ព័ត៌មាន
ឯកឧត្តម ហេង រតនា៖ អង្គភាពស៊ីម៉ាក់ផ្អាក តែកម្លាំងខ្លះស្ថិតក្រោមគម្រោងជំនួយអាមេរិកប៉ុណ្ណោះ មិនសំដៅលើការបោសសម្អាតគ្រាប់មីន/ចម្ការមីននោះទេ
ភ្នំពេញ៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានចេញមុខបកស្រាយបញ្ជាក់តាមរយៈសារនៅលើបណ្ដាញសង្គមនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ ២០២៥នេះថា ពាក់ព័ន្ធការផ្អាកគម្រោងជំនួយរបស់អាមេរិក អង្គភាពស៊ីម៉ាក់ផ្អាកតែកម្លាំងខ្លះ ស្ថិតក្រោមគម្រោងជំនួយអាមេរិកប៉ុណ្ណោះ មិនសំដៅលើការបោសសម្អាតគ្រាប់មីន/ចម្ការមីននោះទេ គឺនៅបន្តការងារជូនរាជរដ្ឋាភិបាល និងពលរដ្ឋជាធម្មតា។
ឯកឧត្តម ហេង រតនា បានមានប្រសាសន៍ថា នៅថ្ងៃអាទិត្យ ទី២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅទីបញ្ជាការដ្ឋានកងឯកភាពទី៥ ខេត្តត្បូងឃ្មុំ ឯកឧត្តម និងថ្នាក់ដឹកនាំអង្គភាព បានជួបសំណេះសំណាលនឹងផ្សព្វផ្សាយការងារពាក់ពន្ធ័ការផ្អាកគម្រោងជំនួយរបស់សហរដ្ឋអាមេរិក និងប៉ះពាល់ដល់សកម្មភាពប្រតិបតិ្តការខ្លះរបស់អង្គភាពនៅខេត្តគោលដៅទាំង៨ខេត្តនោះ។
ក្នុងឱកាសជាមួយគ្នានេះឯកឧត្តម ហេង រតនា បានបញ្ជាក់ថា កម្លាំងនេះ ជាកម្លាំងបោសសម្អាតគ្រាប់បែកចង្កោម និងគ្រាប់មិនទាន់ផ្ទុះជាគោលមិនសំដៅលើការបោសសម្អាតគ្រាប់មីន/ចម្ការមីននោះទេ។ ពេលខ្លះដោយសារយល់បញ្ហាសំណល់យុទ្ធភណ្ឌសង្គ្រាមមិនច្បាស់ធ្វើឱ្យមានការបកស្រាយខុស។
ឯកឧត្តម ហេង រតនា បានជម្រាបថា សំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជាអាចបែងចែកជា ៥ បញ្ហាសំខាន់គឺ៖
១. បញ្ហាគ្រាប់មីន៖ មានគ្រាប់មីនប្រឆាំងមនុស្សគ្រប់ប្រភេទនិងគ្រាប់មីនប្រឆាំងយានយន្ត មានចំនួនប្រមាណ៤-៦ លានគ្រាប់
២. បញ្ហាគ្រាប់បែកចង្កោម៖ គ្រាប់បែកចង្កោមដែលទម្លាក់ក្នុងសង្គ្រាមមានចំនួនប្រមាណជាងមួយមុឺនទីតាំងមានបរិមាណគ្រាប់ចំនួនជាង២៨លានគ្រាប់។
៣. បញ្ហាគ្រាប់ទម្លាក់ពីយន្តហោះ៖ មានចំនួនជាង២សែន៣ម៉ឺនទីតាំងមានទម្ងន់គ្រាប់បែកប្រមាណ៤.០៣ លានតោន
៤. បញ្ហាគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះផ្សេងៗ៖ គ្រាប់កាំភ្លើងធំ គ្រាប់ប្រយុទ្ធថ្មើជើងផេ្សងៗ…. ជាដើម គ្មានព័ត៌មានច្បាស់លាស់ទេ
៥. បញ្ហាគ្រាប់បែកអាវុធគីមី៖ គ្រាប់បែកអាវុធគីមីទម្លាក់ពីយន្តហោះមួយចំនួន
បញ្ហាទាំង៥នៃសំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជានេះ ស្ថិតក្រោមអនុសញ្ញាអន្តរជាតិមួយចំនួនដូចជា៖ ១.បញ្ហាគ្រាប់មីនប្រឆាំងមនុស្សស្ថិតក្រោមអនុសញ្ញាអន្តរជាតិហាមឃាត់ការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស.. ២. បញ្ហាគ្រាប់បែកចង្កោម ស្ថិតអនុសញ្ញាអន្តរជាតិហាមប្រើប្រាស់…គ្រាប់បែកចង្កោម និង៣. បញ្ហាអាវុធគីមី ស្ថិតក្រោមអនុសញ្ញាអន្តរជាតិហាមឃាត់ប្រើប្រាស់អាវុធគីមី។ ក្នុងចំណោមអនុសញ្ញាអន្តរជាតិទាំង៣ខាងលើនេះ កម្ពុជាជារដ្ឋភាគីសម្រាប់អនុសញ្ញាអន្តរជាតិចំនួន២គឺ គ្រាប់មីនប្រឆាំងមនុស្សនិងអាវុធគីមី។ ដូចនេះការអនុវត្តភារកិច្ចបោសសម្អាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមត្រូវអនុលោមតាមច្បាប់ជាតិនិងអន្តរជាតិផងនិងពង្រឹងកិច្ចសហប្រតិបត្តិការជាអន្តរជាតិផងដែរ។ ជាក់ស្តែងការអនុវត្តអនុសញ្ញាអន្តរជាតិអាវុធគីមី មានមាត្រាមួយចំនួនមានចែងច្បាស់ថា”ការបោសសម្អាតសំណល់អាវុធគីមី ជាបន្ទុកទទួលខុសត្រូវដោយប្រទេសផលិតឬរដ្ឋដែលប្រើប្រាស់អាវុធគីមីនោះទៅលើរដ្ឋរងគ្រោះ”…ជាដើម។ ឧទាហរណ៍ជាក់សែ្តងបញ្ហាអាវុធគីមីរវាងប្រទេសជប៉ុននិងចិន ដោយក្នុងសង្គ្រាមនិងក្រោយសង្គ្រាមជប៉ុនបានប្រើប្រាស់និងបន្សល់ទុកអាវុធគីមីមួយចំនួននៅលើទឹកដីប្រទេសចិន ដូចនេះភាគីរដ្ឋាភិបាលជប៉ុនមានភារកិច្ចជាអ្នករ៉ាប់រងធ្វើការបោសសម្អាតអាវុធគីមីសំណល់សង្គ្រាមនៅទឹកដីប្រទេសចិននោះទាំងស្រុងតែម្តង ជំនួសឱ្យភាគីប្រទេសចិន។
ឯកឧត្តម ហេង រតនា បន្តថា សរុបខ្លីការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងភាពជាដៃគូល្អជាប្រការចាំបាច់ និងការពង្រឹងភាពជាម្ចាស់ ដោយម្ចាស់ការលើសភាពការណ៍ដើម្បីឯករាជ្យភាព និងអធិបតេយ្យជាតិជាមូលដ្ឋានគ្រឹះនៃសុខសន្តិភាពសង្គមជាតិ។ ដូចនេះកង្វះខាតការស្វែងយល់ស៊ីម្រៅលើឬសគល់បញ្ហាហើយបែរជាដាក់បន្ទុកលើរាជរដ្ឋាភិបាលនោះ អាចធ្វើឱ្យប៉ះពាល់ផលប្រយោជន៍ជាតិ និងទំនាក់ទំនងអន្តរជាតិ។
ឯកឧត្តមថ្លែងថា៖« ខ្ញុំសូមបញ្ជាក់ជាថ្មីថា អង្គភាពស៊ីម៉ាក់ផ្អាកតែកម្លាំងខ្លះស្ថិតក្រោមគម្រោងជំនួយអាមេរិកប៉ុណ្ណោះ ដូចនេះកម្លាំងអង្គភាពស៊ីម៉ាក់បន្តឆ្លើយតម្រូវការរបស់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានខេត្តទាំងឡាយ តាមសំនូមពរជាធម្មតា»៕






-
ព័ត៌មាន1 week agoនាវាទេសចរណ៍ខ្នាតយក្ស VIKING VENUS នាំភ្ញៀវបរទេសជិត ៩០០ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
-
ព័ត៌មាន1 week agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ
-
ព័ត៌មាន1 week agoការកសាងគម្រោងគ្រប់គ្រងធនធានចម្រុះហ្វូណនតេជោ នឹងចូលរួមលើកស្ទួយកិត្តិយស និងសមត្ថភាពរបស់ជាតិ ព្រមទាំងជំរុញឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែរីកចម្រើន ប្រកបដោយភាពធន់
-
ព័ត៌មាន1 week agoសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ផ្ដល់ព្រះរាជអំណោយដល់កងទ័ព និងធ្វើបុណ្យឧទ្ទិសកុសលដល់យុទ្ធជនពលី
-
ព័ត៌មាន2 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ឆ្នាំង បានរៀបចំតុបតែងលម្អភ្លើងពណ៌តាមទីតាំងប្រារព្ធសង្ក្រាន្តក្នុងខេត្តបានរួចរាល់ហើយ
-
ព័ត៌មាន1 week agoភ្ញៀវទេសចរចាប់ផ្ដើមនាំគ្នាដើរទស្សនាទីតាំងរៀបចំព្រឹត្តិការណ៍«នគរសង្ក្រាន្ត» ដែលមានការតុបតែងយ៉ាងល្អ
-
ព័ត៌មាន2 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ