ព័ត៌មាន
អង្គការអុកស្វាម និងក្រសួងបរិស្ថាន រៀបចំកម្មវិធីបោះជំរុំសម្រាប់យុវជន និងលើកកម្ពស់ការអភិរក្សទន្លេមេគង្គ
ភ្នំពេញ៖ អង្គការអុកស្វាម បានសហការជាមួយក្រសួងបរិស្ថាន បានរៀបចំកម្មវិធីបោះជំរុំយុវជនរយៈពេលពីរថ្ងៃ នៅថ្ងៃទី ១៨-១៩ ខែមីនា ឆ្នាំ២០២៥ នៅកោះហាន ខេត្តស្ទឹងត្រែង ដើម្បីប្រារព្ធទិវាអន្តរជាតិនៃសកម្មភាពដើម្បីទន្លេ ទិវានារី និងទឹក និងទិវាអន្តរជាតិនារី។ ព្រឹត្តិការណ៍នេះមានគោលបំណងបង្កើនទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយទន្លេ និងជំរុញសកម្មភាពរួមគ្នាដើម្បីការពារទន្លេមេគង្គ។
នៅក្នុងសេចក្តីប្រកាសព័ត៌មាន ចេញផ្សាយនៅព្រឹកថ្ងៃទី២២ ខែមីនានេះ អង្គការអុកស្វាម បានឲ្យដឹងថា កម្មវិធីនេះអ្នកចូលរួមប្រមាណ ៦០នាក់ រួមមានថ្នាក់ដឹកនាំស្ត្រី មន្ត្រីរដ្ឋាភិបាលពា់ព័ន្ធ មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ ក្រុមយុវជន ប្រជានេសាទ និងអាជ្ញាធរមូលដ្ឋាន។ កម្មវិធីនេះមានសកម្មភាពរួមសំខាន់ចំនួនបីគឺ ការជួបជុំបោះជំរុំនៅកោះហាន ការពិភាក្សាតុមូល និងការធ្វើដំណើរតាមទូកដើម្បីមើលព្រៃលិចទឹកទន្លេមេគង្គ។ ដូចដឹងហើយថា ទន្លេមេគង្គបានជួយដល់វិស័យកសិកម្ម ជលផល និងជីវចម្រុះ រួមចំណែកដល់ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងមានសារៈសំខាន់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ជាពិសេសជាសក្តានុពលមួយដ៏សំខាន់សម្រាប់វិស័យទេសចរណ៍ ផ្នែកវប្បធម៌ប្រពៃណី និងជាប្រវត្តិសាស្ត្រដ៏សំខាន់សម្រាប់សហគមន៍នៃអាងទន្លេមេគង្គ ក៏ដូចសង្គមកម្ពុជា ។
ក្នុងសុន្ទរកថាបើក ឯកឧត្តម លោក គល់ វឌ្ឍនា អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា មានប្រសាសន៍ថា “នៅក្នុងអាងទន្លេមេគង្គក្រោម ការអភិវឌ្ឍន៍នៅភាគខាងលើ និងការប្រែប្រួលអាកាសធាតុកំពុងរំខានដល់កម្រិតកម្ពស់ទឹក របប និងលំនាំនៃរំហូរទឹក ប្រព័ន្ធអេកូឡូស៊ី និងវិស័យកសិកម្ម ដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជននៅក្នុងអាងទន្លេ។ ការការពារទន្លេត្រូវការកិច្ចសហការរវាងយុវជន សហគមន៍ អាជ្ញាធរ និងអ្នកបង្កើតគោលនយោបាយ។ កិច្ចសហការចូលរួមចំណែកធ្វើការងាររួមគ្នា នឹងចូលរួមចំណែកយ៉ាងសំខាន់ដល់ការធានាអនាគតនៃទន្លេមេគង្គ និងរក្សាបាននូវនិរន្តរភាពនៃប្រព័ន្ធអេកូឡូស៊ីទន្លេ។”
លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម បានលើកឡើងថា “សំឡេងរបស់ស្ត្រី ជនជាតិដើមភាគតិច ជនមានពិការភាព និងក្រុមជនងាយរងគ្រោះដ៏ទៃទៀតគួរត្រូវបានផ្តល់អាទិភាពក្នុងការរៀបចំគោលនយោបាយ និងផែនការធនធានទឹក ដើម្បីធានាឱ្យបាននូនូវគោលនយោបាយ និងដំណោះស្រាយដែលគិតគូរអំពីបញ្ហាប្រឈម ឆ្លើយតបនឹងតម្រូវការ និងប្រកបដោយបរិយាប័ន្ន។“
លោកជំទាវ ងិន លីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារយេនឌ័រ នៃក្រសួងបរិស្ថាន បានហៅកម្មវិធីនេះថា ជាជំហានដ៏សំខាន់មួយក្នុងការពង្រឹងសហគមន៍ ជាពិសេសយុវជន និងជំរុញការអនុវត្តបរិស្ថានប្រកបដោយនិរន្តរភាព។ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១អាទិភាពគន្លឹះ «មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា» និងគោលដៅយុទ្ធសាស្រ្ត៥ មុំទី៤ នៃយុទ្ធសាស្រ្តនេះបានបង្ហាញច្បាស់អំពីសកម្មភាពអាទិភាពដើម្បីធានាចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ រួមទាំងយកចិត្តទុកដាក់ និងសង្កត់ធ្ងន់ទៅលើការលើកកម្ពស់សមភាពយេនឌ័រ ផងដែរ។ លោកជំទាវបានមានប្រសាសន៍ថា «ទឹក គឺជិវិត» ហើយប្រធានបទនៃព្រឹត្តិការណ៍ “ទន្លេរបស់យើង អនាគតរបស់យើង” គូសបញ្ជាក់ពីតួនាទីសំខាន់នៃទន្លេដែលមានសុខភាពល្អក្នុងការផ្តល់ទឹកសាប គាំទ្រជីវៈចម្រុះ និងការអភិរក្សបេតិកភណ្ឌវប្បធម៌” ។ លោកជំទាវ បានអំពាវនាវឱ្យមានសកម្មភាពរួមគ្នាទាំងយុវជន ប្រជាសហគមន៍ និងអាជ្ញាធរមូលដ្ឋាន ចូលរួមការពារទន្លេ និងធានានិរន្តរភាពរបស់ពួកគេសម្រាប់មនុស្សជំនាន់ក្រោយ។
អ្នកចូលរួមបានស្វែងយល់ពីព្រៃលិចទឹកមេគង្គដែលកំណត់ថា ជាតំបន់រ៉ាមសារ ដោយទទួលបានការយល់ដឹងដោយផ្ទាល់អំពីបញ្ហាប្រឈមនៃបរិស្ថាន និងតម្រូវការបន្ទាន់សម្រាប់កិច្ចសហការដើម្បីអភិរក្សប្រព័ន្ធទន្លេដ៏សំខាន់នេះ។
នៅខេត្តស្ទឹងត្រែង អង្គការអុកស្វាម តាមរយៈគម្រោង បរិយាបន្នទឹកទន្លេមេគង្គ និងក្នុងភាពជាដៃគូជាមួយអង្គការភូមិខ្ញុំ និងអង្គការអភិរក្សវប្បធម៌ និងបរិស្ថាន បាននឹងកំពុងធ្វើការដើម្បីលើកកម្ពស់សិទ្ធិសហគមន៍ ជាពិសេសស្ត្រីក្នុងការថែរក្សាធនធានទឹក។ អង្គការអុកស្វាម ក៏សហការជាមួយអង្គការសង្គមស៊ីវិលនានា ស្ថានប័នរដ្ឋាភិបាលពាក់ព័ន្ធ និងអង្គការអន្តររដ្ឋាភិបាល ដើម្បីពង្រឹងអភិបាលកិច្ចទឹក និងកសាងភាពធន់របស់សហគមន៍ ដែលជួយឱ្យពួកគេសម្របខ្លួនទៅនឹងការប្រែប្រួលដែលបង្កឡើងដោយការអភិវឌ្ឍមិនមាននិរន្តរភាពរបស់មនុស្ស និងការប្រែប្រួលអាកាសធាតុ៕






-
PR NEWS6 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ
-
កីឡា5 days agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ បើកការដឹកជញ្ជូនឆ្លងកាត់សម្រាប់នាំចេញផ្លែទុរេនកម្ពុជាទៅកាន់ប្រទេសចិន
-
ព័ត៌មាន1 week agoវៀតណាមគាំទ្រដំណោះស្រាយដោយសន្តិវិធីលើបញ្ហាព្រំដែនកម្ពុជា-ថៃ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជា
-
ព័ត៌មាន1 week agoប្តីប្រពន្ធវ័យក្មេងកម្សត់១គូ (ប្រពន្ធមហារីកគ្រាប់ឈាមធ្ងន់ធ្ងរ) សម្តែងការដឹងគុណសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់អំណោយមនុស្សធម៌លើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមសារជាថ្មីក្នុងជីវិត
-
ព័ត៌មាន7 days agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន7 days agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់