ព័ត៌មាន
រដ្ឋមន្រ្តីកសិកម្ម ស្នើទូតចំនួន៤ ជួយផ្សព្វផ្សាយសក្តានុពល ដើម្បីទាក់ទាញអ្នកវិនិយោគមកវិនិយោគនៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ នៅរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានទទួលជួបសម្តែងការគួរសមជាមួយ ឯកអគ្គរាជទូតតែងតាំងថ្មីនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅសាធារណរដ្ឋប៊ុលហ្គារី ព្រះរាជាណាចក្រប៊ែលហ្ស៊ិក ប្រ៊ុយណេដារូស្សាឡាម និងសាធារណរដ្ឋហ្វីលីពីន នៅទីស្តីការក្រសួង។

ប្រភពក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរនូវឱកាសចូលកាន់តំណែង ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មី ចំនួន៤រូបប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលត្រូវចេញទៅបំពេញបេសកកម្មក្នុងពេលឆាប់ៗខាងមុខនេះ។ ឯកឧត្តម បានលើកឡើងពីគោលនយោបាយកសិកម្មក្នុងការធានាសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន ពោលគឺមានហូប មានប្រើ មានបាន និងមានរហូត ដែលកម្ពុជាបានឆ្លងផុតនូវដំណាក់កាលខ្វះហូប មកដល់បច្ចុប្បន្ននេះគឺមានហូបគ្រប់គ្រាន់ ហើយត្រូវជំរុញការកែច្នៃ វេចខ្ចប់ និងអាចនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ដែលជាមូលដ្ឋានសេដ្ឋកិច្ចគឺ មានបាន។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីកសិផលសក្តានុពលរបស់កម្ពុជារួមមាន ស្រូវអង្ករ ស្វាយ ស្វាយចន្ទី ម្រេច និងចេក ដែលត្រូវការការវិនិយោគក្នុងការកែច្នៃ ជំរុញការនាំចេញឱ្យបានច្រើន ទទួលបានតម្លៃបន្ថែមខ្ពស់ និងមានផលប្រយោជន៍សេដ្ឋកិច្ចដល់ប្រជាកសិករកម្ពុជា។ ក្នុងន័យនេះ ឯកឧត្តម បានបន្ថែមថា កម្ពុជាស្វាគមន៍អ្នកវិនិយោគ ដែលមានបំណងវិនិយោគផ្នែកឧស្សាហកម្ម ធាតុចូលកសិកម្ម និងសេវាកម្ម ដែលអាចស្រូបយកកសិផលកម្ពុជា ធ្វើការកែច្នៃ និងនាំចេញបានពិតប្រាកដ ដោយមិនប្រកួតប្រជែងការដាំដុះជាមួយប្រជាកសិករក្នុងស្រុកឡើយ ដែលឯកអគ្គរាជទូតត្រូវពិនិត្យលទ្ធភាពក្នុងការកៀរគរ និងស្វែងរកការគាំទ្រនានាដើម្បីទាក់ទាញអ្នកវិនិយោគមកវិនិយោគក្នុងប្រទេសកម្ពុជា។

បើតាម ឯកឧត្តមរដ្ឋមន្ត្រី ការបើកទីផ្សារអន្តរជាតិ គឺជារឿងចាំបាច់ដែលគួរយកចិត្តទុកដាក់បំផុត ដោយឯកអគ្គរាជទូត អាចជួយជំរុញគាំទ្រ សម្របសម្រួល មានការចរចានីតិវិធីច្បាស់លាស់ មានការថ្លឹងថ្លែងផលប្រយោជន៍ និងផលប៉ះពាល់ត្រឹមត្រូវ និងតស៊ូមតិអំពីលក្ខខណ្ឌសុវត្ថិភាពចំណីអាហារ អនាម័យ ភូតគាមអនាម័យ និងមានការទទួលស្គាល់នូវគុណភាពកសិផលកម្ពុជា ដោយតម្កល់ផលប្រយោជន៍ជាតិជាធំ។ ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានគូសបញ្ជាក់ពីការងារឥណទានកាបូន និងការអភិរក្សធនធានធម្មជាតិផងដែរ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់អំពីការងារនេះ គិតគូរពីអធិបតេយ្យភាពរបស់ខ្លួន ពិចារណាឱ្យបានច្បាស់លាស់ និងគិតគូរផលប្រយោជន៍ប្រជាជនជាសំខាន់។
ជាទីបញ្ចប់ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មី ចំនួន៤ រូបបានថ្លែងអំណរគុណដល់ ឯកឧត្តមរដ្ឋមន្ត្រី ដែលបានពន្យល់ និងផ្តល់ការណែនាំយ៉ាងស៊ីជម្រៅក្នុងវិស័យកសិកម្ម ដើម្បីជាទុនក្នុងការស្វែងរកការគាំទ្រក្រៅប្រទេស និងប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសផ្សេងៗឱ្យកាន់តែល្អប្រសើរ ទាញយកផលចំនេញសម្រាប់វិស័យកសិកម្ម និងវិស័យសំខាន់ផ្សេងៗទៀតឱ្យកាន់តែរីកចំរើន៕ អត្ថបទ៖ ឈិត បូរ៉ាវី






-
ព័ត៌មាន3 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន5 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន6 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន5 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍
-
ព័ត៌មាន6 days agoកម្ពុជាបានកំណត់មាគ៌ាជាតិ “អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន និងកំណើនជាក់ស្ដែងសម្រាប់អធិបតេយ្យភាពឌីជីថល”