ព័ត៌មាន
រដ្ឋមន្ត្រីធនធានទឹកដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពប្រព័ន្ធធារាសាស្ត្រ និងការងារអន្តរាគមន៍ទឹកសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករ ក្នុងភូមិសាស្ត្រស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល
កណ្ដាល៖នៅរសៀលថ្ងៃសៅរ៍ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមនី្ទរធនធានទឹក និងឧតុនិយម ខេត្តកណ្តាល ព្រមទាំងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងអាជ្ញាធរមូលដ្ឋានស្រុកខ្សាច់កណ្តាល បានអញ្ជើញចុះពិនិត្យស្ថានភាពប្រព័ន្ធធារាសាស្ត្រ និងការងារអន្តរាគមន៍ទឹកសង្គ្រោះស្រូវប្រាំងប្រជាកសិករ ក្នុងឃុំរកាជន្លឹង និងឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
សូមជម្រាបថា ផ្ទៃដីបង្កបង្កើនផលស្រូវប្រាំងរបស់ប្រជាកសិករប្រមាណ ៤៩៥ហិកតា ក្នុងភូមិចំនួន៥ នៃឃុំរកាជន្លឹង និង ប្រមាណ ១៧៤ហិកតា ក្នុងភូមិចំនួន៣ នៃឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលបានជួបប្រទះបញ្ហាខ្វះទឹកស្រោចស្រព ខណៈដែលប្រភពទឹកពីប្រព័ន្ធធារាសាស្ត្រព្រែកពោធិ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម បញ្ជូនមកដើម្បីស្រោចស្រពបានប្រមាណ ២៥០ហិកតាប៉ុណ្ណោះ ដោយសារផ្ទៃដីទាំងនេះស្ថិតនៅក្រៅតំបន់ស្រោចស្រពរបស់ប្រព័ន្ធធារាសាស្ត្រព្រែកពោធិ។
ជាដំណោះស្រាយ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាឱ្យក្រុមការងារ ដើម្បីបើកទឹកពីប្រព័ន្ធព្រែកពោធិរយៈពេលបីថ្ងៃបន្ថែមទៀត ដើម្បីអន្តរាគមន៍សង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករដែលកំពុងខ្វះខាតទឹកស្រោចស្រពប្រមាណ ៦៦៩ហិកតា ក្នុងឃុំទាំងពីរនេះ ព្រមទាំងសំណូមដល់ប្រជាកសិករឱ្យរង់ចាំរហូតដល់ទឹកពេញប្រឡាយសិន ចាំនាំគ្នាបូមបញ្ចូលស្រែ។
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី និងក្រុមការងារ បានអញ្ជើញចុះពិនិត្យស្ថានភាពប្រឡាយនាំទឹកពីព្រែកពោធិ និងបានចុះពិនិត្យស្ថានភាពស្ថានីយបូមទឹកទី៤៤ ហើយក៏បានពិភាក្សាអំពីគម្រោងអភិវឌ្ឍន៍ជំហាន២ ជាបន្ត នៅទីតាំងទន្លេតូចផងដែរ។
សូមបញ្ជាក់ថា ប្រព័ន្ធធារាសាស្ត្រព្រែកពោធិមានលទ្ធភាពស្រោចស្រពលើផ្ទៃដីសរុបប្រមាណ ១៤ ៤២០ ហិកតា ក្នុងនោះផ្ទៃដីរដូវវស្សា ៧៦២០ហិកតា និងផ្ទៃដីរដូវប្រាំងចំនួន ៦៨០០ហិកតា លាតសន្ធឹងចាប់ពីស្រុកស្រីសន្ធរ ខេត្តកំពង់ចាម រហូតដល់ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងផ្នែកខ្លះនៃស្រុកពារាំង ខេត្តព្រៃវែង៕










-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប