ព័ត៌មាន
ក្រសួងការងារបន្តបើកយុទ្ធនាការផ្សព្វផ្សាយស្តីពីការចូលរួមទប់ស្កាត់ និងប្រឆាំងពលកម្មលើកុមារនៅទូទាំងប្រទេស
ដើម្បីលើកកម្ពស់ការចូលរួម ការយល់ដឹង និងសហការអនុវត្តច្បាប់ពីគ្រប់ភាគីពាក់ព័ន្ធទៅនឹងការប្រឆាំងពលកម្មកុមារ។ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសហការជាមួយមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រាជធានី ខេត្ត ដើម្បីចុះផ្សព្វផ្សាយ និងចងបដាស្តីពីការបង្ការ និងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារនៅតាមសហគ្រាស គ្រឹះស្ថាន ជាពិសេសនៅវិស័យសិប្បកម្មផលិតឥដ្ឋ ក្បឿង និងកសិ-ឧស្សាហកម្ម។

ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងនៅព្រឹកថ្ងៃទី២៨ ខែឧសភានេះថា យុទ្ធនាការនេះក្រសួងតែងតែធ្វើជារៀងរាល់ឆ្នាំ ហើយនៅឆ្នាំ២០២៥នេះ ក៏នៅតែបន្តសកម្មភាពទាំងនេះថែមទៀតនៅទូទាំងប្រទេស ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយឱ្យបានដឹងអំពីការទប់ស្កាត់លើការប្រើប្រាស់កម្លាំងពលកម្មកុមារដែលខុសពីទៅនឹងច្បាប់ជាតិ និងអន្តរជាតិផងដែរ។

ឯកឧត្តមអ្នកនាំពាក្យ បានឱ្យដឹងទៀតថា យុទ្ធនាការនេះ ក្រសួងបានធ្វើនៅតាមគោលដៅជាច្រើន មានដូចជានៅឡឥដ្ឋ តំបន់សេដ្ឋកិច្ចពិសេស តំបន់កសិឧស្សាហកម្ម រួមទាំងតំបន់ផ្សេងៗទៀតដែលអាចមើលឃើញថា មានការប្រឈមទាក់ទងជាមួយការប្រើប្រាស់កម្លាំងពលកម្មកុមារផងដែរ។ ឯកឧត្តម បានបន្ថែមថា ក្រៅពីការអប់រំផ្សព្វផ្សាយ ក្រសួងតែងតែផ្តល់ជំនាញ ផ្តល់ការសិក្សា និងឧបត្ថម្ភទៅដល់ក្រុមគ្រួសារដែលមើលឃើញថា ជាគ្រួសារដែលមានជីវភាពខ្វះខាត គ្រួសារដែលមានកុមារច្រើន ដើម្បីឱ្យកុមារទាំងអស់នោះអាចទៅរៀនបាន ហើយឪពុកម្តាយ យើងក៏បានផ្តល់ជំនាញជូនពួកគាត់ដើម្បីអាចឱ្យឪពុកម្តាយមានជំនាញជាក់លាក់ច្បាស់លាស់ ហើយអាចឱ្យប្រកបរបរបាន និងកុំឱ្យជំរុញកូនទៅធ្វើការងារ ហើយយកកូនទៅរៀនវិញ។

ឯកឧត្តម ស៊ុន មេសា បានគូសបញ្ជាក់ទៀតថា យុទ្ធនាការនេះ មន្ត្រីជំនាញរបស់ក្រសួងការងារ ក៏បានបន្តជំរុញនិងលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងសហគមន៍នៃសិប្បកម្មផលិតឥដ្ឋ ក្បឿង និងកសិ-ឧស្សាហកម្ម ចូលរួមទប់ស្កាត់ និងលុបបំបាត់រាល់ទម្រង់ទាសភាព ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ និងការងារ ប្រកបដោយគ្រោះថ្នាក់។ ឯកឧត្តមក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធរួមគ្នាប្តេជ្ញាបញ្ចប់រាល់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ និងរាយការណ៍រហ័សតាមរយៈ Hotline ១២៩៧ ឬ ១២៨៦ ក្នុងករណីការ ប្រើប្រាស់រាល់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ៕ អត្ថបទ៖ ឈិត បូរ៉ាវី


-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន7 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន5 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន5 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
PR NEWS2 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប