Connect with us

ព័ត៌មាន

កម្ពុជានឹងប្រជុំពិនិត្យលើបេក្ខជនចំនួន ៣រូបដើម្បីជ្រើសរើសយកមួយរូបធ្វើជាប្រធានក្រុមអ្នកផ្សះផ្សា

ក្រសួងការបរទេសកម្ពុជានឹងប្រជុំនៅសប្តាហ៍ក្រោយនេះដើម្បីពិនិត្យលើឈ្មោះបេក្ខជនចំនួន ៣រូប ដែលខាងក្រឡាបញ្ជីតុលាការអន្តរជាតិ បានផ្ញើមកភាគីកម្ពុជានិងថៃ កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីជ្រើសរើសយកមួយរូបឲ្យធ្វើជាប្រធាន បង្កើតទៅជាគណកម្មការនៃអ្នកផ្សះផ្សាសម្រាប់ការផ្ដល់យោបល់ និងអនុសាសន៍លើការដោះស្រាយដោយសន្ដិវិធីជុំវិញបញ្ហាព្រំដែនសមុទ្រកម្ពុជា និងថៃ។

ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានប្រាប់ BTV នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ នេះថា ៖ នៅសប្តាហក្រោយថ្នាក់ដឹកនាំក្រសួងការបរទេសនឹងដឹកនាំប្រជុំពិនិត្យលើឈ្មោះបេក្ខជនចំនួន ៣រូប ដែលខាងក្រឡាបញ្ជីកាន់សំណុំរឿងវិវាទរវាងកម្ពុជា និងថៃ លើករណីជម្លោះដែនសមុទ្រត្រួតស៊ីគ្នាបានផ្ញើមកភាគីកម្ពុជា និងថៃកាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីជ្រើសរើសយកមួយរូបឲ្យធ្វើជាប្រធាន បង្កើតទៅជាគណកម្មការនៃអ្នកផ្សះផ្សាសម្រាប់ការផ្ដល់យោបល់ និងអនុសាសន៍លើការដោះស្រាយដោយសន្ដិវិធីជុំវិញបញ្ហាព្រំដែនសមុទ្រកម្ពុជា និងថៃ។ ហើយបើសិនជាបេក្ខជនបីរូបដែលខាងក្រឡាបញ្ជីបញ្ជូនមកយើងមិនពេញចិត្ត ឬក៏មានបញ្ហាអ្វី គឺអាចស្នើសមាសភាពថ្មី ឬក៏ស្នើបន្ថែមបេក្ខភាពមកថ្មី ដើម្បីយើងពិនិត្យមើល។ ទាក់ទងវិវាទរវាងកម្ពុជា និងថៃ លើករណីជម្លោះដែនសមុទ្រត្រួតស៊ីគ្នា គឺដំណើរបានប្រព្រឹត្តទៅតាមនីតិវិធី និងដំណើរការទៅដោយរលូន។

សូមជម្រាបថា ក្រោយកម្ពុជាជូនដំណឹងផ្លូវការទៅភាគីថៃ និង UN អំពីការចាប់ផ្តើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញា UNCLOS គឺកម្ពុជាបានជ្រើសរើសអ្នកផ្សះផ្សាចំនួនពីររូបដែលជាអ្នកច្បាប់ល្បីៗ ហើយភាគីថៃក៏ត្រូវជ្រើសរើសអ្នកផ្សះផ្សាចំនួនពីររូបដែរ ដើម្បីពួកគេឈានទៅជ្រើសរើសប្រធានដែលជាមាជិកទី៥ ហើយបង្កើតទៅជាគណកម្មការនៃអ្នកផ្សះផ្សាសម្រាប់ការផ្ដល់យោបល់ និងអនុសាសន៍លើការដោះស្រាយដោយសន្ដិវិធីជុំវិញបញ្ហាព្រំដែនសមុទ្រកម្ពុជា និងថៃ៕

អត្ថបទ៖ វង្ស សុភាព

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia