ព័ត៌មាន
ការផ្គត់ផ្គង់អគ្គិសនីបានគ្របដណ្ដប់លើភូមិស្ទើរ ១០០ភាគរយ នៃភូមិទាំងអស់ទូទាំងប្រទេសកម្ពុជា
គិតត្រឹមចុងឆ្នាំ ២០២៤កន្លងទៅនេះ ការផ្គត់ផ្គង់ថាមពលអគ្គិសនីនៅកម្ពុជា បានពង្រីកវិសាលភាពរបស់ខ្លួន ដោយបានគ្របដណ្ដប់ការផ្គត់ផ្គង់ថាមពលអគ្គិសនីទៅកាន់ភូមិចំនួន ៩៩,១៥ភាគរយ នៃភូមិទាំងអស់ទូទាំងប្រទេស។ នេះជាការលើកឡើងរបស់ ឯកឧត្តម យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា ក្នុងឱកាសធ្វើសន្និបាតបូកសរុបការងារឆ្នាំ ២០២៤។

ឯកឧត្តម យឹម វិសិដ្ឋ ប្រធានអជ្ញាធរអគ្គិសនីកម្ពុជា បានលើកឡើងនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះថា រហូតមកដល់ចុងឆ្នាំ២០២៤ កន្លងទៅនេះ ការផ្គត់ផ្គង់ថាមពលអគ្គិសនីបានគ្របដណ្ដប់លើភូមិចំនួន ៩៩,១៥ភាគរយ នៃភូមិសរុបទូទាំងប្រទេស។ ភូមិដែលមិនទាន់មានការផ្គត់ផ្គង់ថាមពលអគ្គិសនីគឺមានត្រឹមតែ ១២០ភូមិប៉ុណ្ណោះ។
ឯកឧត្តមលើកឡើងដែរថា តាមគម្រោងផែនការ ក្នុងរយៈពេល ២ទៅ៣ឆ្នាំមុខ ទាំងអគ្គិសនីកម្ពុជា ក៏ដូចជាសេវាឯកជន អាចមានលទ្ធភាពពង្រីកការផ្គត់ផ្គង់អគ្គិសនីពីបណ្ដាញជាតិបាន ៥១ភូមិទៀត ដែលអាចធ្វើឱ្យភូមិមិនមានថាមពលអគ្គិសនីប្រើប្រាស់ធ្លាក់មកត្រឹម ៦៩ភូមិ ឬស្មើនឹង ០,៤៩ភាគរយ នៃភូមិសរុបទូទាំងប្រទេស។

ក្រៅពីបញ្ជាក់ផែនការផ្គត់ផ្គង់នេះ ឯកឧត្តមប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា ក៏បានលើកឡើងពីផលវិបាកក្នុងផ្គត់ផ្គង់អគ្គិសនីទៅកាន់ភូមិដែលនៅសល់ផងដែរ។ ផលវិបាកដោយសារភូមិទាំងនោះ ស្ថិតនៅតំបន់ដាច់ស្រយាលខ្លាំង តំបន់គ្មានផ្លូវធ្វើដំណើរ តំបន់រស់នៅបណ្ដែតទឹក តំបន់កោះ តំបន់លិចទឹកនៅរដូវវស្សា តំបន់មានប្រជាពលរដ្ឋរស់នៅរាយប៉ាយ តំបន់តាំងទីលំនៅថ្មីជាដើម។ ការផ្គត់ផ្គង់នៅតំបន់ទាំងនេះ ត្រូវការដើមទុនច្រើន និងមានភាពស្មុគស្មាញ ប្រសិនបើមានការពង្រីកការផ្គត់ផ្គង់ពីបណ្ដាញជាតិទៅកាន់ភូមិទាំងនោះ។
ឯកឧត្តមលើកឡើងដែរថា បើផ្តោតលើការភ្ជាប់អគ្គិសនី ទៅលំនៅឋានវិញ បង្ហាញថាត្រឹមចុងឆ្នាំ ២០២៤ លំនៅឋាន ដែលបានភ្ជាប់អគ្គិសនីមានចំនួនជាង ៣,៥លាន ឬស្មើនឹង ៩៥,២៤ភាគរយ នៃលំនៅឋានសរុប។
ក្នុងពិធីសន្និបាតនេះដែរ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លើកឡើងថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបន្តសម្រួចគោលនយោបាយអន្តរកាលថាមពលកម្ពុជាឆ្ពោះទៅអព្យាក្រឹតកាបួន នៅឆ្នាំ២០៥០ តាមអភិក្រមចំនួន ៤ គឺ១-បង្កើនថាមពលស្អាត ប្រសិទ្ធភាពថាមពល និងភាពគ្រប់គ្រាន់, ២-រក្សាថ្លៃសមរម្យស្របតាមថ្លៃនៃធាតុចូលក្នុងការផលិត បញ្ជូន និងចែកចាយថាមពល, ៣-បង្កើនស្ថិរភាព និងគុណភាព នៃការផ្គត់ផ្គង់ និង៤-បង្កើនការផ្តល់សេវាឱ្យបានកាន់តែប្រសើរ និងប្រកបដោយសមធម៌រវាងតំបន់ទីក្រុង និង ជនបទ និងយកភាពជោគជ័យនៃការអនុវត្តអភិក្រមទាំង ៤ នេះទៅបម្រើវិស័យផ្សេងៗ និងទាក់ទាញបង្កើនភាព ប្រកួតប្រជែងនៃសេដ្ឋកិច្ចកម្ពុជា៕ អត្ថបទ៖ គឹម ហុក



-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់