Connect with us

ព័ត៌មាន

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ជួបសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ព្រះសីហនុ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា  នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងឱកាសទិវាពលកម្មអន្តរជាតិ។

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖

– សម្ដេចធិបតីនាយករដ្ឋមន្រ្ដី៖ ការបង្កើតការងារគឺជាការងារអាទិភាពរបស់រាជរដ្ឋាភិបាល សម្រាប់ផ្ដល់ដល់ប្រជាពលរដ្ឋ នៅគ្រប់រាជធានី ខេត្ត ជាពិសេសផ្ដល់ការងារទៅដល់មូដ្ឋានដោយផ្ទាល់។

-សម្ដេច​ធិបតី៖ ​ឆ្នាំនេះ ទិវាពលកម្ម អន្តរជាតិ ១ ឧសភា ត្រូវរៀបចំឡើងក្រោមប្រធានបទ «រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាព និងភាពធន់» ដែលជាការបង្ហាញឱ្យឃើញកាន់តែច្បាស់នូវការប្តេជ្ញាចិត្ត និងការយកចិត្តទុកដាក់ខ្ពស់របស់ រាជរដ្ឋាភិបាល ក្នុងការបន្តលើកកម្ពស់លក្ខខណ្ឌការងារ សិទ្ធិការងារ សេរីភាពអង្គការវិជ្ជាជីវៈ អត្ថប្រយោជន៍នៃ របបសន្តិសុខសង្គម អត្ថប្រយោជន៍នានារបស់បងប្អូនកម្មករនិយោជិត និងពង្រឹងយន្តការដោះស្រាយវិវាទការងារ ដែលធ្វើឱ្យទំនាក់ទំនងវិជ្ជាជីវៈកាន់តែល្អប្រសើរឡើង។

-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី៖ រាជរដ្ឋាភិបាលមិនត្រឹមតែមានគោលដៅទាក់ទាញទុនវិនិយោគមកអភិវឌ្ឍ សេដ្ឋកិច្ច បង្កើតសហគ្រាស និងការងារជូនបងប្អូនប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានមហិច្ឆតាបង្កើត និងពង្រីកឱ្យមានលក្ខខណ្ឌការងារសមរម្យ និងជំរុញកំណើនប្រកបដោយចីរភាព និងភាពធន់រយៈពេលយូរ អង្វែង ដើម្បីជាប្រយោជន៍រួមដល់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនកម្មករនិយោជិត ក្រោមម្លប់ដ៏ត្រជាក់នៃ សន្តិភាពផងដែរ។

-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី៖ ការបើកច្រកឱ្យមានអ្នកដឹកនាំ ឬអ្នកគ្រប់គ្រង (CEO) នៅស្ថាប័នសាធា រណៈរបស់រដ្ឋមួយចំនួន គឺដើម្បីបង្កើតភាពបត់បែន ធានានូវម្ចាស់ការ និងប្រសិទ្ធភាព ដើម្បីទាញយកប្រសិទ្ធផលនៅតាមបណ្ដាសហគ្រាសជាពិសេសសហគ្រាសយុទ្ធសាស្រ្ដមួយចំនួនឱ្យមានការប្រកួតប្រជែង និងធានានូវកំណើនសេដ្ឋកិច្ច។

-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសានស៍បញ្ជាក់ថា ក្រោយកម្ពុជាបញ្ចប់គម្រោងពង្រីកចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី៣ ប្រវែង៤៣០ម៉ែត្រ ជម្រៅទឹក -១៧.៥ម៉ែត្រ អនុញ្ញាតឱ្យនាវាជម្រៅទឹក-១៦ម៉ែត្រ ដែលមានចំណុះផ្ទុក ១៦០ ០០០DWT ស្មើនឹង ១ម៉ឺន៥ពាន់TEUs មានផ្លូវដឹកជញ្ជូនក្នុងពិភពលោក ទៅ-មក កំពង់ផែស្វយ័តក្រុង ព្រះសីហនុបានដោយផ្ទាល់។ គម្រោងនេះនឹងនាំឱ្យសមត្ថភាពផែសរុបកើនដល់ចំនួន ២ ៦៣៧ ០០០TEUs/ឆ្នាំ និងគ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ២០៣០។ ខណៈគម្រោងនេះកំពុងស្ថិតក្នុងដំណាក់កាលរៀបចំឯកសារដេញថ្លៃជ្រើសរើសក្រុមហ៊ុនសាងសង់។

-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា ការកាត់បន្ថយនីតិវិធីលើសេវាសាធារណៈ មិនមែនមានន័យថាការកាត់ចំណូលនោះទេ ប៉ុន្ដែជាការកាត់បន្ថយការចំណាយវេលាច្រើន និងលំហូរសេវាចូលមកកាន់តែច្រើន ដូចជាលំហូរកុងតឺន័រចូលមកកាន់កំពង់ផែព្រះសីហនុកាន់តែច្រើន។

-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ឱ្យរក្សាដីនៅជុំវិញ កំពង់ផែស្វយ័តក្រុង ព្រះសីហនុទុកសម្រាប់ការពង្រីកកំពង់ផែនាពេលអនាគតបន្ថែមទៀត ដែលកំពុងមានការរីកចម្រើន។

-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា តទៅមុខទៀត ខេត្តព្រះសីហនុ និងខេត្តជាប់សមុទ្ររបស់កម្ពុជា ជាខេត្តដែលត្រូវអនុវត្តផែនការមេ ការអភិវឌ្ឍឧស្សាហកម្មរបស់កម្ពុជា ដូច្នេះត្រូវរៀបចំគិតទុកជាមុន។ ខណៈសម្ដេចជឿជាក់ថា ការរីកចម្រើននៅខេត្តជាប់សមុទ្រនេះនឹងបន្តរីកចម្រើនទៅមុខបន្ថែមទៀត។

-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ផ្ដាំទៅមិត្តជប៉ុនសូមកុំភ័យ រាជរដ្ឋាភិបាលកម្ពុជា គឺបន្តនៅធ្វើការជាមួយជប៉ុនជានិច្ច ពីព្រោះកម្ពុជាបានចាប់ផ្ដើមជាមួយមិត្តជប៉ុន តាំងពីកវែកកឆ្នាំងមកម្ល៉េះ។

-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ កំពង់ផែកម្ពុជានឹងបន្តសហការជាមួយជប៉ុនជាដៃគូយុទ្ធសាស្ត្រទ្វេភាគីលើកិច្ចសហប្រតិបត្តិការកំពង់ផែ។ សម្ដេចធិបតីបានថ្លែងអំណរគុណចំពោះប្រទេសជប៉ុន ដែលបានជួយលើការអភិវឌ្ឍកំពង់ផែនៅកម្ពុជា ពិសេសកំពង់ផែព្រះសីហនុ។ សម្ដេចធិបតីក៏បានបញ្ជាក់ទៅភាគីជប៉ុនផងដែរថា សូមមិត្តជប៉ុនឈប់មានការភ័យព្រួយថា កម្ពុជាលែងជ្រើសរើសជប៉ុនជាដៃគូសហការលើប្រតិបត្តិការកំពង់ផែជាមួយជប៉ុននោះអី។ សម្ដេចធិបតីបន្ថែមថា ជប៉ុននៅតែជាដៃគូទ្វេភាគីលើកិច្ចសហការក្នុងវិស័យកំពង់ផែជាមួយកម្ពុជាជាដដែល និងបន្តទៅមុខទៀត។

-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា រាប់ពាន់ឆ្នាំមកហើយ មានការដឹកជញ្ជូនតាមផ្លូវទឹកប៉ុណ្ណោះ ដែលមានតម្លៃថោកជាងគេ ដូច្នេះរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកមធ្យោបាយនេះ ជាមធ្យោបាយសំខាន់ និងពង្រីកការវិនិយោគ ខណៈការដឹកញ្ជូនតាមផ្លូវទឹកក៏កំពុងត្រូវបានប្រើប្រាស់នៅជុំវិញពិភព លោកជាង៨០ភាគរយនាពេលបច្ចុប្បន្ន។

-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ ការថែរក្សាសន្ដិភាព គឺជាកត្តាស្នូលដើម្បីឱ្យកម្ពុជាដើរទៅមុខបន្តទៀត កុំឱ្យដើរថយក្រោយទៅវិញ។

-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការអភិវឌ្ឍខេត្តជាប់តំបន់ឆ្នេរសមុទ្រ ក្នុងនោះបានយកខេត្តព្រះសីហនុអនុវត្តមុនគេ ដោយកំណត់ជាតំបន់ពាណិជ្ជកម្មសេរីនៅក្នុងឆ្នាំ២០២៥នេះ ដើម្បីលើកកម្ពស់ការប្រកួតប្រជែងក្នុងតំបន់ ហើយក្នុងនោះប្រព័ន្ធដឹកជញ្ជូនឡូជីស្ទិកក៏ជាកត្តាមួយសំខាន់ក្នុងការអនុវត្តផែនការមេនេះដែរ។

-សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានឱ្យដឹងថា អគ្គិសនីកម្ពុជា កំពុងធ្វើការតភ្ជាប់បណ្ដាញអគ្គិសនីក្រោមបាតសមុទ្រ ទៅតាមបណ្ដាកោះក្នុងខេត្តព្រះសីហនុ ក្នុងនោះកំពុងអនុវត្តការតភ្ជាប់ពីកោះរ៉ុង ទៅកាន់កោះរ៉ុងសន្លឹម ដើម្បីជំរុញដល់ការវិនិយោគ និងការអភិវឌ្ឍ។

-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី៖ យើងមានលក្ខណៈសម្បត្តិល្អ មានធនធានហើយក៏ដោយ ប៉ុន្ដែបើយើងគ្មានការធ្វើនវានុវត្តន៍ ការច្នៃប្រឌិត គឺយើងនឹងដើរចាញ់គេ។

-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ យន្តការដែលរាជរដ្ឋាភិបាលសម្រេចឱ្យមានគណៈកម្មការពិនិត្យអនុម័តលើគម្រោងវិនិយោគនៅខេត្តព្រះសីហនុដោយផ្ទាល់មក ឃើញថាការមកបណ្ដាក់ទុននៅក្នុងខេត្តព្រះសីហនុមានការកើនឡើងជាលំដាប់។ សម្ដេចធិបតីរំលេចបន្ថែមថា គិតត្រឹមរយៈពេល ៣ ខែនៃដើមឆ្នាំ២០២៥នេះ គណៈកម្មការបានពិនិត្យអនុម័តគម្រោងវិនិយោគនៅក្នុងខេត្តព្រះសីហនុមានចំនួន ៥៦ គម្រោងដែលផ្ដល់ការងារជាច្រើនដល់ពលរដ្ឋកម្ពុជា។

– សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ពីបច្ចុប្បន្នភាពការអនុវត្តការធ្វើពាណិជ្ជកម្មជាមួយប្រទសអាមេរិកថា មកដល់ម៉ោងនេះ មិនទាន់មានប្រទេសណាមួយបានចរចាត្រូវរឿងពាណិជ្ជកម្ម ការអនុវត្តពន្ធថ្មី «បានត្រូវ» ជាមួយអាមេរិកនៅឡើយទេ ពីព្រោះការចរចានេះគឺមានលក្ខណៈស្មុគស្មាញ។ ប៉ុន្ដែសម្រាប់កម្ពុជា យើងខិតខំបានត្រៀមលក្ខណៈបន្តទៀត ដើម្បីធានាទៅដល់សេដ្ឋកិច្ច និងពាណិជ្ជកម្ម និងការងាររបស់ប្រជាពលរដ្ឋ។

-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានឱ្យដឹងថា ក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា បានជួបប្រធានតំណាងពាណិជ្ជកម្មរបស់អាមេរិកម្ដងរួចហើយ កាលពីថ្ងៃទី១៦ ខែមេសា កន្លងទៅនេះ ដែលនេះជាការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល ខណៈនៅថ្ងៃស្អែក គឺថ្ងៃទី២ ខែឧសភានេះ ក្រុមការងារកម្ពុជានឹងមានការចរចាម្ដងទៀតជាមួយអាមេរិក។

-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី សម្ដែងការសោកស្ដាយដែលក្រុមប្រឆាំងជ្រុលនិយមមួយក្ដាប់តូច នៅក្រៅស្រុកបន្តធ្វើការរាំងស្ទះ និងអំពាវនាវដល់អន្តរជាតិ ក៏ដូចជាអាមេរិកដាក់ទណ្ឌកម្មមកលើកម្ពុជា ខណៈរាជរដ្ឋាភិបាលកំពុងខិតខំដោះស្រាយជាមួយអាមេរិក ដើម្បីជួយដល់ប្រជាពលរដ្ឋ។

-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាន៍ថា កាលពីថ្ងៃទី២៨ ខែមេសា សម្ដេចបានឯកភាពដល់ក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ចឱ្យពិនិត្យលើផលិតផលដែលនាំទៅអាមេរិកឱ្យបានត្រឹមត្រូវចៀសវាងការនាំចេញទៅខុសនីតិវិធីធ្វើឱ្យប៉ះពាល់ដល់ការអនុវត្តពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ហើយការងារនេះក៏ដើម្បីបញ្ជាក់ពីការខិតខំរបស់កម្ពុជា ចំពោះការអនុវត្តការធ្វើពាណិជ្ជកម្មជាមួយអាមេរិកផងដែរ។

-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី អំពាវនាវដល់មន្រ្ដីគ្រប់ក្រសួង ស្ថាប័ន ត្រូវអនុវត្តគោលការត្រួតពិនិត្យការនាំចេញផលិតផល ឬទំនិញពីកម្ពុជាទៅក្រៅប្រទេសឱ្យបានសុក្រឹតជៀងវាងមានការចោទប្រកាន់លើការនាំចេញផលិតផលរបស់កម្ពុជាទៅក្រៅប្រទេស។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia