ព័ត៌មាន
សមាគមទេសចរណ៍កម្ពុជា ប្ដេជ្ញាចូលរួមផ្សព្វផ្សាយព្រលានយន្តហោះអន្តរជាតិថ្មី ដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែមមកកម្ពុជា
ភ្នំពេញ ៖ ក្នុងដំណើរទស្សនកិច្ចដើម្បីពិនិត្យគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ខេត្តកណ្តាល លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានប្តេជ្ញាថា នឹងចូលរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការផ្សព្វផ្សាយអំពីព្រលានយន្តហោះថ្មីនេះ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិកាន់តែកើនឡើងចូលមកប្រទេសកម្ពុជា។
ក្រោយចប់ដំណើរទស្សនកិច្ចនៅអាកាសយានដ្ឋានអន្តរជាតិតេជោ នៅរសៀលថ្ងៃទី១០ ខែកុម្ភៈនេះ លោកជំទាវ ឆាយ ស៊ីវលីន បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មាន ឲ្យដឹងថា ដំណើរទស្សនកិច្ចនេះ មានការចូលរួមពីភ្ញៀវ និងសមាជិកនៃសមាគមទេសចរណ៍កម្ពុជា ប្រមាណជាង ២០០នាក់ ដើម្បីពិនិត្យពីវឌ្ឍនភាពអាកាសយានដ្ឋានអន្តរជាតិតេជោនេះ ខណៈគម្រោងនៃការដាក់ឱ្យដំណើរការព្រលានយន្តហោះខ្នាតយក្សមួយនេះ នឹងធ្វើឡើងនៅខែកក្កដា ឆ្នាំ២០២៥ខាងមុខនេះ។ លោកជំទាវ បានបន្តថា នេះគឺជាសមិទ្ធផលមួយដ៏អស្ចារ្យសម្រាប់កម្ពុជា ដែលយើងទទួលបានអាកាសយានដ្ឋានអន្តរជាតិដ៏ល្អ ដោយសារមានបច្ចេកវិទ្យាទំនើបៗនៅក្នុងនេះ។
លោកជំទាវ បានឲ្យដឹងទៀតថា តាមរយៈទស្សនកិច្ចសិក្សានេះ នឹងយកទៅផ្សព្វផ្សាយនៅតាមបណ្តាពិព័រណ៌ទេសចរណ៍ធំៗនៅលើពិភពលោក ជាពិសេសនៅខែមីនាខាងមុខនេះ ដែលនឹងមានបេសកកម្មនៅទីក្រុង ប៊ែរឡាំង ប្រទេសអាឡឺម៉ង់ ខាងសមាគមលោកទាវនឹងផ្តិតយករូបភាពទាំងនេះទៅបង្អួតការីទេសចរណ៍ ប្រតិបត្តិទេសចរណ៍នៅលើពិភពលោកដែលប្រមូលផ្តុំគ្នានៅក្នុងពិព័រណ៌ទេសចរណ៍ក្នុងប្រទេសអាឡឺម៉ង់។
លោកឧញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បានមានប្រសាសន៍ឲ្យដឹងដែរថា ប្រមុខរាជរដ្ឋាភិបាលបានឯកភាពសម្រេចឱ្យសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងខែកក្កដា ឆ្នាំ២០២៥នេះ។ ដូចនេះ នៅខែកក្កដា នឹងត្រៀមខ្លួនដើម្បីទៅដល់ការដាក់ឱ្យដំណើរការជាផ្លូវការតែម្តង។
ជាមួយនេះ លោកឧកញ៉ាបានស្នើឱ្យសមាជិកសមាគមទេសចរណ៍កម្ពុជាទាំងអស់ យកចិត្តទុកដាក់ដើម្បីទទួលភ្ញៀវ និងជួយធ្វើការផ្សព្វផ្សាយពីអាកាសយានដ្ឋានដ៏ធំមួយនេះផងដែរ។ លោកបន្ថែមទៀតថា ប្រតិបត្តិករទេសចរណ៍ គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការកៀរគរ និងលើកទឹកចិត្តភ្ញៀវទេសចរដែលមកទស្សនាកម្ពុជា ប៉ុន្តែការមកទស្សនានេះដែរ លុះតែកម្ពុជាមានសម្ភារៈ ទីតាំងគ្រប់គ្រាន់សម្រាប់ពួកគេផងដែរ។
អ្នកនាង ពត រ៉ានី អ្នកគ្រប់គ្រងទីផ្សារ នៃក្រុមប្រឹក្សាផ្សព្វផ្សាយទេសចរណ៍ម៉ាឡេស៊ី ក្នុងស្ថានទូតម៉ាឡេសុីដែលបានចុះធ្វើទស្សនកិច្ចនាព្រលានយន្តហោះនេះ បានលើកឡើងដែរថា អ្នកនាងពិតជាមានមោទនភាពចំពោះប្រទេសកម្ពុជាដែលមានព្រលានយន្តហោះដ៏ធំសម្រាប់ប្រទេសខ្លួនឯង ហើយអ្នកនាងក៏បានអំពាវនាវឱ្យក្រុមហ៊ុនទេសចរណ៍ ក៏ដូចជាអ្នកទេសចបរទេសមកលេងប្រទេសកម្ពុជាឱ្យបានច្រើន។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN កាលពីដើមខែមករាកន្លងទៅនេះ អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានជាប់ឈ្មោះ ជាសំណង់ស្ថាបត្យកម្មដ៏អស្ចារ្យបំផុតមួយក្នុងចំណោម ១១ស្ថាបត្យកម្ម ដ៏អស្ចារ្យបំផុតនៅលើពិភពលោក ដោយដាក់ទីតាំងព្រលានយន្តហោះតេជោនៅជួរមុខនៃការរចនាប្រកបដោយភាពច្នៃប្រឌិត និងនិរន្តរភាព។ អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងមកជំនួយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបច្ចុប្បន្ន ដែលមានសមត្ថភាពបម្រើសេវាកម្មដឹកភ្ញៀវទេសចរណ៍បានរហូតដល់ទៅ ៦ដងលើសព្រលានបច្ចុប្បន្ន៕
អត្ថបទ ឈិត បូរ៉ាវី



















-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប