ព័ត៌មាន
ក្រសួងការងារ ស្នើភាគីពាក់ព័ន្ធចូលរួមលើកកម្ពស់ទំនាក់ទំនងវិជ្ជាជីវៈ ដើម្បីទាក់ទាញអ្នកវិនិយោគបន្ថែមមកកម្ពុជា
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃនេះបានរៀបចំសិក្ខាសាលាត្រីភាគីស្តីពី «បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ» ក្នុងគោលបំណងដើម្បីបន្តពិគ្រោះយោបល់ សំដៅសម្រេចឱ្យបាននូវប្រកាសពាក់ព័ន្ធនឹងនីតិវិធីនៃការដោះស្រាយវិវាទបុគ្គល និងវិវាទការងាររួម ដែលមានលក្ខណៈពេញលេញ និងគ្រប់ជ្រុងជ្រោយ ដើម្បីធានាសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ។
នៅក្នុងពិធីបើកសិក្ខាសាលា នៅព្រឹកថ្ងៃទី១១ កុម្ភៈ ឆ្នាំ២០២៥នេះ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋមន្រ្តីស្តីទីនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ដើម្បីធានានូវនិរន្តរភាពលើយន្តការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ ក្រសួងការងារបានរៀបចំកិច្ចពិគ្រោះយោបល់ជាបន្តបន្ទាប់ជាមួយអន្តរក្រសួង ដៃគូសង្គម និងភាគីពាក់ព័ន្ធ រួមទាំងក្រុមប្រឹក្សាអាជ្ញាកណ្តាល មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល និងអង្គការអន្តរជាតិខាងការងារជាច្រើនលើកផងដែរ។
ក្នុងឱកាសនេះដែរ លោកជំទាវ បានថ្លែងកោតសរសើរ និងថ្លែងអំណរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្រ្តីផ្សះផ្សាវិវាទនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមទាំងមន្ត្រីផ្សះផ្សាវិវាទនៅតាមបណ្តាមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានី ខេត្ត, ក្រុមប្រឹក្សាអាជ្ញាកណ្តាល ក៏ដូចជាភាគីពាក់ព័ន្ធនៃវិវាទ ដែលបានចូលរួមយ៉ាងសកម្មក្នុងតួនាទី ភារកិច្ចរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ ដែលស្តែងឱ្យចេញនូវលទ្ធផលដ៏ល្អប្រសើរក្នុងការដោះស្រាយវិវាទការងារ ដែលធានាបាននូវភាពភាពសុខសាន្តក្នុងវិស័យការងារ នាពេលកន្លងមក។ លោកជំទាវ បានស្នើសុំជាថ្មីម្តងទៀត ឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមសហការគ្នា ដោយផ្អែកលើមូលដ្ឋានគតិយុត្តជាធរមាន ក្នុងស្មារតីការពារផលប្រយោជន៍រួមសំដៅធានាបានសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា ដែលនេះត្រូវបានទទួលស្គាល់ថាជាកត្តាស្នូលក្នុងការទាក់ទាញវិនិយោគិន។
ទន្ទឹមនឹងនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានប្រកាសស្វាគមន៍រាល់កិច្ចសហប្រតិបត្តិការជាមួយគ្រប់ដៃគូពាក់ព័ន្ធ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹង មតិយោបល់ និងស្វែងរកដំណោះស្រាយទាន់ពេលវេលា និងមានប្រសិទ្ធភាពសម្រាប់បញ្ហាទាំងឡាយ ស្របតាមតួនាទីភារកិច្ចរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសូមស្វាគមន៍រាល់សកម្មភាពរួបរួមគ្នា ដើម្បីជាប្រយោជន៍ជូនដល់កម្មករនិយោជិត និងសង្គមទាំងមូល។
សូមបញ្ជាក់ជូនថា សិក្ខាសាលាត្រីភាគីស្តីពី «បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ» ខាងលើនេះ សមាសភាពចូលរួម មកពីមន្រ្តីរាជការនៃក្រសួងការងារ, អង្គការអន្តរជាតិខាងការងា(ILO), តំណាងសហជីព, សភាពាណិជ្ជកម្មអន្តរជាតិ និងតំណាងអ្នកបញ្ជាទិញ ម្ចាស់ម៉ាកផងដែរ៕






-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦