ព័ត៌មាន
យុទ្ធនាការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានចាប់ផ្តើមមុនគេនៅរាជធានីភ្នំពេញ
ភ្នំពេញ ៖ យុទ្ធនាការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានចាប់ផ្តើមមុនគេនៅរាជធានីភ្នំពេញ ក្នុងគោលបំណងផ្សព្វផ្សាយលើកទឹកចិត្តដល់អ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យចូលរួមចុះឈ្មោះក្នុងថ្នាលឌីជីថលកាន់តែច្រើនដើម្បីអនាគត មុខរបរការងារ និងប្រាក់ចំណូលគ្រួសារពួកគាត់កាន់តែរីកចំរើន។
នេះបើតាមការលើកឡើងរបស់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ខណៈដែលឯកឧត្តម និងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជើញជាអធិបតីភាពក្នុងយុទ្ធនាការផ្សព្វផ្សាយការ ចុះឈ្មោះតាមថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅរាជធានីភ្នំពេញ នារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥នេ នៅ ដឺ ហ្គ្រេន ធីរេស ( The Grand Terrace ) ខណ្ឌទួលគោក។
ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍បន្តថា ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ធ្វើឱ្យពួកគេទទួលបានព័ត៌មានទូលំទូលាយពីអត្ថប្រយោជន៍ៃការចុះឈ្ះអ្នកសេដ្ឋកិច្ច ក្រៅប្រព័ន្ធ ហើយការចុះឈ្មោះនេះធ្វើឡើងដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្តគ្មានការបង្ខិតបង្ខំឡើយ។ ឯកឧត្ដមឃួង ស្រេង បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ បង្កលក្ខណៈងាយស្រួល គាំទ្រដល់ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅរាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង បានបន្តទៀតថា ការចុះឈ្មោះនេះ គឺអាចបញ្ជាក់ពីអត្តសញ្ញាណអាជីវកម្មច្បាស់លាស់ដែលអាចយកប្រើការផ្សេងៗបាន ព្រមទាំងផ្តល់ប្រយោជន៍លើការបណ្តុះបណ្តាលជំនាញថែមទៀតផង។ ក្រោយចុះឈ្មោះ និង ទទួលការអនុម័តនៅលើថ្នាលឌីជីថលនេះហើយ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នឹងទទួលបានវិញ្ញាបនបត្រចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលទទួលស្គាល់តួនាទី និងការរួមចំណែករបស់ពួកគាត់ដល់សេដ្ឋកិច្ចជាតិ។ វិញ្ញាបនបត្រនេះបញ្ជាក់អត្តសញ្ញាណ សម្រាប់មុខរបរ អាជីវកម្ម និងការងាររបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានការទទួលស្គាល់ពីគ្រប់ក្រសួង-ស្ថាប័ន របស់រាជរដ្ឋាភិបាល ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
ក្នុងពិធីនោះឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានមានប្រសាន៍ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវការចុះឈ្មោះរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤។ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅភ្នំពេញមានរហូតរាប់លាននាក់ ដែលទាមទារឱ្យមានការរៀបចំជួបជុំនៅថ្ងៃនេះ ក្នុងការរៀបជាថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយមិនតម្រូវឱ្យបង់ថ្លៃសេវា។ កន្លងមកបងប្អូនជាម្ចាស់អាជីវកម្មអាចចុះឈ្មោះបាននៅតែច្រកចេញចូលតែមួយ។ តែសំរាប់ពេលនេះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចចុះឈ្មោះបានតាមប្រព័ន្ធឌីជីថល ពោលគឺប្រើតែអត្តសញ្ញាណប័ណ្ណ និងរូបថត គឺរួចជាស្រេច។
ឯកឧត្តម ហែម វណ្ណឌី បានបន្តថា សំរាប់ការចុះឈ្មោះដោយប្រព័ន្ធឌីជីថលនេះ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចបង្កើតដោយខ្លួនឯង ឬជាមួយភ្នាក់ងារដែលមាននៅទូទាំងប្រទេស ឬក៏ទៅរកសេវានេះ នៅធនាគារចំនួន៥ គេនឹងបំពេញការងារចុះឈ្មោះនេះឱ្យដោយមិនយកប្រាក់ ជាមួយនឹងការប្រើប្រាស់ពេលវេលានៃការចុះឈ្មោះប្រមាណ ១០នាទីប៉ុណ្ណោះ។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបន្តថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ច្បាស់ហើយ អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ដែលមានផលរបរ (ចំណូល) ក្រោម ២៥០ានរល ឬប្រហាក់ប្រហែល ម៉ឺនដុល្លារក្នុងមួយឆ្នាំ មិនមានកាតព្វកិច្ចពន្ធ មិនចាំបាច់បង់ពន្ធប៉ាតង់ និងមិនចាំបាច់រៀបចំឯកសារប្រកាសពន្ធឡើយ។ នេះជាការគិតគូរបស់រាជរដ្ឋាភិបាលចំពោះសុខទុក្ខអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងធានាថា គ្មានការចំណាយមិនចាំបាច់ណាមួយដែលអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធត្រូវបង់ចូលរដ្ឋឡើយ។
ឯកឧត្តម ហែម វណ្ណឌី បានបញ្ជាក់ថា ក្នុងរយៈពេលជាងមួយខែនេះ ពោលគឺចាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវការចុះឈ្មោះរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ កាលពីទី១៦ ខែធ្នូ ឆ្នាំ២០២៤មក មានអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធចុះឈ្មោះបានជាង ១២០០នាក់ ដែលទាមទារសូមឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធចូលរួមចុះឈ្មោះឱ្យបានកាន់តែច្រើន៕
អត្ថបទ ៖ ប្រាក់ វ៉ាន់ដា








-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់