ព័ត៌មាន
កម្ពុជា-តាជីគីស្ថាន ឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Emomali Rahmon ប្រធានាធិបតីសាធារណរដ្ឋតាជីគីស្ថាន ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទលើកទី៣របស់អង្គការសហប្រជាជាតិ ស្ដីពីមហាសមុទ្រ (UNOC3) នៅថ្ងៃទី៨-១៣ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងនីស ប្រទេសបារាំង។
ក្នុងឱកាសនៃជំនួបនេះ, ឯកឧត្តមប្រធានាធិបតីសាធារណរដ្ឋតាជីគីស្ថាន បានសម្តែងនូវក្តីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារទ្វេភាគីជាមួយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលជំនួបនេះនឹងជួយពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ឯកឧត្តមប្រធានាធិបតី បានរំឭកអំពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសតាជីគីស្ថាន កាលពីឆ្នាំ២០១៩ កន្លងទៅ។ ឯកឧត្តមប្រធានាធិបតីក៏បានលើកឡើងអំពីសក្តានុពលរបស់ប្រទេសតាជីគីស្ថាន ដែលមានឧត្តមភាពខាងវិស័យថាមពល, ថាមពលស្អាត និងបានដាក់ចេញគោលដៅក្នុងការប្រើប្រាស់ថាមពលស្អាតឱ្យបាន ១០០% ត្រឹមឆ្នាំ២០៣៨។ ឯកឧត្តមបានកត់សម្គាល់ថា កម្ពុជាជាប្រទេសមានសក្តានុពលផ្នែកកសិកម្ម ដោយកម្ពុជាអាចធានានូវការផ្គត់ផ្គង់ស្បៀងក្នុងស្រុក និងមានអតិរេកស្បៀងសម្រាប់បម្រើដល់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិផងដែរ។ ជាមួយគ្នានេះ, ឯកឧត្តមប្រធានាធិបតីបានបង្ហាញជំនឿជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចបវរធិបតី ទំនាក់ទំនងទ្វេភាគីតាជីគីស្ថាន-កម្ពុជានឹងកាន់តែត្រូវបានពូនជ្រុំបន្ថែមទៀត ដើម្បីជាឧត្តមប្រយោជន៍ដល់ប្រជាជន និងប្រទេសទាំងពីរ។
ជាការឆ្លើយតប, សម្តេចបវរធិបតីបានថ្លែងថា ជំនួបទ្វេភាគីនេះជាឱកាសសម្រាប់ការស្វែងរកកាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ, ជាមួយនឹងការពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជូនចំពោះឯកឧត្តមប្រធានាធិបតី, សម្តេចបវរធិបតីបានគូសបញ្ជាក់ពីការប្តេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងនៃប្រទេសទាំងពីរ ត្បិតនៅមានសក្តានុពលជាច្រើនដែលអាចពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នា។
សម្តេចបវរធិបតី និងឯកឧត្តមប្រធានាធិបតី ក៏បានពិភាក្សាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួន ដូចជា៖ ថាមពលស្អាត, កសិកម្ម និង អប់រំ ជាដើម, និង បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ ទៅវិញទៅមក នាពេលវេលាសមស្របខាងមុខ ព្រមទាំងបានប្រគល់ភារកិច្ចដល់រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ បន្តផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ ក្នុងការស្វែងរកកាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការ ក៏ដូចជាសម្របសម្រួលដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំទាំងពីរ៕







-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន3 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន2 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន2 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន3 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
ព័ត៌មាន2 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម