ព័ត៌មាន
កម្ពុជា-ថៃ សន្យាបន្ដពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន
រាជរដ្ឋាភិបាលកម្ពុជា និងថៃ បានប្រកាសប្ដេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្ដូរព័ត៌មានឲ្យគ្នាទៅវិញទៅមកបន្ថែមទៀតក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនខុសច្បាប់ខណៈបញ្ហានេះត្រូវបានភាគីទាំងពីរចាត់ទុកថាជាករណីមួយដ៏ស្មុគស្មាញនោះ។
ការប្តេជ្ញារបស់ភាគីទាំងពីរនេះ គឺបានធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះនៅទីស្តីការគណៈរដ្ឋមន្រ្តី ក្នុងឱកាសជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាមួយឧត្តមសេនីយ៍ឯក ផានុរ៉ាត់ លក្ខណ៍បុណ្យ អគ្គលេខាធិការនៃការិយាល័យក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ។
ថ្លែងនៅក្នុងកិច្ចជំនួបនោះ លោកឧត្តមសេនីយ៍ឯក ផានុរ៉ាត់ លក្ខណ៍បុណ្យបានសម្ដែងនូវការកោតសរសើរចំពោះសមិទ្ធផលលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់កម្ពុជានាពេលកន្លងមក ពិសេសភាពជោគជ័យលើយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ ឆ្នាំ២០២៤ ក្នុងនោះបានបង្ក្រាបបទល្មើសគ្រឿងញៀន រឹបអូសសារធាតុញៀន និងសារធាតុគីមីផ្សំ ព្រមទាំងអនុវត្តវិធានការបង្ការទប់ស្កាត់ និងផ្សព្វផ្សាយអប់រំយ៉ាងមានប្រសិទ្ធភាពជាដើម។
នៅចំពោះមុខឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន លោកឧត្តមសេនីយ៍ឯក ផានុរ៉ាត់ លក្ខណ៍បុណ្យក៏បានលើកឡើងអំពីការចាប់អារម្មណ៍ចំពោះវិធីសាស្ដ្រ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមការដឹកនាំរបស់ឯកឧត្តមសន្ដិបណ្ឌិត ដែលទទួលបាននូវប្រសិទ្ធភាពជាច្រើន រួមទាំងការបង្កើត App NoDrug ជាដើម។ កម្មវិធី ឬ App NoDrug បានប្រមូលផ្ដុំទៅដោយការអប់រំតាមប្រព័ន្ធឌីជីថល និងជាមធ្យោបាយមួយដ៏មានប្រសិទ្ធភាពដើម្បីឲ្យប្រជាពលរដ្ឋរាយការណ៍ ដើម្បីលុបបំបាត់ករណីគ្រឿងញៀននៅក្នុងសហគមន៍នោះ។ បន្ថែមពីនេះទៀតលោកឧត្តមសេនីយ៍ឯកក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងថៃ នាពេលកន្លងមកលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីទប់ស្កាត់ការលួចឆ្លងដែនគ្រឿងញៀនខុសច្បាប់ និងការផ្លាស់ប្ដូរព័ត៌មានឲ្យគ្នាទៅវិញទៅមកផងដែរ។
ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ ឯកឧត្តម សន្ដិបណ្ឌិត នេត សាវឿន បានថ្លែងអំណរគុណដល់ភាគីថៃ ដែលជាមិត្តដ៏ល្អ និងបានជួយគ្នាលើគ្រប់វិស័យ។ ដោយឡែកចំពោះការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ភាគីថៃបានដើរតួនាទីយ៉ាងសំខាន់ដល់កម្ពុជា ទាំងការងារជំនាញការផ្លាស់ប្ដូរព័ត៌មានការងារជំនួយសម្ភារបច្ចេកទេស។ ជាក់ស្ដែងជំនួយសម្ភារឧបករណ៍បច្ចេកទេសនៅថ្ងៃនេះ គឺជាសក្ខីភាពបង្ហាញអំពីការគិតគូររបស់ភាគីថៃ មកលើកម្ពុជា ហើយជំនួយទាំងអស់នេះប្រៀបដូចភាគីថៃ ចូលរួមជាមួយកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅប្រទេសកម្ពុជាយ៉ាងដូច្នេះដែរ។
កិច្ចជំនួបនោះដែរឯកឧត្តម សន្ដិបណ្ឌិតនេត សាវឿន ក៏បានរំលេចអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលចាត់ទុកការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាវិស័យអាទិភាពមួយ ក្នុងនោះមានក្បាលម៉ាស៊ីនដឹកនាំដ៏រឹងមាំ និងមានការចូលរួមពីគ្រប់វិស័យ គ្រប់ក្រសួងស្ថាប័នទាំងអស់ ដើម្បីធ្វើឲ្យការងារនេះកាន់តែមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងបញ្ហាក្នុងសហគមន៍ បានទាន់ពេលវេលា។
សូមបញ្ជាក់ថា ក្រៅពីជំនួបនោះឯកឧត្តម សន្ដិបណ្ឌិត នេត សាវឿន ក៏បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលរថយន្ដ និងឧបករណ៍តេស្ដរកសារធាតុញៀនតាមទឹកមូត្រ ដែលធ្វើឡើងដោយនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកឧត្តមសេនីយ៍ឯក ផានុរ៉ាត់ លក្ខណ៍បុណ្យ អគ្គលេខាធិការ នៃការិយាល័យក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃផងដែរ៕ អត្ថបទ៖ បាន ចក់
-
ព័ត៌មាន3 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន5 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន5 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍
-
ព័ត៌មាន6 days agoកម្ពុជាបានកំណត់មាគ៌ាជាតិ “អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន និងកំណើនជាក់ស្ដែងសម្រាប់អធិបតេយ្យភាពឌីជីថល”