ព័ត៌មាន
នាយឧត្តមសេនីយ៍ទៀ សីហា ដឹកនាំប្រារព្ធពិធីរំលឹកខួបលើកទី៤៨ ទិវាចងចាំដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត
នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ កម្ពុជាបានរៀបពិធីរំលឹកខួបលើកទី៤៨ ទិវានៃការចងចាំដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត(២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៥) និងខួបលើកទី៤៧ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជាក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ កម្មវិធីនេះធ្វើឡើងនៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ឬហៅថាX16។
សូមបញ្ជាក់ថា ទីតាំងកោះថ្ម ស្ថិតនៅឃុំទន្លូង ស្រុកមេមត់ គឺជាចំណុចចាប់ផ្តើមដំបូងបង្អស់ នៃដំណើរឆ្ពោះទៅរកការផ្តួលរលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលសមមិត្ត ហ៊ុន សែន និងកម្មាភិបាលដ៏ទុកចិត្តចំនួន ៤រូប គឺលោក នុច ថន, ញឹក ហួន, ស៊ូ គីមស្រ៊ាង និង វ៉ា ប៉ោអ៊ាន បានភៀសខ្លួនទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកជំនួយឧបត្ថម្ភ ដើម្បីធ្វើការរំដោះជាតិកម្ពុជាចេញពីរបបកម្ពុជាប្រជាធិបតេយ្យ ពោលគឺរបបប្រល័យពូជសាន៍ ប៉ុល ពត។
ប្រវត្តិរបស់សមមិត្ត ហ៊ុន សែន និងសមមិត្តរួមដំណើរផ្សេងៗទៀត មិនអាចបំភ្លេចបាននោះឡើយ ខណៈការយកជីវិតទៅប្រថុយប្រថានជាមួយបរទេស (ស្នើសុំកម្លាំងវៀតណាម) ដើម្បីជួយ រំដោះប្រទេសជាតិឱ្យរួចផុតពីរបបដ៏សាហាវរបស់ខ្មែរក្រហម ហើយបានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរហូតដល់បច្ចុប្បន្ននេះ។
បើតាមឯកសារដែលបានចងក្រងដោយក្រុមការងារសាងសង់វិមានឈ្នះ-ឈ្នះ បានឱ្យដឹងថា កាលពីជាង ៤០ឆ្នាំមុនសមមិត្ត ហ៊ុន សែន និងកម្មាភិបាលដ៏ទុកចិត្តចំនួន ៤រូបផ្សេងទៀត ដែលបានរៀបរាប់ខាងលើ បានចាប់ផ្ដើមធ្វើដំណើរ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ នៅតំបន់កោះថ្ម ឃុំទន្លួង ស្រុកមេមត់ ខេត្តកំពង់ចាម (បច្ចុប្បន្នស្ថិតនៅខេត្តត្បូងឃ្មុំ) ដើម្បីស្នើសុំកម្លាំងភាគីវៀតណាម ឱ្យមកជួយរំដោះប្រទេសជាតិខ្មែរទាំងមូល ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។
តាមឯកសារបានបញ្ជាក់ឱ្យដឹងទៀតថា សមមិត្ត ហ៊ុន សែន និងសមមិត្តដទៃទៀត បានធ្វើដំណើរជាមួយនឹងកាំភ្លើង ៣ដើម គ្រាប់បែក២គ្រាប់ និងកាំបិតខ្វែវមួយដើម ហើយការសម្រេចចិត្តរបស់សមមិត្តទាំងអស់នេះ គឺជាការចាកចេញដោយការឈឺចាប់ តែមានទឹកចិត្តមុះមុតដោយ សម្រេចចិត្តយកជីវិតធ្វើដើមទុន ដើម្បីធ្វើការតស៊ូផ្ដួលរំលំរបបប្រល័យពូជសាសន៍ ដ៏សាហាវយង់ឃ្នងនេះ។ «ទិវាចងចាំនៃដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត» បានធ្វើឡើងជារៀងរាល់ហើយរាល់ឯកសារនានារបស់សមមិត្ត ហ៊ុន សែន ពាក់ព័ន្ធនឹងដំណើរការតស៊ូលះបង់ជីវិត ដើម្បីជាតិមាតុភូមិត្រូវបានឆ្លាក់នៅវិមានឈ្នះ-ឈ្នះ ដើម្បីទុកឱ្យកូនចៅ ជំនាន់ក្រោយបានសិក្សារៀនសូត្រ និងចងចាំនូវព្រឹត្តិការណ៍មួយនេះផងដែរ៕ អត្ថបទ៖ បាន ចក់









-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់