ព័ត៌មាន
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុញ្ញាតឱ្យក្រុមនិស្សិតជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាលប្រទេសនូវ៉ែលហ្សេឡង់ឆ្នាំសិក្សា២០២៥ ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍
នាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យក្រុមនិស្សិតកម្ពុជា ចំនួន ៣៧រូប ដែលទទួលបានជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលនូវ៉ែលហ្សេឡង់ (Manaaki New Zealand Scholarships-MNZS) ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ណែនាំ ពាក់ព័ន្ធនឹងការសិក្សា និងដើម្បីជាទុនសម្រាប់ពង្រឹងសមត្ថភាពធនធានមនុស្សរបស់ប្រទេសជាតិនាពេលអនាគត ប្រកបដោយគុណតម្លៃ និងប្រសិទ្ធភាពខ្ពស់។
លោក ជា ទិត្យចំណារ តំណាងក្រុមនិស្សិតអាហារូបករណ៍នូវ៉ែលសេឡង់ សម្រាប់ឆ្នាំសិក្សា២០២៥ បានជម្រាបជូនថា កម្មវីធីអាហារូបករណ៍រដ្ឋា ភិបាលនូវ៉ែលសេឡង់ ឬហៅជាភាសាអង់គ្លេសថា Manaaki New Zealand Scholarships គឺជាអាហារូបករណ៍អន្តរជាតិមួយដែលមាន កិត្តិនាម និងជាផ្នែកមួយនៃជំនួយអភិវឌ្ឍន៍របស់រដ្ឋាភិបាលនូវ៉ែលសេឡង់ ផ្តល់ជូនអាហារូបករណ៍ថ្នាក់ឧត្តមសិក្សា ជូនប្រទេសកម្ពុជា ក្នុងគោលបំណងចូលរួមចំណែកអភិវឌ្ឍមូល ធនមនុស្ស និងសង្គមសេដ្ឋកិច្ចរយៈពេលវែង។ កម្មវិធីនេះផ្តល់ឱកាសដល់យុវជនកម្ពុជាដែលមានសក្តានុពល និងជាអ្នកបន្ត វេនជំនាន់ក្រោយ ក្នុងការពង្រឹងចំណេះដឹង និងវិជ្ជាជីវៈរបស់ខ្លួន តាមរយៈការបន្តការសិក្សា ថ្នាក់ក្រោយឧត្តមសិក្សាលើមុខជំនាញដែលបម្រើដល់តម្រូវការអភិវឌ្ឍរបស់កម្ពុជានាពេលបច្ចុប្បន្ន និងអនាគត។ តំណាងក្រុមនិស្សិតអាហា រូបករណ៍នូវ៉ែលសេឡង់ សម្រាប់ឆ្នាំសិក្សា២០២៥ បានជម្រាបជូនបន្តថា សម្រាប់ឆ្នាំសិក្សា២០២៥ និស្សិតកម្ពុជាសរុបចំនួន ៣៧ រូប នឹងចាប់ផ្តើមវគ្គសិក្សាក្នុងឆមាសទី១ ឆ្នាំ២០២៥ ដែលនឹងចេញដំណើរចុងខែមករា និងពាក់កណ្តាលឆ្នាំ២០២៥។
និស្សិតអាហារូបករណ៍រដ្ឋាភិបាលនូវ៉ែលសេឡង់យើងខ្ញុំ នឹងសិក្សាថ្នាក់អនុបណ្ឌិតលើមុខជំនាញសំខាន់ៗដែលនឹងបម្រើដល់តម្រូវការអភិវឌ្ឍន៍ប្រទេសកម្ពុជាមានដូចជា៖ សេដ្ឋកិច្ច កសិកម្ម ការគ្រប់គ្រងគ្រោះមហន្តរាយ សុវត្ថិភាពចំណីអាហារ ការបង្រៀនភាសាអង់គ្លេស បរិស្ថាន និងការគ្រប់គ្រងថាមពលកកើតឡើងវិញ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប តាងនាមរដ្ឋសភាកម្ពុជា និងជំនួសមុខឱ្យសម្តេចមហារដ្ឋសភាធិការធីបតី ឃួន សុដារី ប្រធានរដ្ឋសភា យើងខ្ញុំសូមអបអរ និងសរសើចំពោះក្មួយៗចៅៗទាំងអស់ដែលបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព របស់ខ្លួនទើបបានជាប់ជានិស្សិតជ័យលាភីអាហារូបករណ៍នេះនិងបានពាំនាំនៅការផ្តាំផ្ញើសួរសុខទុក្ខ និងការចូលរួមអបអរ សាទរ ពីសម្តេចប្រធានរដ្ឋសភា ដល់ក្មួយៗ និស្សិតជ័យលាភី និងក្រុមគ្រួសារ របស់ក្មួយៗទាំងអស់ ដែលទទួលបានជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាលនូវ៉ែលសេឡង់ សម្រាប់ឆ្នាំសិក្សា២០២៥ ដែលជាអាហារូបករណ៍មួយដែលមានការប្រកួតប្រជែងកម្រិតខ្ពស់ ។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានមានប្រសាសន៍ថា ការទទួលបានអាហារូបករណ៍នេះ មិនមែនជាការសាមញ្ញពេកទេ ពោលគឺជាការខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដោយលះបង់ពេលវេលាខិតខំរៀនសូត្រ ជាពិសេសគឺ ភាសាអង់គ្លេស ដែលម្នាក់ៗត្រូវតែប្រឡងអោយជាប់ដល់ពិន្ទុមួយដែលសាកលវិទ្យាល័យនៅប្រទេសនូវ៉ែលសេឡង់ទទួល យក ដែលគេវាយតម្លៃទៅលើកម្រិតសមត្ថភាពផ្នែកស្តាប់ , ផ្នែកអាន, ផ្នែកសរសេរ , និង ផ្នែកនិយាយ ហើយជាទូទៅចៅៗត្រូវទទួលបានពិន្ទុរួម យ៉ាងតិចក៏បាន ៦.៥ ដែរ។ ខ្ញុំជឿជាក់ថា ដើម្បីទទួលបានពិន្ទុ IELTS (International English Language Testing System) មានចៅៗខ្លះប្រឡងជា ច្រើនលើក ច្រើនសារ តែចៅៗមិនបោះបង់ការព្យាយាមនេះទេ រហូតទទួលបានជោគជ័យនៅពេលនេះ។ ក្នុងនាមរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងប្រជាជនកម្ពុជា ឯកឧត្តមអនុប្រធានទី១រដ្ឋសភា សូមថ្លែងនូវអំណរគុណជាខ្លាំងដល់រដ្ឋាភិបាល និងប្រជាជននូវ៉ែលសេឡង់ ដែលបានបន្តការគាំទ្រជាបន្តបន្ទាប់ ដល់ការស្តារសេដ្ឋកិច្ច-សង្គមកម្ពុជា ជាពិសេសបានបង្កើតឲ្យមានកម្មវិធីអាហារូបករណ៍នូវ៉ែលសេឡង់ (Manaaki New Zealand) ដែលមាននិស្សិតជ័យលាភីចម្រុះទាំងនៅក្នុងស្ថាប័នរដ្ឋ វិស័យឯកជន និងអង្គការសង្គមស៊ីវិល។ ក្រោយពីបញ្ចប់ការសិក្សា ជ័យលាភីទាំងនេះបានត្រឡប់មកបម្រើការងារនៅតាមស្ថាប័ននានា ហើយបានក្លាយជាធនធានមួយដ៏មានតម្លៃ រួមជាមួយធនធានមនុស្សដែលមាន ស្រាប់ និងទទួលបានការអប់រំពីកន្លែងដទៃផ្សេងទៀតទាំងនៅក្នុងស្រុក និងបណ្តាប្រទេសជាមិត្តចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតី ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយក្នុងនីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការកសាងសង្គម-សេដ្ឋកិច្ច ហើយបានធ្វើឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ដូចសព្វថ្ងៃនេះ។ នៅក្នុងឱកាសនេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានគូសបញ្ជាក់ពីសមិទ្ធផលដ៏លេចធ្លោរបស់រាជរដ្ឋាភិបាល ក្នុងរយៈពេលជាង១៧ខែនេះ ដែលដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេស ទទួលបាននូវ សុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងទទួលបាននូវកិត្យានុភាពខ្ពស់ត្រដែត លើឆាកអន្តរជាតិ។ ជាមួយគ្នានេះ ក្នុងអាណត្តិនៃរដ្ឋសភា នីតិកាលទី៧ មានរយៈពេល៥ឆ្នាំ គឺចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨ រដ្ឋសភា គឺដឹកនាំដោយសម្តេចមហារដ្ឋសភាធិការ ធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដែលជាស្ត្រីទី១ ក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែល បានទទួលនូវដំណែងដ៏ឧត្តុង្គឧត្តមនេះ និងបានបំពេញមុខងារនីតិកម្ម តាមដានការអនុវត្តច្បាប់ មុខងារពង្រីក និងពង្រឹងការទូត សភាជាដើម។ ក្នុងមុខងារជាតំណាង និងការតាមដានការអនុវត្តច្បាប់ ថ្នាក់ដឹកនាំ សមាជិក សមា ជិកា រដ្ឋសភា បានចុះបំពេញកិច្ចការទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងដោះស្រាយនូវសំណូមពរមួយចំនួនព្រមទាំងសំណើផ្សេងៗ របស់ប្រជាជន ដូចជា បញ្ហាគ្រោះរាំងស្ងួត រកទីផ្សារកសិផល ជម្លោះដីធ្លី អន្តរាគមន៍ជួយឧបត្ថម្ភដល់ប្រជាជនជួបការលំបាក ករណីណាដែលតំណាងរា ស្ត្រនឹងអាចមាន លទ្ធភាពដោះស្រាយជូន ប្រជាពលរដ្ឋបាន ឯករណីណាដែលមិនអាចដោះស្រាយជូនបាន នឹងជួយធ្វើអន្តរាគមន៍ទៅអាជ្ញាធរមានសមត្ថកិច្ចជួយដោះ ស្រាយបញ្ហាទាំងនោះ ជូនប្រជាពលរដ្ឋឲ្យទាន់ពេលវេលាជាដើម។ ក្រៅពីនេះរដ្ឋសភាបានពង្រឹងការងារ ការទូតសភា តាមរយៈការបំពេញទស្សនកិច្ចជាផ្លូវការ ទ្វេភាគី ឬពហុភាគី ចូលរួមប្រជុំអន្តរជាតិ ជួបសវនការ និងពិភាក្សាការងារជាមួយអង្គទូត អង្គការជាតិ អន្តរជាតិ ក្នុងគោលបំណងពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិ ការអន្តរជាតិ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ រីឯមុខងារនីតិកម្មវិញ តាំងពីនីតិកាលទី១ នៃរដ្ឋសភា រហូតមកដល់បច្ចុប្បន្ននេះ រដ្ឋសភាកម្ពុជាបាន ពិភាក្សា និងអនុម័តច្បាប់បានជាង ៧០០ច្បាប់ សម្រាប់ប្រើប្រាស់ និងការ អភិវឌ្ឍប្រទេសជាតិរបស់យើង។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត សង្ឃឹមថា ចៅៗនិស្សិតទាំងអស់ នឹងជាចំណែកមួយដ៏សំខាន់ក្នុងការកសាង និងអភិវឌ្ឍធនធានមនុស្ស សម្រាប់អភិវឌ្ឍសង្គមជាតិយើងនាពេលអនាគត។ចៅៗ ជាអ្នកការទូតដ៏សំខាន់របស់ប្រទេសជាតិ ដែលអាចជួយផ្សព្វផ្សាយ អំពីរឿងពិតជាក់ស្តែង អំពីវឌ្ឍនភាព អំពីវប្បធម៌ អារិយធម៌ និងសាសនា របស់ព្រះរាជាណាចក្រកម្ពុជាយើង។សូមក្មួយៗយកចិត្តទុកដាក់ ខិតខំរៀនសូត្រទាំងនៅក្នុងថ្នាក់ និងស្វ័យ រៀនសូត្រតាមរយៈការចូលរួមចំណែកទាំងក្នុងការពិភាក្សាក្រុម នៅក្នុងថ្នាក់ ក៏ដូចជាការចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនដល់និស្សិត ដែលមកពីបណ្តាប្រទេសនានា និងទទួលយកបទពិសោធន៍ថ្មីៗល្អៗពី និស្សិតនានា ដែលនេះឆ្លុះបញ្ចាំងពីវប្បធម៌នៃការចែករំលែក និងទទួលយក។ លើសពី នេះការសិក្សាស្រាវជ្រាវពី ឯកសារដែលមានស្រាប់ ដែលរកបានទាំងនៅក្នុងបណ្ណាល័យរបស់ សាកលវិទ្យាល័យ និងតាមអនឡាញ មានសារៈសំខាន់ណាស់ ជាពិសេសសម្រាប់ការរៀបចំកិច្ចការ ស្រាវជ្រាវ នៃមុខវិជ្ជានីមួយៗ៕
-
ព័ត៌មាន6 days ago
ឯកឧត្តម ចាន់ ស៊ីណាត ចុះពិនិត្យវឌ្ឍនភាពការងារគម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោ និងប្រឡាយពង្វាងទឹកស្ទឹងស្លាប់ ក្នុងខេត្តកំពង់ធំ
-
ព័ត៌មាន3 days ago
បេក្ខភាព ១៦រូបឈានឡើងវគ្គ ១/៨ ផ្តាច់ព្រ័ត្រការប្រកួតបាល់ទាត់ Frenzy Freestyle
-
កីឡា4 days ago
ពានសម្ដេចតេជោ-ថ្នាក់ជាតិ ចាប់ផ្ដើមប្រកួតថ្ងៃនេះ ខណៈព្រះខ័នរាជ ត្រៀមខ្លួនរួចរាល់ដើម្បីការពារជើងឯក
-
កីឡា1 week ago
ក្រុម Top-6 ត្រូវជួបគ្នាក្នុងលីគកំពូលកម្ពុជា សប្ដាហ៍ទី១៧ នាចុងសប្ដាហ៍នេះ
-
ព័ត៌មាន6 days ago
ឯកឧត្តម ចាយ បូរិន អញ្ជើញបើកពិធីសង្ឃសន្និបាតមន្ត្រីសង្ឃសាលាគណរាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាស អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំង ប្រទេស លើកទី៣២
-
ព័ត៌មាន5 days ago
ករណីក្មេងទំនើងកាប់បំផ្លាញទ្រព្យសម្បត្តិ នៅមុខផ្សារច្បាអំពៅ សមត្ថកិច្ចបន្តបង្ក្រាបបាន០៥នាក់ហើយ
-
កីឡា6 days ago
ព្រះខ័នរាជ ចាញ់ប្រៀបភ្នំពេញក្រោន ១ពិន្ទុ ក្រោយយកឈ្នះបឹងកេត ២-០ ខណៈថាយហ្គឺរ ចាញ់ក្នុងដីលើកដំបូង
-
ព័ត៌មាន6 days ago
មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ណែនាំដល់កងកម្លាំងទាំងអស់ត្រូវបង្ក្រាប និងអនុវត្តតឹងរឹងបំផុតលើបញ្ហាក្មេងទំនើង