កីឡា
រាជរដ្ឋាភិបាល ផ្ដល់ប្រាក់រង្វាន់ជាង ១លាន ២សែនដុល្លារ ដល់អត្តពលិកជ័យលាភីលើឆាកអន្ដរជាតិចំនួន ១១ប្រភេទកីឡា
រាជរដ្ឋាភិបាលកម្ពុជា បានប្រាក់រង្វាន់លើកទឹកចិត្តសរុបចំនួន ៤,៩៨៤,៩០០,០០០រៀល ឬប្រមាណ ១,២៤៦,២២៥ដុល្លារ ដល់គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីជ័យលាភី ចំនួន ១១ប្រភេទកីឡា ដែលដណ្ដើមបានមេដាយពីព្រឹត្តិការណ៍អន្ដរជាតិចំនួន ១៦ផ្សេងគ្នា កាលពីឆ្នាំ២០២៣ និងឆ្នាំ២០២៤ កន្លងទៅ។
ពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលនេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នៅល្ងាចថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ។ ចំពោះប្រភេតកីឡា ដែលទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត ក្រោយចូលរួមប្រកួតលក្ខណៈហ្គេម និងការប្រកួតជើងឯកកម្រិតអន្ដរជាតិនានា រួមមានកីឡាប៉េតង់ ការ៉ាតេ ចំបាប់ កាយសម្ព័ន្ធ ហែលទឹកពាក់ជើងទា កាយវប្បកម្ម យុទ្ធគុនចម្រុះ វ៉ូវីណាម ជឺជីតស៊ូ តេក្វាន់ដូ WT និងកីឡាយូដូ។
ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានអបអរសាទរគ្រូបង្វឹក គ្រូជំនួយ ពិសេសកីឡាករ-កីឡាការិនីទាំងអស់ ដែលទទួលបានប្រាក់រង្វាន់លើកទឹកចិត្តពីរាជរដ្ឋាភិបាល ក្រោយពីការខិតខំប្រឹងប្រែងហ្វឹកហាត់ និងប្រកួតប្រជែងដណ្ដើមមេដាយជូនជាតិ ។ ឯកឧត្តមទទួលស្គាល់ ការផ្ដល់ប្រាក់រង្វាន់មានការយឺតយ៉ាវ តែយ៉ាងណាក្រសួងអប់រំ ពិសេសប្រមុខរាជរដ្ឋាភិបាល មិនបានភ្លេច ឬប្រងើយកន្ដើយចំពោះប្រាក់រង្វាន់នេះឡើយ ដោយរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការជំរុញក្រសួង-ស្ថាប័នពាក់ព័ន្ធ រហូតទទួលបានថវិកាសម្រាប់ផ្ដល់ជូនគ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីជ័យលាភីទាំងអស់គ្នា ។
ឯកឧត្តមឧបនាយករដ្ឋមន្ដ្រីបន្ថែមទៀតថា ទោះបីកម្ពុជាមានគោលការណ៍ផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្តមួយខ្ពស់ជាងបណ្ដាប្រទេសជិតខាង តែក្រោមការដឹកនាំរបស់សម្ដេចធិបតីនាយករដ្ឋមន្ដ្រី នៅតែបន្ដគោលនយោបាយ ដែលដាក់ចេញដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី ដើម្បីផ្ដល់នូវការលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីទាំងអស់ ដែលខិតខំប្រឹងប្រែង លះបង់ ក៏ដូចជាការប្រកួតប្រជែង ដើម្បីលើកមុខមាត់ កិត្តិយស និងដណ្ដើមមេដាយជូនជាតិមាតុភូមិ ។ ដូច្នេះឯកឧត្តមសង្ឃឹមថា សហព័ន្ធកីឡាជាតិទាំងអស់ នឹងបន្ដការខិតខំប្រឹងប្រែងអភិវឌ្ឍ និងបណ្ដុះនូវធនធានថ្នាលបន្ដវេនបន្ថែមទៀត ដើម្បីត្រៀមការប្រកួតប្រជែងលើឆាកអន្ដរជាតិ និងត្រៀមធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ខាងមុខ ។
យោងតាមរបាយការណ៍ឯកឧត្តម ប៉ុន សុខ អគ្គនាយកនៃអគ្គនាយដ្ឋានកីឡា ចំពោះប្រភេទកីឡា ដែលបានចូលរួមប្រកួតលក្ខណៈហ្គេម និងការប្រកួតជើងឯកកម្រិតអន្ដរជាតិនានា ហើយបានទទួលប្រាក់រង្វាន់លើកទឹកចិត្តពីរាជរដ្ឋាភិបាល ក្រោយដណ្ដើមបានមេដាយជូនជាតិនេះ រួមមាន៖
១. ការចូលរួមប្រកួតកីឡាសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍ លើកទី២១ ឆ្នាំ២០២៤ នៅឥណ្ឌូនេស៊ី កម្ពុជា ឈ្នះមេដាយ ៩គ្រឿង (មាស ១ ប្រាក់ ៥ និងសំរឹទ្ធ ៣) លើប្រភេទកីឡាប៉េតង់ តេក្វាន់ដូ WT, ការ៉ាតេ និងយូ ។
២. ការប្រកួតកីឡាសិស្សមធ្យមអាស៊ីអាគ្នេយ៍ លើកទី១៣ ឆ្នាំ២០២៤ នៅវៀតណាម កម្ពុជា ឈ្នះមេដាយសរុប ៩គ្រឿង (មាស ២ ប្រាក់ ១ និងសំរឹទ្ធ ៦) ។
៣. ការប្រកួតកីឡាកាយវប្បកម្មជើងឯកពិភពលោក លើកទី១៤ ឆ្នាំ២០២៣ នៅកូរ៉េខាងត្បូង កម្ពុជា ឈ្នះមេដាយសំរឹទ្ធ ២គ្រឿង។
៤. ការប្រកួតកីឡាយុទ្ធគុនចម្រុះជើងឯកពិភពលោក ឆ្នាំ២០២៣ នៅថៃ កម្ពុជាឈ្នះមេដាយ ២គ្រឿង (ប្រាក់ ១ និងសំរឹទ្ធ ១)។
៥. ការប្រកួតកីឡាប៉េតង់ជើងឯកអាស៊ី លើកទី៥ ឆ្នាំ២០២៣ នៅម៉ាឡេស៊ី កម្ពុជាឈ្នះមេដាយ ៦គ្រឿង (មាស១ ប្រាក់១ និងសំរឹទ្ធ៤) ។
៦. ការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោក លើកទី៧ ឆ្នាំ២០២៣ នៅវៀតណាម កម្ពុជា ឈ្នះមេដាយ ២០គ្រឿង (មាស៦ ប្រាក់៥ និងសំរឹទ្ធ៩) ។
៧. ការប្រកួតកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិចជើងឯកអាស៊ី លើកទី៨ ឆ្នាំ២០២៣នៅម៉ុងហ្គោលី កម្ពុជាឈ្នះមេដាយ ២គ្រឿង(មាស១ និងសំរឹទ្ធ១) ។
៨. ការប្រកួតកីឡាហែលទឹកពាក់ជើងទាជើងឯកអាស៊ី លើកទី១៨ ឆ្នាំ២០២៣ នៅថៃ កម្ពុជាឈ្នះមេដាយ ៥គ្រឿង (មាស២ ប្រាក់១ និងសំរឹទ្ធ២)។
៩. ការប្រកួតជឺជីតស៊ូជើងឯកអាស៊ី លើកទី៨ ឆ្នាំ២០២៤ នៅអារ៉ាប់រួម កម្ពុជាឈ្នះមេដាយសំរឹទ្ធ ៥គ្រឿង ។
១០. ការប្រកួតកីឡាកាយសម្ព័ន្ធជើងឯកអាស៊ី លើកទី៩ ឆ្នាំ២០២៤ នៅវៀតណាម កម្ពុជាឈ្នះមេដាយសំរឹទ្ធ ១គ្រឿង។
១១. ការប្រកួតកីឡាយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២ នៅកម្ពុជា កម្ពុជាឈ្នះមេដាយ ១៥គ្រឿង (មាស១ ប្រាក់៥ និងសំរឹទ្ធ៩)។
១២. ការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ី លើកទី១០ ឆ្នាំ២០២៤ នៅឥណ្ឌា កម្ពុជា ឈ្នះមេដាយ ២៤គ្រឿង (មាស៣ ប្រាក់៧ និងសំរឹទ្ធ១៤) ។
១៣. ការប្រកួតកីឡាការ៉ាតេជើងឯកអាស៊ីអាគ្នេយ៍ លើកទី១០ ឆ្នាំ២០២៤ នៅហ្វីលីពីន កម្ពុជា ឈ្នះមេដាយ ៥គ្រឿង (មាស២ ប្រាក់១ និងសំរឹទ្ធ២) ។
១៤. ការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ ឆ្នាំ២០២៤ នៅកម្ពុជា កម្ពុជាឈ្នះមេដាយ ២៧គ្រឿង (មាស៣ ប្រាក់១៧ និងសំរឹទ្ធ៧) ។
១៥. ការប្រកួតកីឡាការ៉ាតេជើងឯកអាស៊ីអាគ្នេយ៍ លើកទី១១ ឆ្នាំ២០២៣ នៅថៃ កម្ពុជាឈ្នះមេដាយ ៧គ្រឿង (ប្រាក់ ១ និងសំរឹទ្ធ៦) ។
១៦. ការប្រកួតកីឡាជឺជីតស៊ូជើងឯកអាស៊ីអាគ្នេយ៍លើកទី៣ ឆ្នាំ២០២៤ នៅឥណ្ឌូនេស៊ី កម្ពុជាឈ្នះមេដាយ ២១គ្រឿង (មាស៩ ប្រាក់៤ និងសំរឹទ្ធ៨) ៕ អត្ថបទ លី ឈុនឡា



























-
ព័ត៌មាន1 week agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន1 week agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន4 days agoសម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
-
ព័ត៌មាន5 days agoជនជាតិចិន ៣២៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា
-
PR NEWS6 days agoGANZBERG បន្តគ្រងដំណែងមេដាយមាសពិភពលោក Monde Selection ក្នុងឆ្នាំ ២០២៦
-
ព័ត៌មាន6 days agoទុរេនតំបន់ទឹកជ្រោះឱម៉ាល់ ក្នុងខេត្តកំពត ហុចផលល្អ ទោះឆ្នាំនេះ អាកាសធាតុក្ដៅ
-
ព័ត៌មាន5 days agoករណី Online Scams ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី១នាក់ ,ផ្កាយពីរ ១នាក់ និងពាក់ព័ន្ធ ៤នាក់ផ្សេងទៀត
-
ព័ត៌មាន1 week agoស្ពានឆ្លងកាត់ទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចការសាងសង់បាន ៦៨%ហើយ