ព័ត៌មាន
រដ្ឋមន្ត្រីកសិកម្ម បន្តជួបសំណេះសំណាលជាមួយកសិករផលិតស្រូវ និងផ្សព្វផ្សាយពីការចងក្រងសហគមន៍កសិកម្មទំនើប នៅខេត្តបាត់ដំបង
បាត់ដំបង៖ នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូអមដំណើរ បានអញ្ជើញជួបសំណេះសំណាលជាមួយកសិករផលិតស្រូវផ្សព្វផ្សាយពីការចងក្រងសហគមន៍កសិកម្មទំនើប នៅស្រុកបវេល ខេត្តបាត់ដំបង។

ក្នុងដំណើរបេសកកម្មនេះ តំណាងប្រជាកសិករប្រមាណ ១០០នាក់ បានធ្វើសេចក្តីរាយការណ៍សង្ខេប ពាក់ព័ន្ធនិងការខ្វះខាតទឹកស្រោចស្រពស្រូវនៅរដូវរប្រាំង និងបានស្នើឱ្យស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងធនធានទឹក និងឧតុនិយម ជួយរកដំណោះស្រាយសង្គ្រោះស្រូវ ដែលកំពុងខ្វះខាតទឹក ស្ថិតនៅភូមិចំនួន៦ រួមមាន ភូមិព្រៃខ្ពស់ ភូមិម៉ាក់ឃ្លឿ ភូមិតាម៉ាត ភូមិបឹងជំនៀង ភូមិពោធិ៍ និងភូមិតាហ៊ី ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង។

តបតាមសំណើររបស់ប្រជាកសិករ ឯកឧត្តមរដ្ឋមន្ត្រី បានទទួលនូវសំណើរររបស់តំណាងកសិករ ក្នុងការជួយរកដំណោះស្រាយសង្គ្រោះស្រូវជូនពួកគាត់នៅរដូវប្រាំងដែលខ្វះទឹកស្រោចស្រព នៅថ្ងៃខាងមុខបន្តទៀត។ ដោយឡែក ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យប្រជាកសិករទាំងអស់ ត្រូវមានដីយ៉ាងតិច ១០០០ហិកតា ដើម្បីចងក្រងជាសហគមន៍កសិកម្មទំនើប ដែលមានភាពងាយស្រួលក្នុងការគ្រប់គ្រង និងអនុវត្តស្របតាមទស្សនទាន «មានហូប មានប្រើ មានបាន និងមានរហូត»។

នាឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងពីសារៈប្រយោជន៍នៃសហគមន៍កសិកម្មទំនើប ដែលជួយប្រជាកសិករក្នុងការកាត់បន្ថយថ្លៃដើមផលិតតាមរយៈការភ្ជូរដីស្រែ និងការទិញធាតុចូលកសិកម្មជាលក្ខណៈទ្រង់ទ្រាយធំ មានផែនការផលិតកម្មច្បាស់លាស់ អាចផ្គត់ផ្គង់តាមតម្រូវការទីផ្សារ មានកិច្ចសន្យាផលិតកម្មត្រឹមត្រូវ ទទួលបានកម្ចីការប្រាក់ទាប និងមានទីផ្សារពិតប្រាកដ។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថាសហគមន៍កសិកម្មទំនើបនេះ នឹងទទួលបានការគាំទ្របច្ចេកទេសពីក្រសួងកសិកម្មផ្ទាល់ តាមរយៈការសហការជាមួយមន្រ្តីកសិកម្មឃុំ និងក្រុមការងារជំនាញ ប្រការសំខាន់ប្រជាកសិករត្រូវកសាងទំនុកចិត្តជាមួយគ្នា ចេះសហការគ្នា គោរពតាមច្បាប់លក្ខន្តិកៈរបស់សហគមន៍ដែលបានចែង ដើម្បីទទួលបានផលចំនេញសេដ្ឋកិច្ច និងមាននិរន្តរភាព។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំទៅអាជ្ញាធរថ្នាក់ក្រោមជាតិ សហការជាមួយមន្ត្រីជំនាញកសិកម្ម ដើម្បីពិភាក្សាគ្នាឱ្យបានលម្អិតពីគោលការណ៍ និងអត្ថប្រយោជន៍នៃការចងក្រងសហគមន៍កសិកម្មទំនើប សម្រាប់យកព័ត៌មានចែករំលែក និងផ្សព្វផ្សាយបន្តទៅដល់ប្រជាកសិករឱ្យបានយល់កាន់តែច្បាស់ពីការចូលរួមជាមួយសហគមន៍កសិកម្មទំនើបនេះផងដែរ។
ស្របពេលជាមួយគ្នានេះ ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចុះជួបប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាខ្វះខាតទឹកបង្កបង្កើនផល ស្រូវប្រាំង នៅស្រុកបវេល ខេត្តបាត់ដំបងផងដែរ។
តាមរយៈការចុះពិនិត្យទីតាំងផ្ទាល់ ឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំទៅប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ឱ្យបន្តសហការជាមួយស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីរួមគ្នាដោះស្រាយបញ្ហាខ្វះខាតទឹក និងការចងក្រងសហគមន៍កសិកម្មទំនើប ជាពិសេសការផ្តល់បច្ចេកទេស ពូជ ធាតុចូលកសិកម្ម សំដៅដោះស្រាយបញ្ហាប្រឈមជូនប្រជាកសិករបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕


-
ព័ត៌មាន3 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន5 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន6 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន5 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍
-
ព័ត៌មាន6 days agoកម្ពុជាបានកំណត់មាគ៌ាជាតិ “អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន និងកំណើនជាក់ស្ដែងសម្រាប់អធិបតេយ្យភាពឌីជីថល”
-
ព័ត៌មាន1 week agoក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជាបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅជាបណ្តោះអាសន្ន នៅខេត្តព្រះវិហារ ចំនួន ៦៤៥គ្រួសារ