ព័ត៌មាន
ឯកឧត្តម ហេង រតនា៖ ទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ រៀបចំឡើងសំដៅជំរុញចលនាសាធារណៈចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ សំណល់សង្គ្រាម
ភ្នំពេញ៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC មានប្រសាសន៍បញ្ជាក់ថា ទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ត្រូវបានអង្គភាពស៊ីម៉ាក់ផ្តួចផ្តើមរៀបចំឡើងនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៩៥ សំដៅជំរុញចលនាសាធារណៈឱ្យមានការចូលរួមយ៉ាងសកម្មដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះសំណល់សង្គ្រាម ក្នុងសភាពការណ៍ពេលនោះកម្ពុជា មានអត្រាគ្រោះថ្នាក់ដោយសារគ្រាប់មីនខ្ពស់ជាងគេក្នុងពិភពលោកគឺមានចំនួនប្រមាណជាង ៤,០០០នាក់ក្នុងមួយឆ្នាំៗ។
តាមរយៈសារនៅលើបណ្ដាញសង្គមនៅថ្ងៃទី២៤ កុម្ភៈនេះ ឯកឧត្តម ហេង រតនា មានប្រសាសន៍អបអរសាទរខួបលើកទី ២៦ នៃទិវាជាតិយល់ដឹងអំពីគ្រាប់មីន ២៤ កុម្ភៈ ២០២៥! ឯកឧត្តមថ្លែងថា ឆ្នាំ២០២៥នេះ ទិវាជាតិយល់ដឹងពីគ្រាប់មីនប្រារព្ធឡើងក្រោមប្រធានបទ «រួមគ្នាលុបបំបាត់គ្រោះថ្នាក់ដោយសារគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដើម្បីសហគមន៍មានសុវត្ថិភាព»។
ឯកឧត្តម ហេង រតនា បានរំលឹកថា៖«ទិវាអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសំណល់សង្គ្រាម ត្រូវបានអង្គភាពស៊ីម៉ាក់ផ្តួចផ្តើមរៀបចំឡើងនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៩៥ សំដៅជំរុញចលនាសាធារណៈឱ្យមានការចូលរួមយ៉ាងសកម្មដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះសំណល់សង្គ្រាម ក្នុងសភាពការណ៍ពេលនោះកម្ពុជា មានអត្រាគ្រោះថ្នាក់ដោយសារគ្រាប់មីនខ្ពស់ជាងគេក្នុងពិភពលោកគឺមានចំនួនប្រមាណជាង ៤,០០០នាក់ ក្នុងមួយឆ្នាំៗ»។
ឯកឧត្តមបញ្ជាក់ថា៖«ថ្នាក់ដឹកនាំនៃព្រះរាជាណាចក្រនេះ បានខិតខំដឹកនាំនិងធ្វើចលនាអំពាវនាវផ្សព្វផ្សាយយ៉ាងខ្លាំងក្លាទាំងក្នុងក្រមខណ្ឌជាតិនិងអន្តរជាតិ! រហូតដល់ឆ្នាំ១៩៩៩ ក៏បានបញ្ចូលកម្មវិធីនេះទៅជាទិវារជាតិតែម្តង»។
សូមជម្រាបថាសង្គ្រាមបានបន្សល់ទុកនូវមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលបណ្តាលឱ្យប្រជាពលរដ្ឋរាប់ម៉ឺននាក់រងរបួស ធ្លាក់ខ្លួនពិការ និងស្លាប់បាត់បង់ជីវិត ព្រមទាំងបានបង្កនូវសោកនាដកម្មដ៏ឈឺចាប់ និងបានរាំងស្ទះដល់ការអភិវឌ្ឍប្រទេសជាតិ។ ជាមួយនឹងការបង្រួបបង្រួមជាតិ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្រោមនយោបាយ «ឈ្នះ-ឈ្នះ» នៅចុងឆ្នាំ១៩៩៨ រាជរដ្ឋាភិបាលកម្ពុជាអាចមានលទ្ធភាពដោះស្រាយនូវផលអវិជ្ជមានលើគ្រប់វិស័យ។ ជាមួយគ្នានេះសមិទ្ធផលទាក់ទងនឹងសកម្មភាពមិន បានចូលរួមចំណែកយ៉ាងសំខាន់ ដល់កិច្ចគាំពារសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។
គិតចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២៤ អស់រយៈពេលប្រមាណ៣២ឆ្នាំកន្លងមក ផ្ទៃដីទំហំ ៣ ២៩៧គីឡូម៉ែត្រការរ៉េ ត្រូវបានបោសសម្អាត សម្រាប់យកទៅប្រើប្រាស់និងបង្កបង្កើនផលក្នុងនោះវិស័យកសិកម្មមាន៨១ភាគរយ ហេដ្ឋារចនាសម្ព័ន្ធមាន៤ភាគរយ និងផ្សេងៗមាន ១៥ ភាគរយ ដែលរួមមានការសាងសង់លំនៅឋាន ភូមិករ សាលារៀន មណ្ឌលសុខភាពជាដើម ដោយមានប្រជាពលរដ្ឋទទួលផល ប្រមាណជាង១០លាននាក់។
មីនប្រឆាំងមនុស្សចំនួន ១ ១៩៧ ២១៨ គ្រាប់ មិនប្រឆាំងរថក្រោះចំនួន ២៦ ៥៦៧ គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ៣ ១៩៦ ៧០៤ គ្រាប់ត្រូវបានរកឃើញនិងបំផ្លាញចោល។ ដោយឡែកនៅក្នុងឆ្នាំ២០២៤ កន្លងទៅ ផ្ទៃដីចំនួន ២៧៣ គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាតរួច ក្នុងនោះបានរកឃើញ និងបំផ្លាញចោលមិនប្រឆាំងមនុស្សចំនួន ១៧ ៨៥៣ គ្រាប់ មិនប្រឆាំងរថក្រោះចំនួន ២២៨ គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ៩១ ១១១ គ្រាប់។ ចំនួនជនរងគ្រោះបានថយចុះពី ៤ ៣២០ នាក់ក្នុងឆ្នាំ ១៩៩៦ មកត្រឹម ៤៩ នាក់ ក្នុងឆ្នាំ២០២៤។
មកទល់ពេលនេះ យើងបានរួមគ្នាសម្រេចបាននូវសមិទ្ធផលជាផ្លែផ្កាធំៗជាច្រើនលើសកម្មភាពមីន ដែលជាកត្តាមួយដ៏សំខាន់ក្នុងការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ។ ជោគជ័យ ដ៏ត្រចះត្រចង់នេះ មិនបានធ្វើឱ្យយើងព្រងើយកន្តើយនោះទេ ប៉ុន្តែតម្រូវឱ្យយើងខិតខំបន្ថែមទៀតក្នុងការឈានទៅ សម្រេចគោលដៅថ្មី «ឆ្ពោះទៅរកកម្ពុជាមួយ គ្មានផលប៉ះពាល់ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម» ដើម្បីអាចធានាបាននូវការរស់នៅរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍជាតិប្រព្រឹត្តទៅបានប្រកបដោយសុវត្ថិភាពខ្ពស់ គ្រប់ទីកន្លែង៕








-
ព័ត៌មាន2 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍
-
ព័ត៌មាន1 week agoក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជាបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅជាបណ្តោះអាសន្ន នៅខេត្តព្រះវិហារ ចំនួន ៦៤៥គ្រួសារ