ព័ត៌មាន
ក្រសួងយុត្តិធម៌ និងតុលាការកំពូល ចេញសេចក្តីណែនាំរួម ស្តីពីការជូនដំណឹងអំពីសាលក្រម ឬសាលដីកាព្រហ្មទណ្ឌកំបាំងមុខ ដើម្បីធានាបាននូវសង្គតិភាពក្នុងការអនុវត្តនីតិវិធី
ភ្នំពេញ៖ ក្រសួងយុត្តិធម៌ និងតុលាការកំពូល បានចេញសេចក្តីណែនាំរួមស្តីពីការជូនដំណឹងអំពីសាលក្រម ឬសាលដីកាព្រហ្មទណ្ឌកំបាំងមុខ ដើម្បីធានាបាននូវសង្គតិភាពក្នុងការអនុវត្តនីតិវិធីនៃការជូនដំណឹងអំពីសាលក្រម ឬសាលដីកាព្រហ្មទណ្ឌកំបាំងមុខ។ នេះបើយោងតាម សេចក្តីណែនាំរួមស្តីពី ការជូនដំណឹងអំពីសាលក្រម ឬសាលដីកាព្រហ្មទណ្ឌកំបាំងមុខ ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥នេះ។
សេចក្តីណែនាំរួម បានឱ្យដឹងថា យោងតាមសេចក្តីសម្រេចចិត្តមហាសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ទូទាំងប្រទេស ឆ្នាំ២០២៣ និងកំណត់ទិសដៅការងារជាអាទិភាពបន្ត ចុះថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ និងដើម្បីធានាបាននូវសង្គតិភាពនៅក្នុងការអនុវត្តនីតិវិធីនៃការជូនដំណឹងអំពីសាលក្រម ឬសាលដីកាព្រហ្មទណ្ឌកំបាំងមុខ ស្របតាមខ្លឹមសារសេចក្តីសម្រេចចិត្តមហាសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ ក្រសួងយុត្តិធម៌ និង តុលាការកំពូល សូមធ្វើការណែនាំដល់ សាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ដូចខាងក្រោម៖
១-ក្នុងករណីដែលភាគីពាក់ព័ន្ធមិនព្រមទទួលសេចក្តីសម្រេច ឬគ្មានបុគ្គលណាម្នាក់មានវត្តមាន នៅក្នុងលំនៅឋានរបស់ភាគីពាក់ព័ន្ធ ឬគ្មានបុគ្គលណាម្នាក់ដែលមានវត្តមាននៅក្នុងលំនៅឋានរបស់ភាគី ពាក់ព័ន្ធ យល់ព្រមទទួលសេចក្តីសម្រេច, នីតិវិធីនៃការជូនដំណឹងអំពីសាលក្រម ឬសាលដីកាព្រហ្មទណ្ឌ កំបាំងមុខ ត្រូវអនុវត្តស្របតាមមាត្រា ៤៨៨ (ការប្រគល់លិខិតចម្លងនៃសេចក្តីសម្រេចដល់មេឃុំ ឬ ចៅសង្កាត់) នៃក្រមនីតិវិធីព្រហ្មទណ្ឌ។
២-ក្នុងករណីដែលភាគីពាក់ព័ន្ធពុំមានលំនៅឋាន ឬទីសំណាក់ ឬប្រសិនបើភាគីពាក់ព័ន្ធរស់នៅ ក្រៅដែនដីជាតិ, នីតិវិធីនៃការជូនដំណឹងអំពីសាលក្រម ឬសាលដីកាព្រហ្មទណ្ឌកំបាំងមុខត្រូវអនុវត្តស្រប តាមមាត្រា ៤៩០ (ភាគីដែលពុំមានទីលំនៅឋាន ឬទីសំណាក់ដែលគេស្គាល់) នៃក្រមនីតិវិធីព្រហ្មទណ្ឌ ប្រសិនបើមានភស្តុតាងច្បាស់លាស់បញ្ជាក់ពីហេតុទាំងនេះ។
៣-បន្ថែមលើនីតិវិធីនៃការជូនដំណឹងតាមមាត្រា ៤៨៨ និងមាត្រា ៤៩០ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ខាងលើ ការជូនដំណឹងពីសាលក្រម ឬសាលដីកាព្រហ្មទណ្ឌកំបាំងមុខ ត្រូវបិទផ្សាយនៅបញ្ជរបិទផ្សាយព័ត៌មាន របស់សាលាជម្រះក្តីមានសមត្ថកិច្ច និងត្រូវផ្សព្វផ្សាយតាមរយៈសារព័ត៌មានសរសេរ ឬគ្រប់មធ្យោបាយ ទូរគមនាគមន៍សោតទស្សន៍ ឬបណ្តាញសង្គមផ្លូវការរបស់សាលាជម្រះក្តី។ ប៉ុន្តែការគិតកាលបរិច្ឆេទនៃ ការជូនដំណឹងនៅតែត្រូវអនុវត្តតាមមាត្រា ៤៨៨ និងមាត្រា ៤៩០ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។ ទម្រង់នៃដីកា ជូនដំណឹងត្រូវអនុវត្តតាមមាត្រា ៤៨៣ (និទ្ទេសដែលត្រូវចុះលើដីកាឱ្យដំណឹង) នៃក្រមនីតិវិធីព្រហ្មទណ្ឌ។ ដើម្បីអនុវត្តយន្តការនៃការជូនដំណឹងនេះ សាលាដំបូងរាជធានី ខេត្ត និងសាលាឧទ្ធរណ៍ ត្រូវបង្កើតឱ្យមាន បណ្តាញសង្គមផ្លូវការរបស់ខ្លួន រួមមាន ផេកហ្វេសបុក (Facebook Page) តេឡេក្រាម (Telegram) និង យូលអប (CoolApp) ឱ្យបានឆាប់រហ័ស ហើយត្រូវជូនដំណឹងអំពីបណ្តាញសង្គមផ្លូវការមកក្រសួងយុត្តិធម៌ និងតុលាការកំពូល ព្រមទាំងផ្សព្វផ្សាយដល់សាធារណជនឱ្យបានជ្រាប។
៤-ការតាក់តែងសាលក្រម ឬសាលដីកា ត្រូវអនុវត្តតាមមាត្រា ៣៥៨ (និទ្ទេសដែលត្រូវចុះលើ សាលក្រម) និងមាត្រា ៣៩៦ (ការពន្លាតដល់សាលាឧទ្ធរណ៍នូវវិធានដែលអនុវត្តចំពោះសាលាដំបូង) នៃ ក្រមនីតិវិធីព្រហ្មទណ្ឌ ដើម្បីឱ្យការជូនដំណឹងពីសាលក្រម ឬសាលដីកាព្រហ្មទណ្ឌកំបាំងមុខមានភាពឆាប់រហ័ស។
៥-ជាមួយគ្នានេះ ក្រសួងយុត្តិធម៌បានរៀបចំឱ្យមានយន្តការផ្សព្វផ្សាយផ្លូវការ តាមប្រព័ន្ធបច្ចេកវិទ្យា ឌីជីថលក្នុងវិស័យយុត្តិធម៌ ដែលរួមមាន ផេកហ្វេសប៊ុកផ្លូវការរបស់ក្រសួងយុត្តិធម៌ (ក្រសួងយុត្តិធម៌ Ministry of Justice) តេឡេក្រាមផ្លូវការ (ក្រសួងយុត្តិធម៌-Ministry of Justice) យូលអប (CoolApp) និង គេហទំព័រផ្លូវការ (https://www.moj.gov.kh) ដើម្បីធ្វើការផ្សព្វផ្សាយអំពីការជូនដំណឹងអំពីសាលក្រម ឬ សាលដីកាព្រហ្មទណ្ឌកំបាំងមុខរបស់សាលាជម្រះក្តីផងដែរ។ អាស្រ័យហេតុនេះ សាលាដំបូងរាជធានី ខេត្ត ឬ សាលាឧទ្ធរណ៍ ត្រូវផ្តល់សេចក្តីចម្លងសាលក្រម ឬសាលដីកាព្រហ្មទណ្ឌកំបាំងមុខ ព្រមទាំងដីកាជូនដំណឹង អំពីសេចក្តីសម្រេចនោះ មកក្រសួងយុត្តិធម៌ឱ្យបានឆាប់រហ័ស ដើម្បីធ្វើការជូនដំណឹងតាមរយៈយន្តការ ផ្សព្វផ្សាយផ្លូវការ តាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថលក្នុងវិស័យយុត្តិធម៌ ខាងលើនេះ៕


-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា3 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន3 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖កម្លាំងមហាសាមគ្គីជាតិខ្មែរបានគាំទ្ររាជរដ្ឋាភិបាលក្នុងប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំជាមួយថៃដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នា
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា