ព័ត៌មាន
កសិករច្រើនគ្រួសារបង្ហាញបំណងចង់ចូលរួមជាសហគមន៍កសិកម្មទំនើប ដើម្បីទទួលបានទីផ្សារល្អ និងបង្កើនប្រាក់ចំណូល
មន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា គិតមកដល់ពេលនេះ មានការចាប់ អារម្មណ៍ច្រើនរបស់ប្រជាកសិករ ពីការធ្វើកសិកម្មបែបប្រពៃណី មកធ្វើកសិកម្មបែបទំនើបស្របតាមបច្ចេកទេស ដើម្បីប្រកួតប្រជែងលើទីផ្សារ និងទទួលបានតម្លៃខ្ពស់។

ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី តាមបណ្តាញសង្គមថា រហូតមកដល់ពេលនេះ ថ្នាក់ដឹកនាំរបស់ក្រសួងកសិកម្ម កំពុងបន្តតាមដាននិងយកចិត្តទុកដាក់ គឺការបង្ករបង្កើនផល និងប្រមូលស្រូវប្រាំង ជាពិសេសស្ថានភាពនៃការប្រែប្រួលថ្លៃស្រូវប្រាំងនៅក្នុងរដូវកាលនេះ ហើយបើតាមទិន្នន័យមានក្នុងដៃ ទំហំនៃការធ្វើបង្ករបង្កើនផលស្រូវប្រាំងមានទំហំរហូតដល់ ៧៥ម៉ឺនហិកតា បើគិតទៅជាតោនអាចមានទំហំប្រហែលជិត ៤លានតស្រូវ។ ឯកឧត្តម បានបន្តថា អ្វីដែលគួរឲ្យកត់សម្គាល់នៅក្នុងរដូវកាលនេះ ស្រូវប្រាំងមានច្រើនប្រភេទ ហើយប្រភេទស្រូវពូជ អូអឹម និង អ៊ីអ៊ែរ កំពុងជួបបញ្ហាធ្លាក់ថ្លៃ ក្នុងខណៈពេលដែលស្រូវក្រអូបរបស់កម្ពុជាមិនជួបបញ្ហាថ្លៃទេ ប៉ុន្តែយ៉ាងណាក៏យើងនៅរក្សាថ្លៃបានល្អផងដែរ។

ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងបន្តថា ជាទូទៅខែមករា និងកុម្ភៈ គឺជាខែដែលទំហំនៃការប្រមូលផលស្រូវប្រាំងមានទំហំធំ ហើយអ្វីដែលមានការព្រួយបារម្ភ គឺក្នុងអំឡុងពេលបុណ្យចូលឆ្នាំចិន-វៀតណាម នាពេលខាងមុខ ដោយសារតែជាទម្លាប់តែងតែមានការឈប់សម្រាក ហើយដោយសារហេតុផលនេះហើយ ទើបបានជារាជរដ្ឋាភិបាលបានទម្លាក់កញ្ចប់មួយចំនួនដើម្បីត្រៀមអន្តរាគមន៍ក្នុងករណីចាំបាច់ដែលមិនមានទីផ្សារទាល់តែសោះ។ ប៉ុន្តែយ៉ាងណានោះ និន្នាការនៃការធ្លាក់ប្រែប្រួលថ្លៃស្រូវ អូអឹម ដែលជាប្រភេទអង្ករស គឺជានិន្នាការសាកលទេ មិនមែនជារឿងដាច់ដោយឡែករបស់កម្ពុជាឡើយ។ ឯកឧត្តម បានលើកឡើងយ៉ាងដូច្នេះទៀតថា
ឯកឧត្តម ឃឹម ហ្វីណង់ បានបន្ថែមថា មកទល់ពេលនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានរៀបចំបង្កើតសហគមន៍កសិកម្មទំនើបសម្រាប់ដំណាំស្រូវ។ បច្ចុប្បន្នថ្នាក់ដឹកនាំកំពុងធ្វើការជាមួយពីរសហគមន៍បន្ថែមទៀតនៅឯខេត្តកំពង់ធំ ហើយក៏មានជួបជាបន្តបន្ទាប់ជាមួយគ្រួសារកសិករនៅខេត្តពោធិ៍សាត់។

សូមបញ្ជាក់ថា សហគមន៍កសិកម្មទំនើប បង្កើតឡើងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងគោលបំណង ដើម្បីប្រែក្លាយវិស័យកសិកម្មកម្ពុជា ពីលក្ខណៈគ្រួសារឱ្យទៅជាសហគ្រាស សេដ្ឋកិច្ចកសិកម្មដ៏រឹងមាំ មានសមាហរណកម្មខ្ពស់ មានសេដ្ឋកិច្ចមាត្រដ្ឋាន និងមានសមត្ថភាពប្រកួតប្រជែងទាំងបរិមាណ តម្លៃ និងគុណភាព។ ការចងក្រងសហគមន៍កសិកម្មទំនើប ជួយឱ្យសិករទួលបានផលចំណេញច្រើន តាមរយៈការកាត់បន្ថយថ្លៃដើមផលិត, ការទទួលបានទុនកម្ចីក្នុងអត្រាការប្រាក់ទាប, ការទទួលបានទីផ្សារ និងការគាំទ្រផ្នែកបច្ចេកទេសជាដើម។ ចំពោះលក្ខខណ្ឌក្នុងការចូលជាសហគមន៍កសិកម្មទំនើប គឺត្រូវមានសមាជិកចាប់ពី៥០គ្រួសារឡើង។ ដោយឡែក ចំពោះ ការចុះបញ្ចី, ការផ្សព្វផ្សាយ, ការៀបចំធ្វើផែនការអាជីវកម្ម និងនីតិវិធីផ្សេងៗទៀត ក្រសួងកសិកម្ម ធានាសម្របសម្រួលជូន៕ អត្ថបទ៖ ឈិត បូរ៉ាវី






-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់