ព័ត៌មាន
មន្រ្តី ក.ប.ប.៖ រហូតមកដល់ពេលនេះកម្ពុជាពុំទាន់រកឃើញសារធាតុគីមីនៅលើផ្លែទុរេនស្រស់ទេ
មន្រ្តីជាន់ខ្ពស់នៃអគ្គនាយកដ្ឋាន ក.ប.ប. បានឱ្យដឹងថា គិតមកដល់ពេលនេះ ករណីផ្លែឈើទុរេន បន្ទាប់ពីបានយកគំរូ និងសំណាកចំនួនប្រមាណជាង ៣០ សំណាក មកពីទីតាំងផ្សេងៗគ្នា ដើម្បីធ្វើការវិភាគ គឺមិនទាន់រកឃើញមានសារធាតុគីមីហាមឃាត់ណាមួយនៅឡើយទេ ខណៈមន្រ្តីជំនាញបានកំពុងបន្តធ្វើការតាមដានយ៉ាងយកចិត្តទុកដាក់លើករណីនេះ។
មានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី តាមប្រព័ន្ធតេឡេក្រាម កាលពីរសៀលថ្ងៃទី២៥ ខែឧសភាកន្លងទៅ ឯកឧត្ដម គឹម មាសសុខសីហា អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ហៅកាត់ ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងថា មកដល់ថ្ងៃនេះ ក.ប.ប. បានទទួលគំរូពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចំនួន ៣គោលដៅ ហើយបានធ្វើតេស្តជាង ៣០សំណាក គឺអត់មានវត្តមានសារធាតុគីមីហាមឃាត់ប្រភេទ អូរ៉ាមីន អូ (Auramine O) ឬ ប៊ីវ៉ាយធូ នោះទេ (Basic Yellow 2)។
ឯកឧត្តម បានបន្តថា ចំពោះការងារនេះ នឹងធ្វើបន្តទៀតដោយសហការជាមួយអាជ្ញាធរគយតាមមាត់ច្រកទាំងអស់ សូមឱ្យគាត់ពិនិត្យការងារឱ្យបានម៉ត់ចត់ និងផ្ញើរគំរូមកឱ្យ ក.ប.ប. ដើម្បីធ្វើការវិភាគ។ ឯកឧត្តមបានបន្ថែមថា ចំពោះលើទីផ្សារ លើកន្លែងប្រមូលផ្តុំ ក៏ដូចជាតាមកសិដ្ឋាន និងទីកន្លែងចំការជាដើម យើងសុំឱ្យទាំងម្ចាស់ចំការ ទាំងអ្នករកស៊ីលក់ដូរ ករណីមានការសង្ស័យ ឬចង់ដឹង ក៏អាចផ្ញើរគំរូមកកាន់ ក.ប.ប. បាន ដើម្បីធ្វើតេស្តជូន។
ឯកឧត្តម អគ្គនាយក បានគូសបញ្ជាក់ទៀតថា ចំពោះបញ្ហាទុរេននេះ គឺចង់ពង្រឹងការងារឱ្យបានគត់ម៉ត់ ពីព្រោះមិនមែនត្រឹមតែយកចិត្តទុកដាក់ទៅលើការនាំចូលប៉ុណ្ណោះទេ ប៉ុន្តែយើងក៏គិតទៅដល់ការនាំចេញផងដែរ ព្រោះខ្លាចនៅពេលឃើញមានវត្តមានសារធាតុគីមីហាមឃាត់ទាំងនោះ ខាងភាគីអ្នកបញ្ជាទិញ គេនឹងបដិសេធ ដោយគយ ដោយអាជ្ញាធរមានសមត្ថកិច្ចរបស់គេ វានាំឱ្យប៉ះពាល់ទៅដល់ផលិតផលពីកម្ពុជារបស់យើងទាំងមូល។
នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥កន្លងទៅ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការត្រួតពិនិត្យ និងទប់ស្កាត់ ចំពោះការនាំចូលចំណីអាហារដែលមានជាតិគីមី ពិសេសធុរេន និងសាច់គោ ដែលត្រូវបានផ្អាកការនាំចូលជាបណ្តោះអាសន្នដោយសារជំងឺឆ្លង។ ចំណាត់ការនេះ គឺដើម្បីការពារសុខភាពប្រជាពលរដ្ឋ៕ អត្ថបទ៖ ឈិត បូរ៉ាវី

-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន3 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន3 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន3 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន3 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
ព័ត៌មាន2 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន4 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)