ព័ត៌មាន
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា៖ «កិច្ចការអភិរក្ស ការពារ និងអភិវឌ្ឍសិល្បៈវប្បធម៌ ជាការងារគ្មានទីបញ្ចប់»
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអះអាងថា កិច្ចការអភិរក្ស ការពារ និងអភិវឌ្ឍសិល្បៈវប្បធម៌ ជាការងារគ្មានទីបញ្ចប់ និងទាមទារឱ្យមានកិច្ចខិតខំ ប្រឹងប្រែងជាប់មិនដាច់ ព្រមទាំងកសាងឱ្យបាននូវយុវជនបន្តវេនប្រកបដោយជំនាញវិជ្ជាជីវៈ និងមនសិការខ្ពស់។

ការថ្លែងរបស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា យ៉ាងដូច្នេះក្នុងឱកាសនៃពិធីបិទសន្និបាតបូកសរុបការងារវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៥ នាសាលសន្និសីទចតុម្មុខ ព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។ លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្រី្ត លើកឡើងទៀតថា ប្រទេសកម្ពុជា បានកកើតឡើង ជាមួយប្រវត្តិសាស្ត្រ វប្បធម៌ អរិយធម៌ ប្រពៃណីទំនៀមទម្លាប់ដ៏យូរលង់ និងច្បាស់លាស់ ដែលមកទល់បច្ចុប្បន្ន សិល្បៈ វប្បធម៌ បេតិកភណ្ឌទាំងរូបី និងអរូបី ដ៏សម្បូរបែប ដែលត្រូវបានបង្កើត បន្សល់ទុក និងថែរក្សាការពារ ដោយបុព្វបុរសគ្រប់ជំនាន់ គឺជាសក្ខីភាព និងបានក្លាយជាអត្តសញ្ញាណដ៏ថ្លៃថ្លារបស់ជាតិ និងប្រជាជន។ កិច្ចការបន្តវេនថែរក្សា ការពារ និងអភិវឌ្ឍន៍ បានក្លាយជាកាតព្វកិច្ចរបស់កូនខ្មែរគ្រប់ៗរូប ហើយបច្ចុប្បន្នភារកិច្ចនេះ មិនត្រឹមតែផ្តោតគោលដៅការការពារអត្តសញ្ញាណជាតិមួយមុខនោះទេ ប៉ុន្តែថែមទាំងជាកិច្ចខិតខំបង្វែរទិសបន្ថែម ដល់វិស័យសិល្បៈវប្បធម៌ ក្នុងការចូលរួមដោយផ្ទាល់និងដោយប្រយោលដល់កំណើនសេដ្ឋកិច្ច និងទ្រទ្រង់ជីវភាព ប្រជាជន តាមរយៈការកសាងជំនាញបន្តវេន បង្កបង្កើតការងារ និងតាមរយៈការរីកចម្រើនរបស់វិស័យឧស្សាហកម្ម វប្បធម៌។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានបញ្ជាក់ទៀតថា សន្និបាតឆ្នាំនេះ មានលក្ខណៈពិសេសជាងឆ្នាំមុន ដោយយើងទាំងអស់គ្នាជួបជុំមិនត្រឹមតែពិនិត្យ និងវាយតម្លៃទៅលើលទ្ធផលការងារទៅតាមទិសដៅដូចបានជម្រាបជូនខាងលើនោះទេ ប៉ុន្តែយើងបានផ្ទៀងផ្ទាត់ផងដែរ អំពីកម្រិតឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងផែនការសកម្មភាព អាទិភាពទាំង៦ចំណុច ដែលក្នុងនោះក៏បានត្រួតពិនិត្យផងដែរ អំពីសន្ទុះនៃការរៀបចំផ្ទះឱ្យបានរៀបរយ ”ដោយផ្អែកលើអភិក្រម“ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់។ ក្នុងន័យនេះ លោកជំទាវ សូមវាយតម្លៃខ្ពស់ជាថ្មី ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត សិល្បករ សិល្បការិនី ទាំងក្នុង និងក្រៅប្រព័ន្ធ ដែលនាំឱ្យវិស័យសិល្បៈវប្បធម៌បន្តទទួលបាននូវវឌ្ឍនភាពថ្មីៗ។ ផ្អែកលើរបាយការណ៍លម្អិត លោកជំទាវបណ្ឌិតសភាចារ្យ សូមផ្តល់ការតម្រង់ទិសបន្ថែមទៅលើ៩ចំណុចសំខាន់ៗមួយចំនួននៃផ្នែក ផែនការសកម្មភាពដែលត្រូវបន្ត និងដែលសុទ្ធតែជាសកម្មភាពអាទិភាពបន្ទាន់ ដែលត្រូវសម្រេចឱ្យបាននា ពេលដ៏ខ្លីខាងមុខ និងនៅដំណាច់ឆ្នាំ២០២៥នេះ។ ជាមួយគ្នានេះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា នៅតែមានជំនឿថា កិច្ចសហការប្រមូលផ្តុំកម្លាំងរួមមួយ រវាងគ្រប់អង្គភាពជំនាញរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងប្រជាជនគ្រប់មជ្ឈដ្ឋាន គឺជាភាពចាំបាច់បំផុត ដែលនាំឱ្យយើងសម្រេចបានទិសដៅការងារដែលបានគ្រោងទុក។ ការលះបង់ និងការបំពេញការងារប្រកបដោយ វិជ្ជាជីវៈ និងការទទួលខុសត្រូវ ព្រមទាំងសាមគ្គីភាពជាធ្លុងមួយនៅតាមគ្រប់អង្គភាព ក៏ជាតម្រូវការចាំបាច់ និងជាការបង្កភាពអនុគ្រោះដល់បរិយាកាសការងារល្អ និងជោគជ័យរួមរបស់អង្គភាពទាំងមូល។ កិច្ចខិតខំប្រឹងប្រែង របស់យើងទាំងអស់គ្នា នឹងមិនត្រឹមតែដើម្បីបុព្វហេតុសិល្បៈវប្បធម៌ និងប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែយល់ថា អ្វីដែលយើងកំពុងរៀបចំតម្រង់ទិសទាំង យន្តការការងារ ក្របខ័ណ្ឌគតិយុត្តគាំទ្រដល់ការអនុវត្តការងារ ការកសាង ធនធានមនុស្ស ទម្រង់នៃកិច្ចសហការជាតិ-អន្តរជាតិ ភាពជិតស្និទ្ធជាមួយវិស័យឯកជន ព្រមទាំងលទ្ធផល សម្រេចបានកន្លងមកនិងទៅអនាគត នឹងក្លាយជាមរតករបស់យើងទាំងអស់គ្នា ទុកជូនជនបន្តវេន ជាមួយក្តីសង្ឃឹម នៃការបង្កលក្ខណៈអនុគ្រោះនិងតម្រាយផ្លូវដ៏ល្អ សម្រាប់ការបន្តបុព្វហេតុការងារសម្រាប់វិស័យសិល្បៈវប្បធម៌៕ អត្ថបទ រដ្ឋា





-
ព័ត៌មាន1 week agoសម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
-
PR NEWS1 week agoGANZBERG បន្តគ្រងដំណែងមេដាយមាសពិភពលោក Monde Selection ក្នុងឆ្នាំ ២០២៦
-
ព័ត៌មាន1 week agoជនជាតិចិន ៣២៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា
-
ព័ត៌មាន1 week agoអភិបាលរាជធានីណែនាំឱ្យមន្ត្រី និងកងកម្លាំងប្រឹងប្រែងបន្ថែមទៀតលើការរក្សាសន្តិសុខ និងការងារនានា
-
ព័ត៌មាន1 week agoទុរេនតំបន់ទឹកជ្រោះឱម៉ាល់ ក្នុងខេត្តកំពត ហុចផលល្អ ទោះឆ្នាំនេះ អាកាសធាតុក្ដៅ
-
ព័ត៌មាន1 week agoករណី Online Scams ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី១នាក់ ,ផ្កាយពីរ ១នាក់ និងពាក់ព័ន្ធ ៤នាក់ផ្សេងទៀត
-
កីឡា1 week agoក្រោយធ្លាក់ទៅលីគទីបីអង់គ្លេសអ្នកគាំទ្រ Leicester City ធ្វើបាតុកម្មប្រឆាំងម្ចាស់ក្លិបជនជាតិថៃ
-
ព័ត៌មាន1 week agoសម្តេចធិបតី ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឱ្យសមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធទាំងអស់បន្តការបង្ក្រាបScam Online ដោយគ្មានបង្អង់ដៃឡើយ