ព័ត៌មាន
នៅរសៀលនេះសម្ដេចធិបតី បន្តចូលរួមជំនួបរវាងប្រមុខដឹកនាំអាស៊ាន និងជំនួបដាច់ដោយឡែកជាបន្តបន្ទាប់
ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជាបានអញ្ជើញចូលរួមជំនួបជាបន្តបន្ទាប់ រវាងប្រមុខដឹកនាំអាស៊ាន, តំណាងអន្តរសភាអាស៊ាន, តំណាងយុវជនអាស៊ាន និងជំនួបក្រៅផ្លូវការជាមួយមេដឹកនាំអាស៊ានមួយចំនួនទៀត។
បន្ទាប់ពីបានចូលរួម កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ ក្រោមមូលបទ “បរិយាបន្ន និងចីរភាព” នៅទីក្រុងគូឡាឡាំពួ នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបន្តចូលរួមក្នុងជំនួបរវាងប្រមុខដឹកនាំអាស៊ាន និងតំណាងអន្តរសភាអាស៊ាន, ជំនួបរវាងប្រមុខដឹកនាំអាស៊ាន និងតំណាងយុវជនអាស៊ាន, ចូលរួមក្នុងជំនួបរវាងប្រមុខដឹកនាំអាស៊ាន និងតំណាងក្រុមហ៊ុនធុរកិច្ចអាស៊ានផងដែរ។
ក្រៅពីជំនួបផ្លូវការទាំងនេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានមានជំនួបដាច់ដោយឡែកជាបន្តបន្ទាប់ទៀតជាមួយមេដឹកនាំអាស៊ាន ក្នុងនោះ សម្ដេចបានអញ្ជើញជួបជាមួយ ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា អ៊ីប្រាហ៊ីម (Dato’ Seri Anwar Ibrahim) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងជំនួបទ្វេភាគី និងពិភាក្សាការងារ។
សម្ដេចក៏ឆ្លៀតពេលជួបសំណេះសំណាលប្រកបដោយភាពស្និទ្ធស្នាល ជាមួយប្រមុខថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន រួមមានឯកឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី, ឯកឧត្តមនាយករដ្ឋមន្រ្តី នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម, ឯកឧត្តមនាយករដ្ឋមន្រ្តីសិង្ហបុរី, ឯកឧត្តមប្រធានាធិបតីឥណ្ឌូណេស៊ី, និងព្រះមហាក្សត្រនៃព្រុយណេដារូស្សាឡាម ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅប្រទេសម៉ាឡេស៊ី។
សម្ដេចក៏បានឆ្លៀតពេលជួបសំណេះសំណាលជាមួយ ឯកឧត្តម សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅប្រទេសម៉ាឡេស៊ីនេះផងដែរ។
សូមជម្រាបថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី និងលោកជំទាវបណ្ឌិត បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី២៥-២៧ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី តបតាមការអញ្ជើញរបស់ ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា អ៊ីប្រាហ៊ីម (Dato’ Seri Anwar Ibrahim) នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី និងជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ ២០២៥។
កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ ក្រោមប្រធានបទ “បរិយាបន្ន និងចីរភាព” ដែលនឹងផ្តោតលើការជំរុញការកសាងសហគមន៍អាស៊ាន និងអនុម័ត ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការបញ្ជាក់ឡើងវិញពីការលើកកម្ពស់ ការប្តេជ្ញាចិត្តរួមគ្នារបស់តំបន់អាស៊ាន ដែលប្រកបដោយភាពធន់ នវានុត្តន៍ ថាមវន្ត និងផ្តោតលើប្រជាជនជាចម្បង៕






-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន3 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន3 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន3 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន3 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
ព័ត៌មាន2 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន4 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)