ព័ត៌មាន
ស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានធ្វើពិធីតភ្ជាប់តួស្ពាន ខណៈការសាងសង់សម្រេចបាន ៨៥ភាគរយហើយ
ស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលភ្ជាប់រាជធានីភ្នំពេញទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានធ្វើពិធីតភ្ជាប់តួស្ពានហើយ។

ស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត ស្ថិតនៅតាមបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន ប្រសព្វនិងផ្លូវជាតិលេខ២ ព្រំប្រទល់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលកំពុងមមាញឹកក្នុងការសាងសង់បានឈានដល់ដំណាក់កាលធ្វើពិធីតភ្ជាប់តួស្ពានហើយ នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្ត្រីក្រោមឱវាទជាច្រើនរូបទៀត។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងថា គិតមកដល់ពេលនេះ ការដ្ឋានសាងសង់ស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត ទាំងមូលសម្រេចបានប្រមាណ ៨៥ភាគរយហើយ ក្នុងនោះស្ពានអាកាសដែលមានទិសដៅពីរាជធានីភ្នំពេញទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោខេត្តកណ្តាល នឹងរួចរាល់នៅចុងខែមិថុនានេះ។ ចំណែកស្ពានអាកាសដែលមានទិសដៅពីអាកាសយានដ្ឋានអន្តរជាតិតេជោ ឆ្ពោះមកភ្នំពេញវិញនឹងរួចរាល់នៅចុងខែកក្កដា ឆ្នាំ២០២៥ខាងមុខ។

សូមបញ្ជាក់ថា ស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត បានបើកការដា្ឋនសាងសង់ កាលពីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២៤ ដោយរាជរដ្ឋាភិបាលជាម្ចាស់គម្រោងតាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដោយប្រើប្រាស់ថវិកាសាងសង់ចំនួន១៦,២០០,៥០០ ដុល្លាអាមេរិក សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា OCIC ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន ១២ខែ។ ស្ពានអាកាសភ្លោះនេះ ជាប្រភេទបេតុងអាមេ មានបណ្ដោយស្ពាន ៦២២ម៉ែត្រ ក្នុងនោះស្ពានទី១ ផ្លូវឯកទិសមានទិសដៅតាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន ឆ្លងកាត់ផ្លូវជាតិលេខ២ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ។ ស្ពានទី២ ផ្លូវឯកទិសមានទិសដៅឆ្លងកាត់ផ្លូវជាតិលេខ២ពី កាសយានដ្ឋានអន្តរជាតិតេជោ ឆ្ពោះទៅកាន់មហាវិថីសម្តេចតេជោ ហ៊ុន សែន។ ទម្ងន់ផ្ទុកអនុញ្ញាតគឺ ២៥តោន កម្ពស់សុវត្ថិភាព៥.៥០ម៉ែត្រ។មានគន្លងចរាចរណ៍ចំនួន ៣ គន្លង មានទទឹងស្ពានប្រវែង៩.៥០ម៉ែត្រ។ រវាងប្រឡោះស្ពានទី១ និងស្ពានទី២ មានគម្លាត៩ម៉ែត្រ ដែលបានរចនាជាឧទ្យានបៃតង ជាមួយនិងការរៀបចំផ្លាកសញ្ញាចរាចណ៍ផងដែរ៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា







-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន3 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន2 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន2 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន3 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
ព័ត៌មាន2 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម