ព័ត៌មាន
ក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ថៃ ប្តេជ្ញារួមគ្នាបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងសភាប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង
សម្តេចពិជ័យសេនា ទៀ បាញ់ សមាជិកឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ថៃ និងឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកាក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ថៃ និងឯកឧត្តម ណាត់តាឆា ប៊ុនឆៃអ៊ីន សាវ៉ាត់ (Nattacha Boonchaiinsawat) សមាជិកសភាតំណាងរាស្ត្រ និងជាប្រធានក្រុមមិត្តភាពសភាថៃ-កម្ពុជា បានប្តេជ្ញាចិត្តរួមគ្នានៅក្នុងការពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទំាងពីរឱ្យកាន់តែរឹងមាំ និងគ្រប់ជ្រុងជ្រោយបន្ថែមទៀត។

ការប្តេជ្ញាចិត្តរួមគ្នារវាងប្រធានក្រុមមិត្តភាពនៃសភាប្រទេសទំាងពីរ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាទ្វេភាគី នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ខណៈដែលឯកឧត្តម ណាត់តាឆា ប៊ុនឆៃ – អ៊ីនសាវ៉ាត់ (Nattacha Boonchaiinsawat) បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០២៥។

នៅក្នុងជំនួបពិភាក្សាទ្វេរភាគីនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា ការពិភាក្សាផ្លាស់ប្តូរទស្សនៈមតិយោបល់ និងបទពិសោធន៍ជាក់ស្តែង រវាងគ្នានិងគ្នាទៅវិញទៅមក ប្រកបដោយភាពស្និទ្ធស្នាលត្រង់ទៅត្រង់មក និងដោយភាពជឿទុកចិត្តលើគ្នានេះ វាជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការបន្តពង្រឹងពង្រីក និងលើកកម្ពស់នូវចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយទាំងបច្ចុប្បន្ន និងបន្តទៅអនាគតឱ្យកាន់តែល្អប្រសើរ។
ភាគីទាំងពីរក៏បានលើកឡើង ដោយឆ្លុះបញ្ចាំងពីវឌ្ឍនភាព នៃដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសទាំងពីរ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេរភាគី ដែលមានស្រាប់ឱ្យកាន់តែរឹងមាំស្ថិតស្ថេរ និងស៊ីជម្រៅបន្ថែមទៀតលើគ្រប់វិស័យ។

ឯកឧត្តម ណាត់តាឆា ប៊ុនឆៃអ៊ីនសាវ៉ាត់ (Nattacha Boonchaiinsawat) បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចពិជ័យសេនា ទៀ បាញ់ ចំពោះការទទួលបដិសណ្ឋារកិច្ចដល់គណៈប្រតិភូក្រុមមិត្តភាពសភាថៃ-កម្ពុជា និងសហការីក្នុងឱកាសនេះ និងបានជម្រាបសម្តេចថា កាលពីថ្ងៃទី ២១ដល់ថ្ងៃ២៣ ខែមីនា ឆ្នាំ២០២៤ កន្លងមកនោះ ឯកឧត្តម បានអមដំណើរបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ដឹកនាំដោយ ឯកឧត្តម ប្រធានសភាតំណាងរាស្ត្រ ដើម្បីចូលរួមពិធី “ពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន” នៃសាសនាឥស្លាមកម្ពុជា តាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ណាត់តាឆា ប៊ុនឆៃអ៊ីនសា វ៉ាត់ បានបន្តថា កាលពីថ្ងៃទី២៣ ដល់ទី២៤ ខែមេសា ឆ្នាំ២០២៥ កន្លងមក លោកជំទាវ Paethongtarn Shinawatra នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃឡង់ដ៍ក៏បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា តបតាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ដែលនោះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់ លោកជំទាវ ដែលបានប្រព្រឹត្តឡើងក្នុងឱកាសខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសថៃ-កម្ពុជា។ បានរួមគ្នាដាក់ស្លាកសញ្ញារំលឹកខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូត និងចូលរួមជាសាក្សីក្នុងពិធីចុះហត្ថលេខា និងផ្លាស់ប្តូរឯកសារសំខាន់ៗចំនួន ៧ច្បាប់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

ឯកឧត្តមប្រធានប្រតិភូថៃ បានសម្តែងការកោតសរសើរ ចំពោះការរីកច្រើនយ៉ាងខ្លំាងរបស់កម្ពុជា និងបានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទំាងពីរ ទំាងវិស័យស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ។ ឯកឧត្តម បានស្នើសុំក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ថៃ ជួយជំរុញទំនាក់ទំនងប្រជាពលរដ្ឋនៃប្រទេសទំាងពីរ ជាពិសេសពលរដ្ឋរស់នៅតាមបន្ទាត់ព្រំដែននៃប្រទេសទាំងពីរឱ្យកាន់តែមានភាពជិតស្និទ្ធគ្នាឡើង ក្នុងការកសាងបន្ទាត់ព្រំដែនកម្ពុជា-ថៃ ឱ្យក្លាយជាព្រំដែនសុខសន្តិភាព និងអភិវឌ្ឍន៍ប្រកបដោយចីរភាពតរៀងទៅ។
ឯកឧត្តម ណាត់តាឆា ប៊ុនឆៃអ៊ីនសាវ៉ាត់ បានមានប្រសាសន៍លើកឡើងថា ឯកឧត្តម នឹងខិតខំពង្រឹងនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត ជាពិសេសជំរុញឱ្យមាន ការសហការលើវិស័យទេសចរណ៍ និងសេដ្ឋកិច្ចបន្ថែមទៀត។
ឯកឧត្តម ណាត់តាឆា ប៊ុនឆៃអ៊ីនសាវ៉ាត់ (Nattacha Boon – chaiinsawat) ក៏បានគោរពអញ្ចើញ សម្តេចពិជ័យសេនា ទៀ បាញ់ និងក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ថៃ ទៅទស្សនកិច្ចនៅប្រទេសថៃនាពេលខាងមុខផងដែរ៕



-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន3 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន3 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន3 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន3 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
ព័ត៌មាន2 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន4 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)