ព័ត៌មាន
គិតមកដល់ពេលនេះ សោធនិកដែលទទួលបានប្រាក់សោធនមានចំនួនជាង ៥ពាន់នាក់
គិតចាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន កាលពីចុងឆ្នាំ២០២២ រហូតមកដល់ត្រឹមខែមិថុនា ឆ្នាំ២០២៥នេះ សមាជិក ប.ស.ស. ដែលជាក្លាយជាសោធនិកទទួលបានប្រាក់សោធន ចំនួន ៥ ៥០៧នាក់ គិតជាទឹកប្រាក់ចំណាយអស់ចំនួន ៨ពាន់ ៩០៨លានរៀល ស្មើនឹងប្រមាណ ២,២លានដុល្លា។
ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង បេឡាជាតិសន្តិសុខសង្គម ហៅកាត់ ប.ស.ស នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងបទសម្ភាសន៍នៅព្រឹកថ្ងៃទី២៧ ខែមិថុនានេះ បានមានប្រសាសន៍ប្រាប់ព័ត៍មាន ប៊ីធីវី ឱ្យដឹងថា របបប្រាក់សោធន បានរួមចំណែកធានាសន្តិសុខ និងស្ថេរភាពប្រាក់ចំណូលនៅពេលសមាជិក ប.ស.ស. ចូលនិវត្តន៍ ព្រមទាំងផ្តល់របបថែទាំសុខភាពដល់សោធនិក ដែលជាសមាជិក ប.ស.ស. នៅពេលចាស់ទៅ។ ការណ៍នេះបានឱ្យអ្នកធ្វើការឯកជន មានសិទ្ធិទទួលបានប្រាក់ចូលនិវត្តន៍ដូចជា មន្រ្តីរាជការផងដែរ។
ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា ដើម្បីទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គម ផ្នែកប្រាក់សោធនដល់កម្មករនិយោជិត ភាគីនិយោជកត្រូវមានកាតព្វកិច្ចចុះបញ្ជិកាមកក្នុងបេឡាជាតិសន្តិសុខសង្គម ក្នុងនោះសហគ្រាសដំណើរការរួចហើយ តែមិនទាន់ចុះបញ្ជិកា ប.ស.ស. ចំពោះនិយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថាន ដែលកំពុងដំណើរការ និងមិនទាន់បានចុះបញ្ជីនៅ ប.ស.ស. ត្រូវមានកាតព្វកិច្ចមកចុះបញ្ជីរយៈពេលយ៉ាងយូរ ៣០ថ្ងៃ បន្ទាប់ពីស្តីពីកាលបរិច្ឆេទនៃការចាប់ផ្តើមបង់ភាគទាន នៃរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន តាមរបបភាគទានជាកាតព្វកិច្ច និងរបបភាគទានដោយស្ម័គ្រចិត្ត ចូលជាធរមាន។ ដោយឡែក សហគ្រាសបើកដំណើរការថ្មី និយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថាន ដែលបើកដំណើរការថ្មីក្រោយពីប្រកាសខាងលើនេះចូលជាធរមាន ត្រូវមានកាតព្វកិច្ចមកចុះបញ្ជីនៅ ប.ស.ស. រយៈពេលយ៉ាងយូរ ៣០ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទនៃការចាប់ផ្តើមបើកសហគ្រាស គ្រឹះស្ថាន។
ក្រុមសោធនិក ដែលទទួលបានប្រាក់សោធននេះ បាននិយាយប្រាប់ ប៊ីធីវី ឱ្យដឹងថា កន្លងមកពួកគាត់មិននឹកស្មានទេថា អាចទទួលបានប្រាក់សោធន ឬប្រាក់រឺត្រែតនេះ ដូចទៅនឹងមន្រ្តីរាជការដែរ ដោយសារពួកគាត់ធ្វើការឯកជន។ ពួកគាត់ បានឱ្យដឹងទៀតថា ប៉ុន្តែរហូតមកដល់ពេលនេះ ក្រោយចូលនិវត្តន៍ការងារពួកគាត់ទទួលបានរបបប្រាក់សោធននេះពិតប្រាកដមែន និងយ៉ាងទៀងទាត់ ដោយក្នុងមួយខែទទួលបានចំនួន២លើក តាមរយៈកុងធនាគារ។
សូមជំរាបជូនថា ការអនុវត្តរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោម បទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ គឺជារបបភាគទានជាកាតព្វកិច្ចរួមគ្នា រវាងនិយោជក និងកម្មករនិយោជិត ដោយត្រូវបានកំណត់មានដូចជា៖ ភាគទានតាមរបបកាតព្វកិច្ច ៥ឆ្នាំដំបូង បង់៤% ក្នុងនោះកម្មករនិយោជិត ២% និងនិយោជក២%។ ៥ឆ្នាំបន្ទាប់ បង់៨% ក្នុងនោះកម្មករនិយោជិត៤% និងនិយោជក៤%។ ចាប់ពីឆ្នាំទី១១ទៅ តម្រូវបង់ ១០,៧៥%=៨%+២,៧៥% ក្នុងនោះកម្មករនិយោជិត ៥,៣៧៥% និងនិយោជក ៥,៣៧៥%។ ប្រាក់ឈ្នួលជាប់ភាគទានត្រូវកំណត់អប្បបរមាចំនួន ៤០ម៉ឺនរៀល និងប្រាក់ឈ្នួលជាប់ភាគទានពិដាន ១លាន ២សែនរៀល៕ អត្ថបទ៖ ឈិត បូរ៉ាវី






-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់