ព័ត៌មាន
សម្តេចធិបតី នាយករដ្ឋមន្រ្ដី៖ កម្មវិធីផ្តល់ដី ការពារព្រៃនឹងទទួលពាក្យស្នើសុំរបស់ប្រជាពលរដ្ឋចាប់ពីខែកុម្ភៈ ឆ្នាំ២០២៥
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥នេះ បានប្រកាសអំពីកម្មវិធី «ផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» ដើម្បីផ្ដល់ដីជូនដល់ប្រជាពលរដ្ឋដែលគ្មានដីពិតប្រាកដ ដោយចាប់ផ្ដើមអនុវត្តទទួលពាក្យស្នើសុំរបស់ប្រជាពលរដ្ឋចាប់ពីខែកុម្ភៈ ឆ្នាំ២០២៥ តទៅ។
តាមរយៈសារវីដេអូពិសេសផ្ញើជូនបងប្អូនប្រជាពលរដ្ឋ និងជនរួមជាតិកាលពីយប់មិញនេះសម្តេចធិបតី នាយករដ្ឋមន្រ្ដីបានមានប្រសាសន៍បញ្ជាក់ថា ការដាក់ចេញកម្មវិធីនេះ គឺមានគោលបំណង ៣ ដែលអាទិភាពធំទីមួយ គឺការដោះស្រាយដីជូនប្រជាពលរដ្ឋខ្មែរក្រីក្រ ដែលគ្មានដីពិតប្រាកដ ហើយបន្ថែមលើនេះ កម្មវិធីនឹងចូលរួមទប់ស្កាត់សកម្មភាពទន្ទ្រានដីរដ្ឋធ្វើជាកម្មសិទ្ធិឯកជន និងជំរុញការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការការពារ និងអភិរក្សព្រៃឈើផងដែរ។
សម្តេចនាយករដ្ឋមន្រ្តី បានរំលឹកអំពីសាវតានៃការដោះស្រាយផ្តល់ដីជូនប្រជាពលរដ្ឋ ក្រោយកម្ពុជាបញ្ចប់សង្គ្រាមស៊ីវិល ដែលក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ រាជរដ្ឋាភិបាលកម្ពុជា របស់គណបក្សប្រជាជន គឺរាជរដ្ឋាភិបាល បានបែងចែកដីកសិកម្មលើកដំបូងជូនប្រជាពលរដ្ឋ នៅឆ្នាំ១៩៨៥ និងទទួលស្គាល់លើដីកម្មសិទ្ធិឯកជននៅឆ្នាំ១៩៨៩។
សម្តេចមានប្រសាសន៍ថា តាមរយៈកម្មវិធីនេះ ប្រជាពលរដ្ឋខ្មែរ ដែលខ្វះដីពិតប្រាកដ នឹងត្រូវបានរដ្ឋផ្តល់ដីជូនជាមួយនឹងការរៀបចំជាភូមិករជូន ហើយប្រជាពលរដ្ឋខ្មែរ ដែលនឹងទៅរស់នៅទីនោះ អាចនឹងចងជាសហគមន៍ ដើម្បីជួយការពារដី និងព្រៃនៅជុំវិញសហគមន៍ ដែលខ្លួនរស់នៅ។
បើតាមប្រសាសន៍របស់សម្តេចបវរធិបតី ដើម្បីអនុវត្តកម្មវិធីនេះឱ្យជោគជ័យ រាជរដ្ឋាភិបាល បានបង្កើតគណៈកម្មាធិការ «ផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» ដែលហៅកាត់ថា ផ.ក.អ។ លេខាធិការដ្ឋាន ផ.ក.អ នឹងចាប់ផ្តើមជូនដំណឹងជាបន្តបន្ទាប់ ហើយនឹងអាចចាប់ផ្តើមទទួលពាក្យប្រជាពលរដ្ឋ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៥តទៅ។
សូមបញ្ជាក់ថា តាមរយៈសេចក្ដីថ្លែងការណ៍ពិសេសរបស់សម្ដេចធិបតី នាយករដ្ឋមន្រ្ដីស្ដីពី «សមិទ្ធផល ១ឆ្នាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា» កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២៤ សម្ដេចបានដាក់ចេញនូវកម្មវិធីផ្តល់ដី សម្បទានសង្គមកិច្ចថ្មី គឺ «កម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព»ឡើង សំដៅផ្ដល់ដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋខ្មែរដែលខ្វះដីពិតប្រាកដ និងផ្តល់ឱកាសជូនប្រជាពលរដ្ឋទាំងនេះបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការការពារដីរដ្ឋ និងព្រៃឈើ។ គោលគំនិតដោយសង្ខេបនៃកម្មវិធីនេះ គឺរៀបចំផ្តល់ដីសម្បទានក្នុងក្របខ័ណ្ឌដីសម្បទានសង្គមកិច្ច ជូនប្រជាពលរដ្ឋខ្មែរដែលខ្វះដីពិតប្រាកដ និងជួយរៀបចំការអភិវឌ្ឍនៅនឹងកន្លែងជួយពួកគាត់ ដើម្បីលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ។ ត្រឡប់មកវិញ ប្រជាពលរដ្ឋនឹងជួយដល់រាជរដ្ឋាភិបាលក្នុងការការពារ ទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ និងទន្ទ្រានដីរដ្ឋខុសច្បាប់ នៅជុំវិញតំបន់ដែលពួកគាត់រស់នៅ។
កិច្ចការនេះ គឺអាចរំលត់បញ្ហាពីរក្នុងពេលតែមួយ។ ទី១ ប្រជាពលរដ្ឋដែលខ្វះខាតដីពិតប្រាកដ នឹងរៀបចំយន្តការដើម្បីបង្កើនប្រសិទ្ធភាព និងសន្ទុះ នៅក្នុងការជួយដល់គាត់ឱ្យទាន់ពេលវេលា តាមរយៈការរៀបចំយន្តការថ្នាក់ជាតិ ដែលនាយករដ្ឋមន្រ្តីជាប្រធាន និងមានយន្តការលេខាធិការដ្ឋាន ដើម្បីធ្វើការងារនេះដោយប្រសិទ្ធភាព ធានានូវភាពត្រឹមត្រូវ និងសុក្រឹតភាព ធានាថាប្រជាពលរដ្ឋដែលអត់ដីពិតប្រាកដនឹងទទួលបានផល។ ពេលជាមួយគ្នា រាជរដ្ឋាភិបាលនឹងប្រើប្រាស់ការចូលរួមរបស់ប្រជាពលរដ្ឋ នៅក្នុងការការពារតំបន់ធម្មជាតិ និងដីរដ្ឋផ្សេងៗទៀត ដែលគាត់តាំងទីលំនៅនោះ។ ការដៅចំណុចរៀបចំនូវកម្មវិធីនេះ ក៏បានគិតគូរដល់តំបន់ទិសឦសាន និងតំបន់មួយចំនួនទៀត ដែលមានការចាំបាច់ នៅក្នុងការការពារធនធានធម្មជាតិ ក៏ដូចជាជំរុញការអភិវឌ្ឍប្រទេស៕

-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦