ព័ត៌មាន
សម្ដេធិបតីឱ្យរៀបចំផ្ដល់មេដាយជូនមន្រ្ដីរាជការទ្រង់ទ្រាយធំ និងធ្វើតែម្ដងប៉ុណ្ណោះចំពោះមន្រ្ដីដែលធ្វើការងារ១០ឆ្នាំឡើងទៅ និងមិនទាន់ទទួលបានមេដាយសោះ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ បានចេញសារពិសេសណែនាំឲ្យរៀបចំមេដាយជូនមន្ត្រីតាមបណ្តាក្រសួង-ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិករណីពិសេស ដែលសម្តេចបានប្រគល់ការងារជូនឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីដើម្បីដឹកនាំរៀបចំការងារនេះ។
តាមរយៈសារសំឡេងពិសេស «ស្តីពីការរៀបចំមេដាយជូនមន្ត្រីតាមបណ្តាក្រសួង-ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ករណីពិសេសនេះ សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានឱ្យដឹងថា កាលពីថ្ងៃទី១៨ ខែមីនា ម្សិលមិញនេះ នៅក្នុង វេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ សម្ដេចបានផ្ដល់គោលការណ៍រួចហើយដើម្បីឱ្យគិតគូរអំពីការផ្ដល់មេដាយទៅដល់មន្រ្ដីជាប់កិច្ចសន្យា គ្រូជាប់កិច្ចសន្យាដែលបានបំពេញ ដែលបានបំពេញការងារមួយរយៈហើយ ប៉ុន្ដែមិនទាន់បានស្នើសុំមេដាយជូនពួកគាត់។
សម្ដេចធិបតីបញ្ជាក់ថា តាមរយៈប្រព័ន្ធបណ្ដាញសង្គមសម្ដេចបានទទួលនូវសារជាច្រើនពីលោកគ្រូ អ្នកគ្រូ និងមន្រ្ដីរាជការផ្ទាល់ ក្នុងនោះមិនត្រឹមតែមន្រ្ដីកិច្ចសន្យាប៉ុណ្ណោះទេ ប៉ុន្ដែគឺមន្រ្ដីក្របខណ្ឌតែម្ដង ដែលមន្រ្ដីរាជការ លោកគ្រូអ្នកគ្រូខ្លះ ធ្វើការងារ១០ឆ្នាំ ២០ឆ្នាំទៅហើយ ប៉ុន្ដែមិនទាន់បានទទួលនូវមេដាយមួយទេ។
សម្ដេចធិបតីបានបញ្ជាក់ថា ជាការពិតសម្ដេចបានដឹងថា កន្លងទៅគ្រប់បណ្ដាក្រសួងស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិបានធ្វើការស្នើសុំមេដាយជាបន្តបន្ទាប់ជូនមន្រ្ដីរាជការ ហើយសម្ដេចក៏ធ្លាប់បានណែនាំចំពោះការងារនេះផងដែរ ប៉ុន្ដែទោះជាយ៉ាងណាសម្ដេចគិតថាក៏នៅមានចន្លោះប្រហោងនៅឡើយ។ សម្ដេចបានទទួលសារដែលបងប្អូនបានផ្ញើទៅហ្វេសប៊ុករបស់សម្ដេចប្រាកដជាមានករណីនេះ។
ដើម្បីដោះស្រាយបញ្ហាផ្ដល់មេដាយនេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានណែនាំឱ្យធ្វើកិច្ចការងារចំនួនពីរ រួមមាន កិច្ចការងារទី១ គឺជាកិច្ចការងារចំពោះមុខ និងធ្វើបន្ទាន់ គឺជូនទៅទីស្ដីការគណៈរដ្ឋមន្រ្ដី ដើម្បីបង្កើតក្រុមការងារចំពោះកិច្ចមួយសម្រាប់ធ្វើការងារពិសេសមួយនេះដោយធ្វើការងារសហការជាមួយខាងជំនាញរបស់ក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្រង់ឈ្មោះមន្រ្ដី ដែលបានធ្វើការងារយ៉ាងតិច ១០ ឆ្នាំឡើង ដែលសកម្ម មានវត្តមានជាប់ជាប្រចាំ ហើយដែលមិនដែលបានមេដាយសោះដើម្បីរៀបចំធ្វើជូនគាត់តែម្ដងជាលក្ខណៈទ្រង់ទ្រាយធំ។
សម្ដេចធិបតី បានបញ្ជាក់ថា យន្តការនេះគឺជាយន្តការពិសេសធ្វើតែម្ដងទេ ហើយសូមពិនិត្យសម្រាប់តែមន្រ្ដី ទាំងមន្រ្ដីក្របខណ្ឌ និងមន្រ្ដីកិច្ចសន្យា ដែលធ្វើការលើសពី១០ឆ្នាំ ហើយមិនទាន់ទទួលបានមេដាយសោះ ដើម្បីរៀបចំមេដាយជូនពួកគាត់។
សម្ដេចធិបតីបញ្ជាក់ថា៖«សូមផ្ដោតមើលឱ្យច្បាស់ថា មន្រ្ដីដែលសកម្ម និងមានវត្តមានធ្វើការ មិនមែនមន្រ្ដីដែលអត់មានមុខមកធ្វើការឬមួយក៏មានបញ្ហាអ្វីផ្សេងៗនោះទេ គឺសូមឱ្យចំគោលដៅតែម្ដង [លើការផ្ដល់ជូនមេដាយនេះ]»។
ដោយឡែកសម្រាប់ការស្នើសុំមេដាយលើកទឹកចិត្តសម្រាប់មន្រ្ដីផ្សេងៗទៀត សម្ដេចបានណែនាំដល់ក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ធ្វើការវាយតម្លៃ និងស្នើសុំដូចដែលបានធ្វើកន្លងទៅតាមនីតិវិធីជាធរមាន ដោយផ្អែកទៅលើស្នាដៃ អតីតភាព និងលក្ខខណ្ឌនានាដែលមានចែងនៅក្នុងលិខិតបទដ្ឋានគតិយុត្តិជាធរមាន។
សម្ដេចនាយករដ្ឋមន្ដ្រីក៏បានណែនាំដល់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ពិនិត្យមើល ខណៈរាជរដ្ឋាភិបាលមានសារាចរណែនាំលេខ០១ ដែលចេញពីឆ្នាំ២០០១ ដែលបានកំណត់កូតានៃការស្នើសុំ គ្រឿងឥស្សរយសប្រចាំឆ្នាំមិនឱ្យលើសពី១០ភាគរយនៃក្របខណ្ឌសរុបរបស់ក្រសួង ស្ថាប័ន ហើយក្នុងនោះក៏មានកំណត់ជាភាគរយ គោលការមួយចំនួនសម្រាប់ក្របខណ្ឌមន្រ្ដីជាន់ខ្ពស់ មន្រ្ដីក្រមការ មន្រ្ដីលេខាធិការផ្សេងៗ ហើយឆ្លាសវេនគ្នា ២ ឆ្នាំម្ដង។
ពាក់ព័ន្ធនឹងបញ្ហានេះសម្ដេចបានណែនាំឱ្យ ស្តីការគណៈរដ្ឋមន្ត្រី ឱ្យមន្រ្ដីជំនាញសិក្សា ដើម្បីរៀបចំជាសារាចរណែនាំថ្មីមួយដើម្បីឱ្យស្របទៅតាមស្ថានភាពជាក់ស្ដែង ព្រោះបើសិនជានៅតែបន្តកំណត់កូតាត្រឹម ១០ ភាគរយ គឺអាចលំបាកនៅក្នុងការផ្ដល់ឱកាសសម្រាប់មន្រ្ដីរាជការបានទទួលនូវមេដាយ។
សម្ដេចបន្តថា ពិតណាស់ យើងមិនអាចផ្ដល់ម្ដង ១០០ ភាគរយនោះទេ ប៉ុន្ដែយើងត្រូវពិនិត្យរៀបចំនូវចំនួនកំណត់ណាមួយដែលអាចផ្ដល់ភាពបត់បែនទៅដល់ក្រសួងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការផ្ដល់ការលើកទឹកចិត្ត ស្នើសុំមេដាយនេះជូនទៅដល់មន្រ្ដីរាជការដែលមានចំនួនច្រើនដោយអនុវត្តទៅតាមលក្ខណៈសម្បត្តិមួយចំនួនដែលត្រូវផ្ដល់ឱ្យ៕





-
ព័ត៌មាន1 week agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន1 week agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន4 days agoសម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
-
ព័ត៌មាន5 days agoជនជាតិចិន ៣២៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា
-
PR NEWS6 days agoGANZBERG បន្តគ្រងដំណែងមេដាយមាសពិភពលោក Monde Selection ក្នុងឆ្នាំ ២០២៦
-
ព័ត៌មាន6 days agoទុរេនតំបន់ទឹកជ្រោះឱម៉ាល់ ក្នុងខេត្តកំពត ហុចផលល្អ ទោះឆ្នាំនេះ អាកាសធាតុក្ដៅ
-
ព័ត៌មាន5 days agoករណី Online Scams ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី១នាក់ ,ផ្កាយពីរ ១នាក់ និងពាក់ព័ន្ធ ៤នាក់ផ្សេងទៀត
-
ព័ត៌មាន1 week agoស្ពានឆ្លងកាត់ទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចការសាងសង់បាន ៦៨%ហើយ