ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីពិធីបញ្ចុះបឋមសិលាកសាងមហាប្រាសាទព្រះធម្មចេតិយទី២ នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា
កំពង់ស្ពឺ៖ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អញ្ជើញជាអធិបតី ពិធីបញ្ចុះបឋម សិលាកសាងមហាប្រាសាទព្រះធម្មចេតិយទី២ នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា (គីរីរម្យ) ដែលស្ថិតនៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥។
បន្ទាប់ពីស្តាប់របាយការណ៍សាងសង់ដោយអ្នកឧកញ៉ា អគ្គមហាឧបាសិកាធម្មបណ្ឌិត ញ៉ឹក ប៊ុនថា ប្រធានមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ឯកឧត្តមហ៊ុន ម៉ានី បានកោតសរសើរចំពោះគំនិតផ្តួចផ្តើមក្នុងការកសាងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនានេះ និងថ្លែងអំណរគុណចំពោះទឹកចិត្ត និងសទ្ធាជ្រះថ្លារបស់ អ្នកឧកញ៉ា ចំពោះការខិតខំប្រឹងប្រែង និងការលះបង់ទាំងកម្លាំងកាយចិត្ត ពេលវេលា និងការបរិច្ចាគថវិកាផ្ទាល់ខ្លួនយ៉ាងច្រើនសន្ធឹកសន្ធាប់ ព្រមទាំងបានអំពាវនាវ កៀរគរថវិកាពីសប្បុរជន និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដើម្បីចូលរួមចំណែកកសាងសមិទ្ធផលនានាជាច្រើននៅក្នុងមជ្ឈមណ្ឌលដ៏ធំនេះ សម្រាប់ទុកជាបូជនីយដ្ឋានព្រះពុទ្ធសាសនា និងជាមត៌កវប្បធម៌ជាតិផងដែរ។
នាឱកាសនោះ ឯកឧត្តម បានលើកឡើងថា តាមរយៈសមិទ្ធផលនាថ្ងៃនេះ បានគូសបញ្ជាក់ពីការខិតខំប្រឹងប្រែង និងការជឿទុកចិត្តមកលើការដឹកនាំ និងការអនុវត្តការងារ របស់ដឹកថ្នាក់នាំគ្រប់ជាន់ថ្នាក់ ក្នុងការកែប្រែកន្លែងដែលមានអតីតកាលចូរចត់ មកជាកន្លែងសម្រាប់អប់រំផ្លូវចិត្ត និងបម្រើដល់ប្រយោជន៍ព្រះពុទ្ធសាសនា។ ឯកឧត្តម បានគូសបញ្ជាក់ពីទស្សនៈប្រវត្តិសាស្រ្តរបស់កម្ពុជា ដោយផ្សាភ្ជាប់ថា ផ្អែកលើអតីតកាលដែលបានឆ្លងកាត់ដោយលំបាក គឺយើងត្រូវខំប្រឹងប្រែងគិតគូរបន្ថែមឆ្ពោះទៅអនាគត ក្នុងនោះក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺយើងត្រូវបន្តថែរក្សា និងការពារ និងអភិវឌ្ឍបន្ថែម ទៅលើថ្នាលមានស្រាប់ ដែលយុវជនជំនាន់មុខបានកសាង និងថែរក្សាដើម្បីយើង។
សូមបញ្ជាក់ថា មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា បានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈអនុក្រឹត្យចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៣ ស្ដីពីការកំណត់តំបន់គ្រប់គ្រង ក្នុងតំបន់ការពារធម្មជាតិទៅជាតំបន់ប្រើប្រាស់ដោយចីរភាព ដោយត្រូវបានកំណត់តំបន់គ្រប់គ្រង ក្នុងតំបន់ឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ» លើផ្ទៃដីសរុបចំនួន ១២៦ ហិកតា ទៅជាតំបន់ប្រើប្រាស់ដោយចីរភាព ស្ថិតក្នុងភូមិសាស្ត្រឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដើម្បីរៀបចំ កសាងអភិវឌ្ឍប្រែក្លាយទៅជាបូជនីយដ្ឋានជាទីគោរពសក្ការៈបូជាដ៏ល្អប្រណិតថ្នាក់ជាតិអន្តរជាតិ និងជារមណីយដ្ឋានទេសចរណ៍វប្បធម៌បែបព្រះពុទ្ធសាសនា ដែលមានតម្លៃជាប្រវត្តិសាស្ត្រ ដើម្បីបន្សល់ទុកជាមរតកដល់កូនចៅជំនាន់ក្រោយ និងដើម្បីជាប្រយោជន៍ក្នុងការសិក្សាស្រាវជ្រាវស្វែងយល់ពីព្រះពុទ្ធសាសនានៅកម្ពុជា។
គម្រោងសាងសង់ក្នុងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាមានចំនួន ៣៨ គម្រោង ដែលប្លង់មេមានរាងជាស្លឹកពោធិ៍ តំណាងការត្រាស់ដឹង ពុទ្ធិ និង បញ្ញា រួមមានការសាងសង់ព្រះចូឡា មុនីចេតិយ ៩ជាន់ មហាប្រាសាទធម្មចេតិយធំចំនួន៤ មហាប្រាសាទធម្មចេតិយតូចចំនួន៨ សម្រាប់តម្កល់ព្រះត្រៃបិដក មហាប្រាសាទពុទ្ធចេតិយ ៨៤,០០០អង្គ កសិណទឹកព័ទ្ធជុំវិញ បូជនីយដ្ឋានវិបស្សនាផងដែរ។
សមិទ្ធផលដែលសម្ពោធដាក់ឱ្យប្រើប្រាស់រួចហើយរួមមាន សមិទ្ធផលធំៗចំនួន៣ រួមមាន៖ ទី១៖ មហាប្រាសាទព្រះធម្មចេតិយទី១ បណ្តោយ ១០៨ម៉ែត្រ ទទឹង ២៧ម៉ែត្រ កម្ពស់ ៥៨,៥០ម៉ែត្រ ដែលមានតម្កល់សិលាចារិកព្រះត្រៃបិដក ១.១៧០ផ្ទាំង ចាប់ផ្តើមសាងសង់ពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៥ បញ្ចប់នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ដោយប្រើប្រាស់ថវិកាអស់ចំនួន ៤,៦៥៧,៥០០ដុល្លារ, ទី២៖ ផ្លូវបេតុងចំនួន ៩ខ្សែ ប្រវែង ៣,១៥០ម៉ែត្រ ទទឹង ៦ម៉ែត្រ ចំណាយថវិកាសរុប ៧៥៧,៦៦២ដុល្លារ និងទី៣៖ បូជនីយដ្ឋានវិបស្សនាទំហំសរុប ៥០០ម៉ែត្រការ៉េ សម្រាប់ធ្វើសមាធិ និងវិបស្សនា តាមរចនាបទខ្មែរ ៥០កន្លែង ចំណាយថវិកាសរុប ៩៦,២៥២ដុល្លារ ដែលសរុបថវិកាសាងសង់ទាំងអស់ចំនួន ៥,៥១១,៤១៤ដុល្លារ។
ចាប់ផ្តើមពីរការកសាងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ថវិកាដែលបានចំណាយ មានចំនួន ៩,៦១៧,៦៥៣ ដុល្លារ៕
















-
PR NEWS4 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា3 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន3 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖កម្លាំងមហាសាមគ្គីជាតិខ្មែរបានគាំទ្ររាជរដ្ឋាភិបាលក្នុងប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំជាមួយថៃដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នា
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា