ព័ត៌មាន
ឯកឧត្តម លី ធុជ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ MACC និងថ្លែងអំណរគុណគ្រប់ប្រតិបត្តិករចំពោះភាពជោគជ័យក្នុងការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥
រសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន អញ្ចើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលសកម្មភាពកម្ចាត់មីន (MACC) ដែលកិច្ចប្រជុំនេះ មានការចូលរួមពីប្រតិបត្តិករបោសសម្អាតមីនរួមមាន បញ្ជាការដ្ឋានកងទ័ពជើងគោក មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព អង្គភាពស៊ីម៉ាក់ អង្គការ HALO Trust, MAG, NPA, CSHD, APOPO និងមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC)។

ក្នុងឱកាសនោះ តាងនាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គ្រប់ប្រតិបត្តិករបោសសម្អាតមីនជាតិ-អន្តរជាតិ ចំពោះកិច្ចខិតខំប្រឹងប្រែង និងការពលីគ្រប់បែបយ៉ាងក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា ជាពិសេសទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ ដែលបាននាំមកនូវសមិទ្ធផលយ៉ាងធំធេងសម្រាប់វិស័យសកម្មភាពមីននៅកម្ពុជា ដែលជាកត្តាមួយដ៏សំខាន់ក្នុងការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ។
ជាក់ស្តែងឆ្នាំ២០២៤ កន្លងនេះ ផ្ទៃដីមានមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមចំនួន ២៧៣ គីឡូម៉ែត្រក្រឡា ត្រូវបានបោសសម្អាតរួច ដោយរកឃើញ និងបំផ្លាញចោលមីនប្រឆាំងមនុស្សចំនួនប្រមាណជាង ១,៧ ម៉ឺនគ្រាប់ មីនប្រឆាំងរថក្រោះជាង ២០០គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួនជាង ៩ ម៉ឺនគ្រាប់ ហើយអត្រាគ្រោះថ្នាក់បានធ្លាក់ចុះគួរឱ្យកត់សម្គាល់។

ឯកឧត្តម លី ធុជ គូសបញ្ជាក់បន្ថែមទៀតថា ការងារចំពោះមុខក្នុងឆ្នាំ២០២៥ និងជាឆ្នាំចុងក្រោយនៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ កម្ពុជាបាននឹងកំពុងរៀបចំកំណត់នូវគោលដៅថ្មី «ឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម» ដើម្បីអាចធានាបាននូវការរស់នៅរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍជាតិប្រព្រឹត្តទៅបានប្រកបដោយសុវត្ថិភាពខ្ពស់គ្រប់ទីកន្លែង។
ឯកឧត្តម លី ធុជ បន្តទៀតថា ដើម្បីគាំទ្រដល់គោលដៅថ្មីនេះ អាជ្ញាធរមីន កំពុងរៀបចំនូវឯកសារគោលសំខាន់មួយ គឺសេចក្តីព្រាងនៃគោលនយោបាយជាតិសកម្មភាពមីន (NMAP) ២០២៦-២០៣៥ និងកំពុងប្រមូលធាតុចូលជាបន្តបន្ទាប់ពីគ្រប់ភាគីពាក់ព័ន្ធ ដោយឈរលើមូលដ្ឋាននៃការវិវត្តសកម្មភាពមីននាពេលបច្ចុប្បន្ន និងរួមបញ្ចូលគ្នាទាំងគោលនយោបាយបាយ និងយុទ្ធសាស្ត្រ ក្នុងឯកសារតែមួយ។
ជាមួយគ្នានោះ ឯកឧត្តម លី ធុជ បានថ្លែងអំណរគុណផងដែរ ជូនចំពោះប្រតិបត្តិករបោសសម្អាតមីនទាំងអស់ ដែលបានគាំទ្រដល់ភាពជាប្រធាន និងជាម្ចាស់ផ្ទះរបស់កម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា ឬ «កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន» ដោយទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។
ជាចុងបញ្ចប់ ដោយឃើញពីករណីគ្រោះថ្នាក់អ្នកដោះមីននាដើមឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត លី ធុជ បានជំរុញឱ្យអង្គភាពដោះមីនទាំងជាតិ-អន្តរជាតិ ត្រូវពង្រឹងការអនុវត្តវិធានការដែលមានស្រាប់ដល់ប្រតិបត្តិករដោះមីនទាំងអស់ ដើម្បីឱ្យមានការប្រុសប្រយ័ត្នខ្ពស់ និងចៀសវាងកុំឱ្យមានឧបទ្ទេវហេតុការគ្រោះថ្នាក់ណាមួយ៕






-
ព័ត៌មាន3 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន5 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន5 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍
-
ព័ត៌មាន5 days agoកម្ពុជាបានកំណត់មាគ៌ាជាតិ “អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន និងកំណើនជាក់ស្ដែងសម្រាប់អធិបតេយ្យភាពឌីជីថល”