ព័ត៌មាន
មន្រ្តីអធិការការងារចំនួន ១២០រូប ទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌
ភ្នំពេញ៖ មន្រ្តីអធិការការងារ នៃអគ្គនាយកដ្ឋានការងារ អគ្គលេខាធិការដ្ឋានគណៈកម្មការដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា និងមន្ទីការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានីភ្នំពេញ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសរុបចំនួន១២០រូប បានបំពេញនីតិវិធីធ្វើសម្បថស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌ ដើម្បីក្លាយជានគរបាលយុត្តិធម៌។ ពិធីសម្បថនេះ ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
យោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នីតិសម្បទាជានគរបាលយុត្តិធម៌នេះ ត្រូវបានផ្តល់ជូនអធិការការងារ ដើម្បីពង្រឹងការអនុវត្តបទប្បញ្ញត្តិច្បាប់ពាក់ព័ន្ធនឹងវិស័យការងារ សន្ដិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ជាពិសេស៖ ១. ត្រួតពិនិត្យនិងតាមដានការអនុវត្តបទប្បញ្ញត្តិនៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យការងារ សន្ដិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ២. លើកកម្ពស់លក្ខខណ្ឌការងារ លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ ការអនុវត្តរបបសន្តិសុខសង្គម និងទំនាក់ទំនងវិជ្ជាជីវៈ នៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ឱ្យកាន់តែប្រសើរឡើង។ ៣. ជំរុញរោងចក្រ សហគ្រាសគ្រឹះស្ថាន ដើម្បីប្រែក្លាយ “សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ” ពោលគឺជាកន្លែងធ្វើការដែលគោរពតាមច្បាប់ ធានាបាននូវសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ប្រកបដោយគុណភាព និងផលិតភាពការងារខ្ពស់។
សម្រាប់អធិការការងារនៅតាមមន្ទីការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅតាមបណ្តាខេត្តនានាចំនួន ១៣៦រូបទៀត នឹងបំពេញនីតិវិធីធ្វើសម្បថជានគរបាលយុត្តិធម៌ នៅតាមសាលាដំបូងខេត្ត តាមកាលកំណត់ជាបន្តបន្ទាប់។ ចំពោះមុខ អធិការការងារនៅមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តព្រះសីហនុចំនួន ១១រូប បានបំពេញនីតិវិធីសម្បថរួចហើយ កាលពីព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។
គួរបញ្ជាក់ថា ដើម្បីពង្រឹងកិច្ចការងារអធិការកិច្ចឱ្យកាន់តែមានប្រសិទ្ធភាព មន្រ្តីអធិការការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានទទួលវគ្គសុក្រឹតការ ស្តីពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គមដល់អធិការការងារផងដែរ។ វគ្គវិក្រឹតការទាំងនោះ ធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹង និងលើកកម្ពស់សមត្ថភាពអធិការកិច្ចការងារក្នុងការត្រួតពិនិត្យអនុវត្តលក្ខខណ្ឌការងារ លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ របបសន្តិសុខសង្គម និងសេរីភាពសមាគមនៅសហគ្រាស គ្រឹះស្ថាន ស្របតាមបទប្បញ្ញត្តិច្បាប់ជាធរមាន។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក៏បានរៀបចំសកម្មភាពការងារបន្តសម្រាប់ពង្រឹងសមត្ថភាពអធិការការងារផងដែរ ក្នុងនោះរៀបចំវគ្គបណ្តុះបណ្តាលដល់មន្រ្តីផ្សះផ្សារវិវាទការងារដោយសហការជាមួយអង្គការអន្តរជាតិខាងការងារ ILO, រៀបចំវគ្គបណ្តុះបណ្តាលដល់អធិការការងារ ដែលទទួលបាននីតិសម្បទានជានគរបាលយុត្តិធម៌ដោយសហការជាមួយក្រសួងយុត្តិធម៌ផងដែរ៕







-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប