ព័ត៌មាន
គណៈប្រតិភូគណៈកម្មការទី១ រដ្ឋសភា បានកោតសរសើរចំពោះភាពរីកចម្រើនរបស់ខេត្តបាត់ដំបង
បាត់ដំបង៖ ដោយអនុវត្តទៅតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា និងតួនាទីភារកិច្ចរបស់គណៈកម្មការ រដ្ឋសភាប្រជុំជាសាមញ្ញ២ដងក្នុងមួយឆ្នាំ ហើយសម័យប្រជុំនីមួយៗមានរយៈពេលយ៉ាងតិច៣ខែ និងវិស្សមកាល២ដងក្នុងមួយឆ្នាំ ដែលមានរយៈពេលយ៉ាងតិច៣ខែដែរ ដូចនេះក្នុងរយៈពេលវិស្សមកាល គណៈកម្មការបានឯកភាពគ្នាសម្រេចចុះបំពេញបេសកកម្មមកខេត្តបាត់ដំបង ដោយមានការអនុញ្ញាតពី សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ជាក់ស្តែងថ្ងៃនេះ គណៈកម្មការបានជួបជាមួយ ឯកឧត្តម អភិបាលខេត្ត និងសហការី ដើម្បីស្វែងយល់អំពីវឌ្ឍនភាពការងារ និងយន្តការដោះស្រាយទំនាស់ដីធ្លី ដែលកើតមាន ឡើងនៅក្នុងដែនសមត្ថកិច្ចរបស់អាជ្ញាធរខេត្ត។
ក្នុងដំណើរបំពេញបេសកកម្មនៅខេត្តបាត់ដំបង គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង និងអង្កេត និងអធិការកិច្ច នៃរដ្ឋសភា (គណៈកម្មការទី១) ដឹកនាំដោយឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការ និងតំណាងរាស្ត្រមណ្ឌលបាត់ដំបង រួមមាន ឯកឧត្តម ច័ន្ទ សុផល លោកជំទាវ លី គឹមលៀង និងឯកឧត្ដម ងិន ឃន បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងឯកឧត្តម អេ សារុម សមាជិកក្រុមប្រឹក្សាខេត្តបាត់ដំបង និងសហការី និងប្រធានមន្ទីរជំនាញពាក់ព័ន្ធវិស័យទទួលបន្ទុករបស់គណៈកម្មការដើម្បីស្វែងយល់អំពីវឌ្ឍនភាពការងារ និងយន្តការដោះស្រាយទំនាស់ដីធ្លីរបស់អាជ្ញាធរខេត្ត នៅសាលប្រជុំសាលាខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥។
ក្នុងជំនួបពិភាក្សា ឯកឧត្តម សុខ លូ បានលើកឡើងថា ដោយស្ថិតក្រោមម្លប់សុខសន្តិភាព ដែលរកបានដោយកម្រនៃមគ្គុទេសក៍នយោបាយឈ្នះ ឈ្នះ គឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្នជា ប្រធានព្រឹទ្ធសភា និងក្រោមការដឹកនាំប្រកបដោយភាពវៃឆ្លាត ប៉ិនប្រសព្វ ពោពេញដោយបញ្ញាញាណ និង ថាមពលរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសកម្ពុជា មានសុខសន្តិភាព និងការអភិវឌ្ឍជាលំដាប់ ក្នុងនោះខេត្តបាត់ដំបង ក៏ទទួលបាននៅភាពរីកចម្រើនលើគ្រប់វិស័យផងដែរ។
ឯកឧត្តមបានបន្តទៀតថា ក្នុងបរិបទនៃការរីកចម្រើននេះ រដ្ឋបាលខេត្តក៏មានភាពខ្វះចន្លោះ និងបញ្ហាប្រឈមមួយចំនួនដែលត្រូវបន្តដោះស្រាយ ។ ឯកឧត្តមបានបញ្ជាក់ថា ការដោះស្រាយបញ្ហាដីធ្លី និងការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ ដោយអនុវត្តតាមគោល ការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល និងការដាក់ចេញនូវយន្តការនៃការដោះស្រាយទំនាស់/ វិវាទក្រៅប្រព័ន្ធតុលាការនៅក្នុងឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តបានទទួល និងកំពុងពិនិត្យចាត់ចែងសម្របសម្រួលដោះស្រាយករណីបណ្ដឹង/វិវាទនានាសរុបចំនួន៧៧០ករណី ក្នុងនោះបណ្ដឹង/វិវាទផ្នែកដីធ្លីចំនួន ២៨០ករណី បណ្ដឹង/វិវាទផ្នែករដ្ឋប្បវេណីចំនួន ៤៨៩ករណី, បណ្ដឹង/វិវាទទៅលើអាជ្ញាធរចំនួន១ករណី។ ដោយឡែកការដោះស្រាយក្នុងសមត្ថកិច្ចផ្ទាល់របស់រដ្ឋបាលខេត្ត បានទទួលបណ្ដឹង១៥២ករណី និង បានដោះស្រាយចប់ជាស្ថាពរទាំង១៥២ករណី។ ចំពោះបណ្ដឹង/វិវាទទាំងនេះ រដ្ឋបាលខេត្ត ក្រុង ស្រុក ពាក់ព័ន្ធបានពិនិត្យ និងដោះស្រាយបញ្ចប់បានចំនួន៥៧៦ករណី, បានច្រានចោលចំនួន១ករណី បាន ស្នើសុំដកពាក្យបណ្តឹងត្រលប់វិញចំនួន៨ករណី និងបានបញ្ជូនទៅស្ថាប័នពាក់ព័ន្ធ និងថ្នាក់ជាតិ។ ការដោះស្រាយទំនាស់/វិវាទក្រៅប្រព័ន្ធតុលាការ បានធ្វើឱ្យមានទំនុកចិត្តពីភាគីទំនាស់/វិវាទ ដោយសារការ ដោះស្រាយឈរលើមូលដ្ឋានច្បាប់ មិនប្រកាន់និន្នាការនយោបាយ និងមានឆន្ទៈមនសិការ ការលះបង់ ពេលវេលា ដើម្បីខិតខំឱ្យគូភាគីឈានដល់ការព្រមព្រៀងគ្នាបញ្ចប់ទំនាស់/វិវាទតាមរយៈយន្តការឈ្នះ ឈ្នះ។
ទោះបីមានការខិតខំរបស់រដ្ឋបាលខេត្ត ក្រុង ស្រុក ក្នុងការដោះស្រាយទំនាស់/វិវាទ ក្រៅប្រព័ន្ធតុលាការ ទទួលបានលទ្ធផលជោគជ័យយ៉ាងច្រើនក្តី ក៏នៅមានបញ្ហាប្រឈមមួយចំនួនដូចជា ការផ្លាស់ប្តូរមន្ត្រី ទទួលបន្ទុក ឬផ្លាស់ប្តូរសមាសភាពក្រុមការងារញឹកញាប់ ការសម្របសម្រួលខ្លះមានការឯកភាពព្រម ព្រៀងរវាងគូភាគីរួចហើយ បែរជាមិនអនុវត្តតាមការសម្រុះសម្រួលគ្នាទៅវិញដោយសារជឿការញុះញង់ពី អ្នកខាងក្រៅ ភាគីម្ខាងនៃវិវាទអាងការអន្តរាគមន៍ពីអ្នកនេះអ្នកនោះ ឬការប្រើឥទ្ធិពលពីអ្នកមានអំណាច បានធ្វើឱ្យការសម្របសម្រួលមិនអាចឈានទៅបញ្ចប់បាន ហើយក្លាយទៅជាវិវាទរ៉ាំរ៉ៃ មានបុគ្គលខ្លះដើរ តួជាអ្នកជួញរឿង និងអាជ្ញាធរមូលដ្ឋានខ្លះបង្កបញ្ហាស្មុគ្រស្មាញលើការដោះស្រាយវិវាទដីធ្លីតាមរយៈការ បញ្ជាក់ការកាន់កាប់ដីត្រួតគ្នា ធ្វើឱ្យលំបាកដល់ការសម្របសម្រួលដោះស្រាយវិវាទ។ បច្ចុប្បន្នរដ្ឋបាលខេត្តបាត់ដំបង និងអាជ្ញាជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក) ដែលមានឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាប្រធាន បានចុះអនុស្សរណៈ យោគយល់គ្នា កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ ក្នុងគោលដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និង ឆាប់រហ័ស នៃការសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ។ រដ្ឋបាលខេត្តបាត់ដំបង ជាតួអង្គសំខាន់ដែលអាចរូបចំណែកក្នុងការជួយជំរុញឱ្យមានប្រសិទ្ធភាពនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធ តុលាការនៅក្នុងមូលដ្ឋានខេត្ត ហើយកំណត់ហេតុនៃការព្រមព្រៀងគឺស្មើសាលដីកា ឬសេចក្តីសម្រេច របស់តុលាការ។
បន្ទាប់មកពីស្ដាប់របាយការណ៍របស់រដ្ឋបាលខេត្តរួចមក ឯកឧត្តម សរ ចំរុង បានកោតសរសើរខ្ញុំវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនអំពីវឌ្ឍនភាពការងាររបស់រដ្ឋបាលខេត្តបាត់ដំបង ដែលជានិច្ចកាលបានយកចិត្តទុកដាក់ក្នុងការបម្រើសេវា និងខិតខំដោះស្រាយរាល់ការលំបាកជូនប្រជាពលរដ្ឋ ដោយឈរលើគោលការណ៍ច្បាប់ ។ ឯកឧត្តមបានបន្តថា គណៈកម្មការក៏បានកត់សម្គាល់លើបញ្ហាប្រឈមទាំងអស់របស់ខេត្ត និងទទួលយកសំណើដែលខេត្តបានលើកឡើង យកទៅជម្រាបជូន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដើម្បីជួយធ្វើអន្តរាគមន៍ និងដោះស្រាយតាមនីតិវិធីរបស់រដ្ឋសភា៕
-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន7 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន5 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន5 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
PR NEWS2 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប