ព័ត៌មាន
កិច្ចប្រជុំរួមរាជរដ្ឋាភិបាល-ដៃគូអភិវឌ្ឍឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា លើកទី១ ឆ្នាំ២០២៥
ភ្នំពេញ ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍អញ្ជើញធ្វើជាសហប្រធានដឹកនាំ កិច្ចប្រជុំក្រុមការងាររួមរាជរដ្ឋាភិបាល-ដៃគូអភិវឌ្ឍស្តីពី មេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា(The Government-Donor Joint Technical Working Group on HIV/AIDS Meeting) លើកទី១ ឆ្នាំ២០២៥, នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
កិច្ចប្រជុំនេះរៀបចំឡើងដើម្បីធ្វើឱ្យមានកិច្ចសន្ទនានយោបាយ បច្ចេកទេស និងចលនាធនធានឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍រវាងរាជរដ្ឋាភិបាលនិងដៃគូអភិវឌ្ឍក្នុងទិសដៅបញ្ចប់អេដស៍ដែលជាការគំរាមកំហែងដល់សុខភាពសាធារណៈ។ កិច្ចប្រជុំនេះជាវេទិកាផ្លាស់ប្តូរយោបល់ លើកឡើងពីបញ្ហាប្រឈម រាយការណ៍ពីវឌ្ឍនភាពជូនដៃគូ ដាក់ទិសដៅ ផ្តល់មតិលើចំណុចខ្វះខាត និងលើកយោបល់កែលម្អ ក្នុងការងារឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍។ ទន្ទឹមនឹងនេះ កិច្ចប្រជុំរៀបចំឡើងដើម្បីចូលរួមធ្វើឱ្យសម្រេចគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ រួមចំណែកក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ក្រុមការងាររួមរាជរដ្ឋាភិបាល-ដៃគូអភិវឌ្ឍដឹកនាំដោយ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី និងលោកស្រី Patricia Ongpin នាយិកាអង្គការUNAIDSប្រចាំកម្ពុជា ឡាវ ម៉ាឡេស៊ី ជាសហប្រធាន។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំរួមមាន តំណាងស្ថានទូតប្រទេសផ្តល់ជំនួយធំ(បារាំង) សមាជិក សមាជិកា ក្រុមការងារបច្ចេកទេសឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ ដែលជាតំណាងក្រសួង ស្ថាប័នរាជរដ្ឋាភិបាល(ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ ក្រសួងកិច្ចការនារី ក្រសួងផែនការ រដ្ឋបាលរាជធានីភ្នំពេញ) ស្ថាប័ន អង្គការជាតិ អន្តរជាតិ(UNAIDS, CCC, KHANA, HACC, RHAC, FHI360, AHF, បណ្តាញFONPAN) ព្រមទាំងតំណាងប្រជាជនគន្លឹះ។
ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី បានបញ្ជាក់ថា គោលបំណងនៃការរៀបចំកិច្ចប្រជុំនៅថ្ងៃនេះគឺ ចង់ស្តាប់អំពីស្ថានភាពជំនួយអន្តរជាតិ។ ជាពិសេសការងារអេដស៍ ដែលសភាពការណ៍ពិភពលោកក្រោយពីលោកប្រធានាធិបតី ដូណាល់ ត្រាំ ឡើងកាន់អំណាច មានសភាពមិនច្បាស់លាស់ ជាពិសេសផ្នែកហិរញ្ញប្បទានថាតើមានការប្រែប្រួលបែបណា? គួរបញ្ជាក់ថា តាមរបាយការណ៍របស់អង្គការសហប្រជាជាតិ កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១០ លើពិភពលោក ក្នុងការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍។ ចំពោះគោលដៅ៩៥-៩៥-៩៥ តាមរយៈវឌ្ឍនភាពថ្មីៗ កម្ពុជាអាចនឹងសម្រេចបានលើសពី៨៩នៃគោលដៅ៩៥ទី១(បច្ចុប្បន្នសម្រេចបាន៨៩-៩៨-៩៨)។ ទន្ទឹមនឹងនេះ ដោយសារ គោលនយោបាយជាតិក្នុងការរក្សាភាពជាម្ចាស់និងការធានាចីរភាព រហូតដល់ឆ្នាំ២០២៧ កម្ពុជាយើងនៅមិនទាន់ខ្វះឱសថប្រឆាំងនឹងមេរោគអេដស៍សម្រាប់អ្នកជំងឺនោះទេ។ ក្នុងនោះ រាជរដ្ឋាភិបាលបាន ចូលរួមជាថវិកាចំនួន៥លានដុល្លារក្នុង១ឆ្នាំដើម្បីទិញឱសថប្រឆាំងនឹងមេរោគអេដស៍ ព្រមទាំងថវិកា ប្រមាណ១,៨៤លានដុល្លារក្នុង១ឆ្នាំលើការងារគាំពារសង្គម ការឆ្លើយតបនឹងមេរោគអេដស៍ជាពហុវិស័យ និងនៅថ្នាក់ក្រោមជាតិផងដែរ។
តាមរយៈបទបង្ហាញពីលោកសាស្រ្តាចារ្យជំនួយ អ៊ុក វិជ្ជា ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ ថវិកាជំនួយលើការងារអេដស៍នៅកម្ពុជាគឺបានមកពី មូលនិធិសកល និងUSAID/USCDCរបស់សហរដ្ឋអាមេរិក។ ក្នុងនោះ ជំនួយពីសហរដ្ឋអាមេរិក បានទទួលការអនុញ្ញាតឱ្យប្រើប្រាស់វិញបន្ទាប់ពីផ្អាកមួយរយៈ។ ប៉ុន្តែ ការអនុវត្តគម្រោងគឺបានត្រឹមខែកញ្ញា ឆ្នាំ២០២៥ប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ ថវិកាជំនួយពីមូលនិធិសកលក៏បានបញ្ជាក់អំពីការកាត់បន្ថយថវិកាពី៣០%ទៅ៥០%នៅជុំបន្ទាប់គឺពីឆ្នាំ២០២៧ផងដែរ។ ចំពោះការធានាចីរភាពក្នុងការឆ្លើយតបនឹងជំងឺអេដស៍ កិច្ចប្រជុំបានលើកឡើងអំពីការបង្កើនប្រសិទ្ធភាពនិងការធ្វើឱ្យមានសុខដុមនីយកម្មការងារ ព្រមទាំងការធ្វើចលនាប្រភពធនធានផងដែរ៕
អត្ថបទ រដ្ឋា












-
ព័ត៌មាន1 week agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន1 week agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន4 days agoសម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
-
ព័ត៌មាន5 days agoជនជាតិចិន ៣២៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា
-
PR NEWS6 days agoGANZBERG បន្តគ្រងដំណែងមេដាយមាសពិភពលោក Monde Selection ក្នុងឆ្នាំ ២០២៦
-
ព័ត៌មាន6 days agoទុរេនតំបន់ទឹកជ្រោះឱម៉ាល់ ក្នុងខេត្តកំពត ហុចផលល្អ ទោះឆ្នាំនេះ អាកាសធាតុក្ដៅ
-
ព័ត៌មាន5 days agoករណី Online Scams ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី១នាក់ ,ផ្កាយពីរ ១នាក់ និងពាក់ព័ន្ធ ៤នាក់ផ្សេងទៀត
-
ព័ត៌មាន1 week agoស្ពានឆ្លងកាត់ទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចការសាងសង់បាន ៦៨%ហើយ