ព័ត៌មាន
អបអរសាទរពិធីការពារសារណាបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រគិលានុបដ្ឋាក ជំនាន់ទី១០ ចំនួន ១៣ក្រុម និងបរិញ្ញាបត្រ ឆ្មប ជំនាន់ទី៧ ចំនួន ០៩ក្រុម
ភ្នំពេញ ៖ នៅសាកលវិទ្យាល័យចេនឡា បានរៀបចំពិធីការពារសារណាបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រគិលានុបដ្ឋាក ជំនាន់ទី១០ ចំនួន ១៣ក្រុម និងបរិញ្ញាបត្រឆ្មប ជំនាន់ទី៧ ចំនួន០៩ក្រុម ដែលកម្មវិធីនេះបានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយក្នុងមួយថ្ងៃបែងចែកជា២វគ្គ៖ វគ្គទី១ នៅពេលព្រឹក ចំនួន ៦ក្រុម និងវគ្គទី២ នៅពេលរសៀល ចំនួន ៥ក្រុម ជាមួយនឹងប្រធានបទសារណាទាក់ទងនឹងជំងឺរាក ជំងឺស្រឡទែន ជំងឺស្លេកស្លាំង ជំងឺដំបៅសម្ពាធ ជំងឺខាន់លឿង ជំងឺរលាកត្រចៀកកណ្ដាល ជំងឺឆ្កែឆ្កួត គុណភាពនៃសេវាថែទាំនៅមន្ទីរពេទ្យ ការថែទាំការបាក់បែកឆ្អឹង ការបរិច្ចាគឈាម ការធ្វើអនាម័យដៃ ការថែទាំមុខរបួសក្រោយការវះកាត់ ការថែទាំអ្នកជំងឺក្រោយវះកាត់ស្តាមុខងារ វិធីសាស្រ្តពន្យារកំណើត ការប្រឹក្សាពីការត្រៀមយកគភ៌ ការប្រើប្រាស់ថ្នាំជាតិដែក ការសម្រាលកូនតាមបែបធម្មជាតិ ការសម្រាលកូនតាមបែបវះកាត់ ការសម្រាលកូនមិនគ្រប់ខែ ការធ្លាក់សក្នុងវ័យបន្តពូជ ការថែទាំស្បែកទារក និងការថែទាំផ្ចិតទារក។
រយៈពេល ៧ឆ្នាំកន្លងមកនេះ ថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យចេនឡា បានបង្កើនការយកចិត្តទុកដាក់ខ្ពស់បំផុតលើការជំរុញឱ្យ និស្សិតទាំងអស់យល់ពីសារៈសំខាន់នៃការស្រាវជ្រាវ ដើម្បីជួយឱ្យប្អូនៗនិស្សិតពង្រីកនូវចំណេះដឹងឱ្យកាន់តែទូលំទូលាយ និងមានភាពសម្បូរបែបប្រកបដោយលក្ខណៈវិទ្យាសាស្ត្រស្របតាមការរីកចម្រើននាពេលបច្ចុប្បន្ន និងពេលអនាគត។ ហេតុនេះ ហើយ ទើបគ្រប់និស្សិតកម្រិតបរិញ្ញាបត្រទាំងអស់នៃមហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ក្រោយពីបានបញ្ចប់ការសិក្សាទាំងផ្នែកទ្រឹស្តី ការអនុវត្តន៍ និងការចុះកម្មសិក្សាគ្លីនិក នៅតាមមន្ទីរពេទ្យគ្រប់កម្រិតទាំងអស់ទូទាំងរាជធានី-ខេត្ត ស្របតាមកម្មវិធីសិក្សាជាតិរបស់ក្រសួងសុខាភិបាល មុនឈានទៅប្រឡងបញ្ចប់ការសិក្សាផ្ទៃក្នុងក្រោមការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ពីគណៈកម្មការប្រឡងនៃនាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្សរបស់ក្រសួងសុខាភិបាល ក៏ដូចជាការប្រឡងចេញថ្នាក់ជាតិ គឺនិស្សិតទាំងអស់ត្រូវរៀបចំសរសេរ និងឡើងការពារសារណាឱ្យទទួលបានជោគជ័យដោយគោរពតាមគោលការណ៍របស់គណៈកម្មការ សារណានៃសាកលវិទ្យាល័យចេនឡា ក៏ដូចជាក្រសួងសុខាភិបាល។
ឆ្លៀតក្នុងឱកាសនេះ លោកស្រី ហែន ដាលីណែត សាកលវិទ្យាធិការរង តំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិត អ៊ី លីម៉ា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យចេនឡា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក លោកស្រីសាស្ត្រាចារ្យ ដឹកនាំ និងជំនួយការសាស្ត្រាចារ្យដឹកនាំសារណា ដែលបានលះបង់ពេលវេលាដ៏មានតម្លៃយ៉ាងច្រើនក្នុងការជួយជ្រោមជ្រែង ប្អូនៗនិស្សិតប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ចាប់តាំងពីការជ្រើសរើសប្រធានបទសារណា ការកំណត់គោលបំណងនៃការសិក្សា ការជ្រើសរើសប្រភេទនៃការសិក្សា ការបង្កើតកម្រងសំនួរ ការតេស្តសាកល្បងនៃកម្រងសំនួរ ការចុះប្រមូលទិន្នន័យ ការសំអាតទិន្នន័យ ការបញ្ចូលទិន្នន័យ ការវិភាគទិន្នន័យ ការបកស្រាយទិន្នន័យ ការពិភាក្សាលើលទ្ធផលសារណា រហូតមកដល់ការផ្តល់អនុសាសន៍នៃសារណា និងឡើងការពារសារណានាពេលនេះ ក្រោមការអញ្ជើញចូលរួមពិនិត្យតាមដានយ៉ាងយកចិត្តទុកដាក់ពីសំណាក់ លោក លោកស្រីសាស្ត្រាចារ្យមហាបរិញ្ញា សាស្ត្រាចារ្យ សាស្ត្រាចារ្យរង សាស្ត្រាចារ្យជំនួយ បណ្ឌិតឱសថសាស្ត្រ វេជ្ជបណ្ឌិតឯកទេស អនុបណ្ឌិតសុខភាពសាធារណៈ និងអនុបណ្ឌិតវិទ្យាសាស្ត្រថែទាំសុខភាព ដែលបាន អញ្ជើញចូលរួមធ្វើជាគណៈកម្មការវាយតម្លៃសារណា ជាមួយការទទួលបាននូវលទ្ធផលជារួមគឺល្អប្រសើរទាំង ២២ក្រុម។
ជាចុងក្រោយ លោកស្រីសាកលវិទ្យាធិការរង សូមសម្តែងនូវការកោតសរសើរចំពោះប្អូនៗនិស្សិតគ្រប់ក្រុមទាំងអស់ ដែលបានរួមសាមគ្គីគ្នាក្នុងការខិតខំធ្វើការស្រាវជ្រាវយកមកចងក្រងជាសារណា និងឡើងការពារសារណាប្រកបដោយលទ្ធផលផ្លែផ្កាយ៉ាងត្រចះត្រចង់នាឱកាសនេះ។ ជាពិសេស សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់លោក លោកស្រីសាស្ត្រាចារ្យដឹកនាំ និងជំនួយការសាស្ត្រាចារ្យដឹកនាំសារណា ព្រមទាំងលោក លោកស្រីសាស្ត្រាចារ្យទាំងអស់ ដែលបានអញ្ជើញចូលរួម ធ្វើជាគណៈកម្មការវាយតម្លៃសារណារយៈពេលពីរថ្ងៃនេះ ដែលបានធ្វើឱ្យដំណើរការនៃពិធីការពារសារណានេះទទួលបានលទ្ធផលជាទីគាប់ប្រសើរ និងសូមគោរពជូនពរឱ្យជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ពេលវេលា និងជួបតែពុទ្ធពរទាំងបួន ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
អត្ថបទ រដ្ឋា















-
PR NEWS2 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន1 week agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ