Connect with us

ព័ត៌មាន

សម្ដេចតេជោ បន្តប្រាប់ការពិតទៅសមាជិករដ្ឋសភាជប៉ុន ករណីថៃបាញ់សម្លាប់យោធិនកម្ពុជា និងបិទព្រំដែនជាឯកតោភាគី

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជា​ណា​ចក្រ​កម្ពុជា បានអនុញ្ញាតឲ្យ លោក Nagashima Akihisa សមាជិករដ្ឋសភា និង​ជា​ទីប្រឹក្សា​ពិសេស​នាយក​រដ្ឋ​មន្ត្រីជប៉ុន ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា ជាកិច្ចចាប់ផ្ដើម សម្ដេច​តេជោ​ បានសម្ដែងការសាទរ និងរីករាយចំពោះវត្តមានរបស់ឯកឧត្តមសមាជិកសភា និងជា​ទី​ប្រឹក្សា​ពិសេស​នាយករដ្ឋមន្ត្រីជប៉ុន បានអញ្ជើញមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ដោយ​សម្ដេច​បានចាត់ទុកដំណើរទស្សនកិច្ចរបស់ទីប្រឹក្សាពិសេសនាយករដ្ឋមន្ត្រីជប៉ុននៅកម្ពុជា គឺជា​ផ្នែក​មួយ​នៃការញ៉ាំងទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ។

នៅ​ក្នុងឱកាសនោះ ឯកឧត្តមទីប្រឹក្សាពិសេសរបស់នាយករដ្ឋមន្ត្រីជប៉ុន បានសម្ដែង​នូវ​ក្ដី​អរ​គុណ​ចំពោះ​សម្ដេចតេជោ ដែលបានអនុញ្ញាតឲ្យឯកឧត្តម និងសហការី បានជួបសម្ដែង​ការ​គួរ​សម​ក្នុង​ឱកាស​នេះ ហើយឯកឧត្តម បានរំលឹកអំពីកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងកម្ពុជា និងជប៉ុន នា​ពេល​កន្លងមក ក៏ដូចជាបច្ចុប្បន្ន និងបន្តរីកចម្រើនទៅមុខទៀត ។

ឯកឧត្តម​ក៏​បានរំលេចអំពីទំនាក់ទំនងជាពិសេសតាមរយៈដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសជប៉ុន កាលពីពេលថ្មីៗនេះ គឺទទួលបាននូវផ្លែផ្កាដ៏ល្អ។ ជា​មួយ​គ្នា​នេះ ​ឯកឧត្តមក៏បានសម្ដែងនូវការអរគុណចំពោះកម្ពុជា ជាពិសេស សម្ដេចតេជោផ្ទាល់ ក្នុង​ការ​អនុញ្ញាត​ឲ្យ​នាវាជើងទឹករបស់ជប៉ុន បានចូលចតនូវកំពង់ផែរាមកាលពីពេលថ្មីៗនេះ ដែលជាផ្នែក​ដ៏​សំខាន់ នៃការញ៉ាំងទំនាក់ទំនងក្នុងវិស័យការពារជាតិរវាងប្រទេសទាំងពីរ អោយកាន់​តែ​រីក​ចម្រើន​។ ក្រៅពីនោះ ឯកឧត្តម ក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការជាមួយគ្នារវាងកម្ពុជា និង​ជប៉ុន នៅក្នុងវិស័យដោះមីន ជាពិសេស គឺការចូលរួមចំណែករបស់ជប៉ុន ក្នុងកា​រ​ជួយ​ដល់​ការ​ដោះ​មីន​ នៅក្នុងប្រទេសកម្ពុជា នាពេលកន្លងមក ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្ដីពេញចិត្តចំពោះទំនាក់ទំនងរវាងកម្ពុជា និង​ជប៉ុន ដែលមានភាពរីកចម្រើនជាបន្តបន្ទាប់ ជាពិសេស ចាប់តាំងពីជំនាន់ឯកឧត្តមស៊ីនហ្សូ អាបេ ដែលមានការរីកចម្រើនខ្លាំងនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយមកដល់ពេលនេះ គឺ​កម្ពុជា នឹងជប៉ុន បានឈានដ៏កម្រិតដៃគូយុទ្ធសាស្ត្រជាមួយគ្នា នៃកម្រិត​ទំនាក់​ទំនង​ដ៏​ខ្ពស់​រវាង​ប្រទេស​ទាំង​ពីរ។ សម្ដេចតេជោ ក៏បានរំលេចអំពីភាពជោគជ័យ​របស់​សម្ដេចធិប​តី​កន្លង​មក​នៅ​ប្រទេស​ជប៉ុន និងជាផ្នែកដ៏សំខាន់ក្នុងការអភិវឌ្ឍនៅទំនាក់ទំនងរវាងប្រទេសទាំងពីរ ទាំង​សេដ្ឋកិច្ច នយោបាយ និងយោធាជាមួយគ្នា ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ។

ទន្ទឹម​នឹង​នោះ សម្ដេចតេជោ ក៏បានកត់សម្គាល់ទាក់ទងទៅនឹងវិស័យដោះមីនផងដែរ ដោយ​សម្ដេច​តេជោ បានរំលឹកថា កម្ពុជា នាពេលបច្ចុប្បន្ននេះ បានបញ្ជូនកងទ័ពរបស់ខ្លួន ទៅ​ចូល​រួម​រក្សា​សន្តិភាព​ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ហើយក្នុងចំណោមកងទ័ព របស់កម្ពុជា​ភាគច្រើន​នោះ ត្រូវបានទៅជួយដោះមីននៅតាមបណ្ដាប្រទេសនានា ដែលជាផ្នែកជំនាញរបស់កម្ពុជា ដែល​បាន​ធ្វើកិច្ចការទៅលើការដោះមីន ហើយសម្ដេច ក៏មិនភ្លេចដែរនូវការអរគុណចំពោះភាគីជប៉ុន ពី​ព្រោះភា​ព​ជំនាញរបស់កម្ពុជា នៅក្នុងការដោះមីននេះ ក៏មានការរួម​ចំណែក​ជួយ​ជ្រោមជ្រែង​ទាំង​បច្ចេក​ទេស និងសម្ភារៈផងដែរ ដែលជួយដល់កងកម្លាំងរបស់កម្ពុជា ។

ទាក់ទង​ទៅ​នឹងបញ្ហាព្រំដែន សម្ដេចតេជោ បានបញ្ជាក់ទៅកាន់ទីប្រឹក្សាពិសេស របស់នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​បន្ថែមឱ្យបានយល់អំពីទិដ្ឋភាពជាក់ស្ដែងពីបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ដែល​កំពុង​កើត​មាន ដោយចាប់ផ្ដើមចេញពីការបាញ់ប្រហាររបស់ទាហានថៃ មកលើទាហានកម្ពុជាស្លាប់ កាល​ពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅ និងការសម្រេចបិទព្រំដែនជាឯកតោភាគទី រប​ស់​ភាគី​ថៃ ដែលធ្វើឲ្យស្ថានភាព នៃបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ កាន់តែ​តាន​តឹង​នា​ពេល​បច្ចុប្បន្ន​នេះ​។ សម្ដេចតេជោ ក៏បានបញ្ជាក់បន្ថែមពីចំណុចសំខាន់ ដើម្បីពន្យល់​ទៅ​កាន់​ទីប្រឹក្សា​ពិសេស របស់នាយករដ្ឋមន្ត្រីជប៉ុន ឱ្យបានជ្រាបពីទិដ្ឋភាពជាក់ស្ដែង ដែលបាន​កើត​ឡើង​រវាង​កម្ពុជា​ និងថៃនាពេលកន្លងមក ក៏ដូចជានាពេលបច្ចុប្បន្ន ។

ក្នុងឱកាស​នោះ សម្ដេចតេជោ ក៏បានឆ្លៀតប្រាប់ទៅទីប្រឹក្សាពិសេសរបស់នាយករដ្ឋមន្ត្រីជប៉ុនថា កម្ពុជា មកដល់ពេលនេះ មិនទាន់ត្រូវការភាគីទី៣ ក្នុងការចូលរួមចំណែកដោះស្រាយ បញ្ហា​ព្រំដែន​រវាង​កម្ពុជា និងថៃទេ (ភាគីទី៣ នោះ គឺសំដៅទៅលើប្រទេសទី៣) ។ អ្វីដែលកម្ពុជា ត្រូវ​ការ​នោះ គឺការជំរុញការដោះស្រាយតាមរយៈយន្តការសន្តិវិធី ពោល គឺតាមរយៈយន្តការ នៃច្បាប់​អន្តរជាតិ ទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ។ ក្នុងនោះ សម្ដេចតេជោ បានបញ្ជាក់ថា ទោះ​បី​ពេល​នេះ កម្ពុជា មិនទាន់ត្រូវការប្រទេសទី៣ ក្នុងការជួយដោះស្រាយបញ្ហាព្រំដែនកម្ពុជា និងថៃ ក៏​ពិតមែន ប៉ុន្តែសម្ដេចបានប្រាប់ទៅកាន់ទីប្រឹក្សាពិសេសរបស់នាយករដ្ឋមន្ត្រីជប៉ុនថា ដោយ​អាច​ប្រាប់​ទៅនាយករដ្ឋមន្ត្រីជប៉ុន បានជ្រាប ហើយអាចឲ្យជប៉ុន ជំរុញភាគីថៃ ឲ្យដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី និងឈរលើយន្តការនៃច្បាប់អន្តរជាតិ ពោល គឺទៅកាន់តុលាការ ICJ ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia