ព័ត៌មាន
សហភាពអឺរ៉ុបវិនិយោគទឹកប្រាក់ជិត ៨០ លានអឺរ៉ូ ដើម្បីធ្វើទំនើបកម្មវិស័យកសិកម្មនៅកម្ពុជា
សហភាពអឺរ៉ុប វិនិយោគទឹកប្រាក់ជិត ៨០ លានអឺរ៉ូ ដើម្បីជួយពង្រឹងវិស័យកសិកម្មនៅកម្ពុជា លើកកម្ពស់សន្តិសុខស្បៀង ធ្វើឱ្យ ខ្សែច្រវាក់តម្លៃផលិតផលដែលបានជ្រើសរើស កាន់តែមានភាពប្រកួតប្រជែង និងជំរុញដល់ការនាំចេញ។
សហភាពអឺរ៉ុប ចូលរួមលើកកម្ពស់ការធ្វើទំនើបកម្មវិស័យកសិកម្មនៅកម្ពុជា និងជំរុញឱ្យកសិករមានលទ្ធភាពចូលទៅកាន់ ទីផ្សារក្នុងស្រុក និងសកល តាមរយៈការក្នុងទំហំទឹកប្រាក់ជិត ៨០ លានអឺរ៉ូ ដោយក្នុងនោះកញ្ចប់វិនិយោគគ្រប់ជ្រុងជ្រោយ របស់ សហភាពអឺរ៉ុបរួមមាន៖ ឥណទានរបស់ធនាគារវិនិយោគអឺរ៉ុបសកល (EIB Global) បូករួមជាមួយជំនួយឥតសំណង និងជំនួយ បច្ចេកទេសរបស់សហភាពអឺរ៉ុបផងដែរ។
ចំពោះទឹកប្រាក់វិនិយោគនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់កសិករខ្នាតតូចចំនួន ១០ ម៉ឺននាក់, គ្រួសារមានដីធ្លីខ្នាតតូចចំនួន ២៥ ពាន់គ្រួសារ និងសហគ្រាសកសិកម្មចំនួន ៥០០ ដោយនឹងជួយបង្កើនផលិតភាព និងការប្រកួតប្រជែង។ កញ្ចប់វិនិយោគនេះ នឹងជួយកែលម្អមន្ទីរពិសោធន៍ជាតិកសិកម្ម ពង្រីកហេដ្ឋារចនាសម្ព័ន្ធការងារ កសិកម្មសំខាន់ៗ ដើម្បីលើកកម្ពស់សមត្ថភាពអនាម័យ និងភូតគាមអនាម័យរបស់កម្ពុជា ក៏ដូចជាគាំទ្រដល់ការសាងសង់ស្ពានមួយខ្សែនៅកោះខ្សាច់ទន្លា ដើម្បីធ្វើឱ្យប្រសើរឡើងនូវការ ដឹកជញ្ជូន និងការចូលទៅកាន់ទីផ្សារ។ គំនិតផ្តួចផ្តើមនេះគឺស្របទៅតាមយុទ្ធសាស្ត្រ Global Gateway របស់សហភាពអឺរ៉ុប ដែល ជំរុញដល់កំណើនប្រកបដោយចីរភាព ភាពធន់នឹងអាកាសធាតុ និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន។
ជាក់ស្តែងធនាគារវិនិយោគអឺរ៉ុបសកល (EIB Global) ដែលជាសាខាសកលរបស់ធនាគារវិនិយោគអឺរ៉ុប បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ នេះ មានទឹកប្រាក់ជំនួយឥតសំណងចំនួន ១៥ លានអឺរ៉ូ របស់សហភាពអឺរ៉ុប សម្រាប់កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្ម ផលិតផលកសិកម្ម (ASPIRE-AT) ដែលជាអាទិភាពសំខាន់មួយសម្រាប់រដ្ឋាភិបាលកម្ពុជា។ កម្មវិធី ASPIRE-AT មានគោលដៅ ធ្វើទំនើបកម្មវិស័យកសិកម្ម លើកកម្ពស់សន្តិសុខស្បៀង និងពង្រឹងសក្តានុពលនៃការនាំចេញ។ ជំនួយនេះក៏ជាការបំពេញ បន្ថែមលើឥណទានចំនួន ៦០ លានអឺរ៉ូ ពីធនាគារវិនិយោគអឺរ៉ុបសកល (EIB Global) និងជំនួយគាំទ្រចំនួន ៤,៥ លានអឺរ៉ូទៀត ពីសហភាពអឺរ៉ុប សម្រាប់ជំនួយបច្ចេកទេស ដែលនឹងត្រូវអនុវត្តដោយធនាគារវិនិយោគអឺរ៉ុប (EIB)។ ការផ្ដល់ជំនួយនេះ នាំឱ្យទឹក ប្រាក់វិនិយោគសរុប គាំទ្រដោយសហភាពអឺរ៉ុបនៅក្នុងកម្មវិធីនេះ កើនឡើងដល់ជិត៨០លានអឺរ៉ូ, ក្នុងនោះមូលនិធិអន្តរជាតិសម្រាប់ អភិវឌ្ឍន៍កសិកម្ម (IFAD) ដែលជាទីភ្នាក់ងារអភិវឌ្ឍន៍ជនបទ របស់អង្គការសហប្រជាជាតិ ក៏បានផ្តល់ហិរញ្ញប្បទានដល់កម្មវិធីនេះ នូវទឹកប្រាក់ចំនួន ៤៩ លានដុល្លារអាមេរិកផងដែរ។
កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដោយអនុប្រធានធនាគារវិនិយោគអឺរ៉ុប EIB គឺលោកស្រី Nicola Beer នៅអំឡុងដំណើរទស្សនកិច្ច ជាលើកដំបូងមកកាន់ប្រទេសកម្ពុជា ក្នុងនាមជាអនុប្រធានធនាគារវិនិយោគអឺរ៉ុប EIB ទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍។ ពិធីចុះ ហត្ថលេខានេះ ធ្វើឡើងដោយមានវត្តមានឯកឧត្តម អ៊ីហ្គូ ទ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា និងលោក FrewBehabtu នាយកប្រចាំនៅកម្ពុជារបស់មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD)៕ អត្ថបទ៖ សុន រ៉ាឌី



-
PR NEWS1 week agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
PR NEWS1 day agoកម្មវិធីប្រកួតប្រដាល់ពិសេសរបស់ គូបូតា ឆ្នាំ 2026 បាននាំមកនូវរាត្រីដែលពោរពេញទៅដោយថាមពលដ៏ខ្លាំងក្លា
-
ព័ត៌មាន1 week agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
កីឡា1 week agoកម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨
-
ព័ត៌មាន7 days agoក្រសួងការងារ ផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវចំនួន ៣ សម្រាប់ជាមូលដ្ឋានក្នុងការវិភាគស៊ីជម្រៅពីស្ថានភាពទីផ្សារការងារ តម្រូវការកម្លាំងពលកម្ម និងនិន្នាការនៃការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារកម្ពុជាក្នុងឆ្នាំ២០២៦
-
ព័ត៌មាន4 days agoNEA និង គម្រោង AVT-GERMANY រៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រី លើជំនាញវិស័យមេកានិចយានយន្ត និងអគ្គិសនី
-
ព័ត៌មាន4 days agoអ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍
-
ព័ត៌មាន6 days agoមន្ត្រីជាន់ខ្ពស់ការបរទេស៖ ការបង្កើតស្ថានកុងស៊ុលកិត្តិយសស្រីលង្កា គឺជាជំហានថ្មីមួយទៀតក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងស្រីលង្កា