពុកម្តាយមិនមានទ្រព្យអ្វីល្អទុកជូនកូនក្រៅតែពីទ្រព្យនៃចំណេះដឹងនោះទេ ព្រោះចំណេះដឹង គឺជាទ្រព្យចាយមិនចេះអស់ កាន់តែចាយ កាន់តែចម្រើន ហើយ​ត្រូវ​ប្រកាន់​ខ្ជាប់ “ទស្សនវិជ្ជមានសម្រាប់ខ្លួន, ទស្សនវិជ្ជមានសម្រាប់ជាតិ និងទស្សនវិជ្ជមាន​សម្រាប់​យើង​ទាំងអស់គ្នា»។

សូមជម្រាបថា រយៈពេលជាង១ឆ្នាំនៃអាណត្តទី៧នេះ រាជរដ្ឋាភិបាល​បាន​អនុវត្ត​ការងារ​សម្រេច​បាន​សមិទ្ធផលគួរជាទីមោទនៈ ក្នុង​នោះក៏បានរៀបចំព្រឹត្តិការណ៍ និងដឹកនាំកិច្ច​ប្រជុំធំៗ​ជា​លក្ខណ​អន្តរជាតិប្រកបដោយជោគជ័យ។ ជាពិសេស​នៅក្នុងខែវិច្ឆិកា និង​ខែដើមខែធ្នូឆ្នាំ២០២៤ កម្ពុជាបានសម្រេចព្រឹត្តិការណ៍ជាច្រើន ក្នុងនោះរួមាន កម្ពុជា​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះរៀបចំ និងធ្វើជាប្រធានដឹកនាំកិច្ចប្រជុំជាលក្ខណអន្តរជាតិចំនួន៤លើក ទទួល​បាន​ជោគ​ជ័យ​ជូន​ជាតិ។

ទី១ គឺបានដឹក​នាំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ នៃអង្គការអ្នកប្រជាធិបតេយ្យ​និយម​កណ្ដាល​ថ្នាក់​ជាតិ,​ ទី២ កិច្ចប្រជុំ (ICAAP) លើកទី១២, ទី៣ កិច្ចប្រជុំអន្តរសភា​សម្រាប់​ការ​អត់​ឲ្យ​និង​សន្តិភាព​លើក​ទី១១, ទី៤ កិច្ចប្រជុំកំពូលសៀមរាបអង្គរ ស្ដីពីពិភពលោកគ្មាន​មីន​ព្រឹត្តិការណ៍​ទាំង​នេះ​ផ្ដោត​លើសន្តិសុខការផ្សះផ្សារជាតិ ការអត់ឱន ដែលសុទ្ធសឹងជា​គោលការណ៍​គ្រឹះ​គោល​នយោបាយ​ឈ្នះឈ្នះដែ​លជាបទពិសោន៍ចែករំលែកដល់ពិភពលោក ជាពិសេសប្រទេសដែល​កំពុង​ជួប​ប្រទះនូវបញ្ហានេះ។ ក្រៅពីនេះទិវារត់ម៉ារ៉ាតុងអន្តរជាតិ​ពាក់​កណ្តាល​ផ្ដាច់​ព្រ័ត្រ​២០២៤​ នៅទឹកដីខេត្តសៀមរាបអង្គរ មានភ្ញៀវជាតិ និងបរទេសចូលរួមរត់ម៉ារ៉ាតុង ១៤០០០ នាក់​មកពី ៨៧ ប្រទេស ជាឯកទណ្ឌកម្មថ្មីមួយសម្រាប់កម្ពុជាក្នុងឆ្នាំ២០២៤នេះ និង​ជា​ព្រឹត្តិការណ៍​បង្ហាញ​ពីសុវត្ថិភាពសន្តិសុខសន្តិភាពនៅកម្ពុជា។ ជាមួយគ្នានេះនៅថ្ងៃទី៤ ខែធ្នូនេះ ​កម្ពុជា​ក៏​មាន​មោទនភាពចំពោះ «ក្រមាខ្មែរ» ត្រូវបានចុះបញ្ជី​តំណាង​បេតិកភណ្ឌ​វប្បធម៌​អរូបី នៃ​មនុស្ស​ជាតិ អង្គការយូណេស្កូផងដែរ។

សរុបមករាជរដ្ឋាភិបាល​បន្តវេននីតិកាលទី៧នៃរដ្ឋសភា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បាន​បង្ហាញសមត្ថភាពពេញលេញ​ក្នុងការ​ដឹកនាំប្រទេសតាមគន្លងបន្ទាត់គៅលនយោបាយ​ដែលដាក់ចេញដោយគណបក្សប្រជាជនកម្ពុជាដោយឥតងាករេ និងដោយរក្សាបាននូវប្រក្រតីភាពនិងនិរន្តរភាពនៃសមិទ្ធផលធំទាំងអស់​ដែលសាងឡើងដោយរាមច្បងជំនាន់មុន​។ មិនត្រឹមតែថែរក្សា ការពារបាននូវសមិទ្ធផលចាស់ ប៉ុន្តែរាជរដ្ឋាភិបាលបន្តវេនក៏បានខិតខំបង្កើតស្នាដៃថ្មីៗបន្ថែមទៀតជូនជាតិ និងប្រជាជន។ ជាពិសេសគោលនយោបាយគាំពារប្រជាពលរដ្ឋក្រីក្រ ក្នុងគ្រប់ដំណាក់កាលចាប់ពីថ្ងៃចាប់កំណើតក្នុងផ្ទៃរហូតដល់វ័យចាស់ជរាពោលគឺជាការគាំពារពេញមួយជីវិតតែម្តង។ សមត្ថភាព និងភាពម៉ត់ចត់ល្អិតល្អន់​នេះហើយដែលបានទាក់ទាញការគាំទ្រយ៉ាងពេញលេញ​ពីប្រជាពលរដ្ឋ​៕ អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia