ព័ត៌មាន
រដ្ឋាភិបាលកម្ពុជាអំពាវនាវកម្មករនិយោជិតយកចិត្តទុកដាក់ថែទាំសុខភាព ដើម្បីបង្កើនប្រសិទ្ធិភាពការងារ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយក្រសួងសុខាភិបាល បានប្រកាសបើកយុទ្ធនាការផ្សព្វផ្សាយដើម្បីទប់ស្កាត់ជំងឺមិនឆ្លងជូនដល់កម្មករនិយោជិតនៅតាមសហគ្រាស គ្រឹះស្ថាន ដើម្បីចូលរួមចំណែកក្នុងបេសកម្មរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ជំងឺមិនឆ្លង និងធានាឲ្យបាននូវសុខុមាលភាពរបស់កម្មករនិយោជិត។

នៅក្នុងកម្មវិធីនាព្រឹកថ្ងៃទី៥ កុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា យុទ្ធនាការនេះ ក៏នឹងរួមចំណែកក្នុងការអនុវត្តសកម្មភាពដែលមានកំណត់នៅក្នុងផែនការយុទ្ធសាស្រ្តជាតិសម្រាប់ការពារ និងប្រយុទ្ធនឹងជំងឺមិនឆ្លងឆ្នាំ២០២២-២០៣០ និងការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារសន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈឆ្នាំ២០២៤-២០២៨ ក្នុងការលើកកម្ពស់លក្ខខណ្ឌសុវត្ថិផាព និងសុខភាពការងាររបស់កម្មករនិយោជិតនៅកន្លែងធ្វើការ។

ជាមួយនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានណែនាំដល់នាយកដ្ឋានពេទ្យការងារ ត្រូវបន្តជំរុញការផ្សព្វផ្សាយស្តីពីការបង្ការនិងប្រយុទ្ធនឹងជំងឺមិនឆ្លង និងជំងឺរាតត្បាតនានា នៅតាមសហគ្រាស គ្រឹះស្ថាន ដោយសហការជាមួយក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធនានា និងបន្តសហការជាមួយក្រសួងសុខាភិបាល ក្នុងការរៀបចំបោះពុម្ពខិតប័ណ្ណអប់រំ និងបិតផ្ទាំងផ្សព្វផ្សាយពាក់ព័ន្ធបញ្ហាសុខភាពនេះកាន់តែទូលំទូលាយបន្ថែមទៀត ដើម្បីលើកកម្ពស់ការយល់ដឹងទៅដល់កម្មករនិយោជិត។

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍បញ្ជាក់ថា ពីដើមជំងឺមិនឆ្លងបណ្តាលឲ្យមានមនុស្សស្លាប់តិចជាងពាក់កណ្តាល តិចជាង ៥០% ប៉ុន្តែយោងតាមស្ថិតិស្រាវជ្រាវបច្ចុប្បន្ននេះ ជំងឺមិនឆ្លងស្លាប់រហូតដល់ ៦០% នៃការស្លាប់ជំងឺទូទៅច្រើនជាង ហើយកាន់តែវិវឌ្ឍច្រើនទៅៗ។ ឯកឧត្តម បានបន្តថា បើនៅក្នុងប្រទេសខ្លះ អត្រាស្លាប់កាន់តែច្រើនថែមទៅទៀតនិយាយជារួម ស្លាប់ច្រើនស្លាប់នឹងរឿងចំនួន៤ធំ មានដូចជា ជំងឺបេះដូង មហារីក ផ្លូវដង្ហើមរំារៃ និងទឹកនោមផ្អែម។

សូមជំរាបជូនថា ពិធីបើកយុទ្ធនាការផ្សព្វផ្សាយ ដើម្បីទប់ស្កាត់ជំងឺមិនឆ្លងជូនដល់បងប្អូនកម្មករនិយោជិត នៅតាមសហគ្រាស គ្រឹះស្ថាន បានរៀបចំធ្វើឡើងនៅក្នុងឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ថ្នាក់ដឹកនាំនៃក្រសួងសុខាភិបាល, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ , អាជ្ញាធរមូលដ្ឋានខេត្ត, មន្ទីរជុំវិញខេត្ត, អង្គការដៃគូ, តំណាងសមាគមនិយោជក, តំណាងសហជីព និងកម្មករនិយោជិតសរុបចំនួនប្រមាណជាង ៤ពាន់នាក់។ យុទ្ធនាការនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីរួមចំណែកក្នុងការទប់ស្កាត់ជំងឺមិនឆ្លង បង្កើនការយល់ដឹង សកម្មភាពអប់រំសុខភាព ធានាឱ្យនូវសុខុមាលភាពរបស់កម្មករ និយោជិត និងសាធារណជន អំពីកត្តាហានិភ័យ នៃជំងឺមិនឆ្លង ដើម្បីជំរុញការផ្លាស់ប្តូរ ឥរិយាបថរស់បុគ្គលផ្ទាល់ គ្រួសារ សហគមន៍ នៅប្រកបដោយសុខភាព និងសុខុមាលភាព៕ អត្ថបទ៖ ឈិត បូរ៉ាវី



-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប