ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងធនធានទឹក ដឹកនាំកិច្ចប្រជុំលើកទី២ គណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ ដើម្បីបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងការរៀបចំផែនការគ្រប់គ្រងអាងទន្លេ
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំលើកទី២ របស់សមាជិកនៃគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម។

ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍លើកឡើងថា កិច្ចប្រជុំលើកទី២ នាពេលនេះគឺក្នុងគោលបំណងដើម្បី ទី១-បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៥ ទី២-ធ្វើបទបង្ហាញចែករំលែកបទពិសោធន៍នៃការរៀបចំផែនការគ្រប់គ្រងអាងទន្លេ និងទី៣-បន្តពង្រឹងកិច្ចសហប្រតិបត្តិការអន្តរក្រសួង ស្ថាប័ន ក្នុងការគ្រប់គ្រងអាងទន្លេប្រកបដោយចីរភាព។
ឯកឧត្តមគូសបញ្ជាក់ឱ្យថា នៅក្នុងឆ្នាំ២០២៤ គណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ ដែលមានលេខាធិការដ្ឋានជាសេនាធិការ បានខិតខំប្រឹងប្រែងបំពេញការងាររបស់ខ្លួនយ៉ាងសកម្ម និងសម្រេចបានលទ្ធផលគួរជាទីមោទនៈ នៅក្នុងការរៀបចំកិច្ចប្រជុំសមាជិកគណៈកម្មាធិការគ្រប់គ្រងអាងទន្លេ ការផលិតឯកសារបច្ចេកទេសសម្រាប់ការគ្រប់គ្រងអាងទន្លេ ការបង្កើតក្រុមការងារព្រឹត្តិបត្រព័ត៌មានប្រតិបត្តិការទំនប់សំខាន់ៗ ការជំរុញផ្សព្វផ្សាយអនុក្រឹត្យស្ដីពីការគ្រប់គ្រងអាងទន្លេដល់ថ្នាក់ខេត្ត ការជួយសម្របសម្រួលរៀបចំបង្កើតគណៈកម្មាធិការគ្រប់គ្រងអាងទន្លេថ្នាក់ខេត្ត និងការអនុវត្តពង្រឹងវិធានការច្បាប់នៃអនុក្រឹត្យស្តីពីការគ្រប់គ្រងអាងទន្លេ នៅអាងទន្លេមេគង្គ អាងស្ទឹងព្រែកត្នោត និងអាងស្ទឹងមង្គលបូរី។
ឯកឧត្តមបន្ថែមថា ការងារគ្រប់គ្រងអាងទន្លេនៅជួបបញ្ហាប្រឈមមួយចំនួន ហើយដែលទាមទារឱ្យមានការចូលរួមពីអន្តរក្រសួង និងភាគីពាក់ព័ន្ធពីវិស័យផ្សេងៗ រួមទាំងទីភ្នាក់ងាររដ្ឋាភិបាលថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ សហគមន៍មូលដ្ឋាន អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន និងដៃគូអភិវឌ្ឍន៍នានា ដើម្បីពិភាក្សា ធ្វើផែនការ ស្វែងរកដំណោះស្រាយ និងពង្រឹងយន្តការសម្របសម្រួលធានាដល់ការអនុវត្តគោលនយោបាយ និងកម្មវិធីប្រកបដោយប្រសិទ្ធភាព និងគ្រប់ជ្រុងជ្រោយ។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា កន្លងមក ដោយសារតែមានយន្តការនៃការគ្រប់គ្រងអាងទន្លេបានល្អប្រសើរនិងគ្រប់ជ្រុងជ្រោយ គឺអាចជួយសម្រួល និងជួយដោះស្រាយបានជាអតិបរមាទៅដល់ការងារអន្តរាគមន៍ទឹកសម្រាប់ការបង្កបង្កើនផលស្រូវរដូវប្រាំង និងការប្រើប្រាស់ទឹករបស់បងប្អូនប្រជាកសិករនាដើមរដូវប្រាំងឆ្នាំ២០២៥នេះ៕





-
ព័ត៌មាន3 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន5 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន6 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន5 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍
-
ព័ត៌មាន6 days agoកម្ពុជាបានកំណត់មាគ៌ាជាតិ “អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន និងកំណើនជាក់ស្ដែងសម្រាប់អធិបតេយ្យភាពឌីជីថល”