ព័ត៌មាន
ឯកឧត្តម វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំអន្ដរក្រសួង ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តី ព្រាងច្បាប់ស្តីពីអាកាសចរណ៍ស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា
ភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ បានដឹកនាំកិច្ចប្រជុំអន្ដរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីអាកាសចរណ៍ស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំនេះ មានការអញ្ជើញ ចូលរួមពីសំណាក់ឯកឧត្តម សយ សុខាន់ រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងសហការី និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីជំនាញពាក់ព័ន្ធនៃទីស្តីការគណៈរដ្ឋមន្រ្តី។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត មានប្រសាសន៍ថា សេចក្ដីព្រាងច្បាប់ស្ដីពីអាកាសចរណ៍ស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានរៀបចំឡើងដើម្បីឱ្យស្របតាមសភាពការណ៍វិវត្តន៍ឥតឈប់ឈរនៃបច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងវិស័យអាកាសចរណ៍សកល ក៏ដូចជាការប្ដេជ្ញាចិត្តរបស់កម្ពុជាឆ្លើយតបទៅនឹងស្ដង់ដារបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ(ICAO) និងការអភិវឌ្ឍប្រទេស។ សេចក្ដីព្រាងច្បាប់ថ្មីនេះ ត្រូវបានរៀបចំឡើងដោយផ្អែកលើមូលដ្ឋានចំនួន៣ ទី១. ច្បាប់ស្តីពីអាកាសចរណ៍ស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០០៨, ទី២. ការបំពេញចំណុចខ្វះខាតដែល ICAO បានរកឃើញក្នុងពេលធ្វើសវនកម្មសុវត្ថិភាពអាកាសចរណ៍សកលនៅកម្ពុជា និងការចុះត្រួតពិនិត្យវាយតម្លៃផែនការកែតម្រូវសុវត្ថិភាពអាកាសចរណ៍របស់ ICAO និង ទី៣. មូលដ្ឋាននៃការរីកចម្រើនផ្នែកបច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងវិស័យអាកាសចរណ៍សកល និងឧត្តមានុវត្តអន្តរជាតិ។
សេចក្តីព្រាងច្បាប់នេះ មាន ៩៣មាត្រា ចែកចេញជា ២៥ជំពូក និងមានគោលបំណងកំណត់អំពីការគ្រប់គ្រងវិស័យអាកាសចរណ៍ស៊ីវិល ដើម្បីធានាសុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់នៃប្រតិបត្តិការអាកាសចរណ៍ស៊ីវិល ជំរុញការអភិវឌ្ឍការដឹកជញ្ជូនតាមផ្លូវអាកាសប្រកបដោយចីរភាព កាលានុវត្តភាពវិនិយោគ ការប្រកួតប្រជែង និងរួមចំណែកការពារបរិស្ថាន ព្រមទាំងលើកកម្ពស់ផលប្រយោជន៍សមស្របរបស់អ្នកប្រើប្រាស់សេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
អង្គប្រជុំបានធ្វើការពិភាក្សាលើខ្លឹមសាររួមនៃសេចក្តីព្រាងច្បាប់ទាំងមូល និងលើមាត្រានីមួយៗ ដើម្បីអនុលោមភាពតាមច្បាប់ជាតិនិងច្បាប់អន្ដរជាតិទាក់ទងនឹងសុវត្ថិភាពនិងសន្ដិសុខ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល ក៏ដូចជាការធានាដល់ការប្រកួតប្រជែង និងផលប្រយោជន៍របស់អ្នកប្រើប្រាស់និងអ្នកផ្ដល់សេវា។
ឯកឧត្តម វង្សី វិស្សុត ក៏បានផ្តល់ការណែនាំដល់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងក្រុមប្រឹក្សាអ្នកច្បាប់ធ្វើការពិនិត្យមាត្រាមួយចំនួនឡើងវិញ ពិសេសមាត្រាពាក់ព័ន្ធបទប្បញ្ញត្តិបច្ចេកទេស ដើម្បីធានាឱ្យបាននូវខ្លឹមសារសមស្របជាប្បញ្ញត្តិច្បាប់ និងឆ្លើយតបបានតាមអនុសាសន៍របស់អង្គការអាកាសចរណ៍ស៊ីវិលអន្ដរជាតិ និងបានស្នើដល់តំណាងក្រសួងជំនាញបច្ចេកទេសពិភាក្សាគ្នាអំពីសមត្ថកិច្ចពាក់ព័ន្ធនឹងកិច្ចការឧតុនិយមអាកាសចរណ៍ផងដែរ ដើម្បីជាមូលដ្ឋានសម្រាប់ការប្រជុំពិភាក្សាបន្តនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខ។









-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន3 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន3 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន3 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន3 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
ព័ត៌មាន2 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន3 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)