ព័ត៌មាន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបញ្ចុះខណ្ឌសីមា និង សម្ពោធសមិទ្ធផលនានាក្នុងវវត្ត “តូប”
កំពត ៖ នាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធផលនានា នៅក្នុងវត្តពោធិព្រឹក្សាខារាម ហៅ «វត្តតូប» ស្ថិតក្នុង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត។ ពិធីនេះមានការនិមន្ត និងអញ្ជើញចូលរួមដោយសម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណាយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី១ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ម៉ៅ ធនិន្ទ អភិបាល នៃគណៈអភិបាល ខេត្តកំពត ព្រមទាំងថ្នាក់ដឹកនាំ និងប្រជាពុទ្ធបរិស័ទយ៉ាងច្រើនកុះករផងដែរ។
នាឱកាសដ៏វិសេសវិសាលនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានពាំនាំនូវការនឹករលឹក និងផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធិបណ្ឌិត និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនចំពោះប្រជាពលរដ្ឋ ដែលបានចូលរួមទាំងអស់។ ទន្ទឹមនិងនេះលោកជំទាវបណ្ឌិតបានសម្តែងនូវក្តីសប្បាយរីករាយ ដែលបានចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ភោធសមិទ្ធផលនានា នៅវត្តពោធិព្រឹក្សាខារារាម ហៅ “វត្តតូប” នាឱកាសនេះ ជាមួយព្រះតេជគុណ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទជិតឆ្ងាយ ជាពិសេសបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកទឹកឈូ ទាំងអស់ ដែលបានទទួលនូវសមិទ្ធផលថ្មីៗជាច្រើនបន្ថែមទៀតសម្រាប់បម្រើឱ្យសេចក្តីត្រូវការ នៅក្នុងទីវត្តអារាមនេះ។
លោកជំទាវបណ្ឌិតបានបន្តថា សមិទ្ធផលទាំងនេះ បានឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់អំពីជំនឿដ៏មុតមាំរបស់ពុទ្ធសាសនិកយើង និងការប្ដេជ្ញាចិត្តប្រកបដោយសទ្ធាជ្រះថ្លារបស់ថ្នាក់ដឹកនាំ ក្នុងការខិតខំប្រឹង ប្រែងលើកកម្ពស់វិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។ ព្រោះទីទីវត្តអារាមមិនត្រឹមតែជាកន្លែងសម្រាប់គោរពបូជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកន្លែងសិក្សារៀនសូត្រ ព្រះធម៌ វិន័យ និងផ្សព្វផ្សាយ អប់រំកាយ វាចាចិត្ត ដល់ប្រជាពលរដ្ឋគ្រប់ៗរូប ដើរតាមគន្លងព្រះពុទ្ធសាសនា ដើម្បីទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន និងភាពសុខដុមក្នុងគ្រួសារ និងសង្គមជាតិ ថែមទៀតផង។
ខណះនោះលោកជំទាវបណ្ឌិត ក៏សូមបួងសួងដល់វត្ថុសក្កិសិទ្ធ ជួយឃុំគ្រង់ប្រទេសកម្ពុជា ជួបតែសេចក្តីសុខចម្រើន ខណៈដែលប្រទេសជិតខាងកំពុងឃ្លានពានទឹកដីយើង។ លោកជំទាវបានធ្វើការកោតសរសើរចំពោះទឹកចិត្តរបស់បងប្អូនប្រជាពលរដ្ឋ នៅទូទាំងប្រទេស ដែលបានចូលរួមគាំទ្រលើកទឹកចិត្តដល់បងប្អូនកងទ័ពជួរមុខ ដែលកំពុងការពារទឹកដី នេះជាកម្លាំងចិត្តមួយ ចំពោះកងទ័ពជួរមុខដែលកំពុងការពារទឹកដី។
ឯកឧត្តម ម៉ៅ ធនិន្ទ អភិបាល នៃគណៈអភិបាលខេត្តកំពត បានថ្លែងជម្រាបរបាយការណ៍ជូន លោកជំទាវបណ្ឌិត និងអង្គពិធីទាំងមូលថា សមិទ្ធផលដែលត្រូវសម្ពោធឆ្លងនាឱកាសនេះរួមមាន ព្រះវិហារមួយខ្នងដែលមានបណ្ដោយប្រវែង 39,20 ម៉ែត្រ ទទឹងប្រវែង 24,20 ម៉ែត្រ កម្ពស់ 17, 60 ម៉ែត្រ, រូបគំនូរបុរាណនៅក្នុងព្រះវិហារ, របងវត្ត, ក្លោងទ្វារ, ផ្លូវបេតុង, បន្ទប់ទឹក, បង្គោលសូឡា, និងសមិទ្ធផលនានាមួយចំនួនទៀត ដោយសរុបជាថវិកាចំណាយអស់ជាង 703,594ដុល្លារ (ចិតសិបម៉ឺនបីពាន់ប្រាំរយកៅសិបបួនដុល្លារអាមរិក)។
ឯកឧត្តមបន្តថា សមិទ្ធផលទាំងនេះ មិនមែនកើតដោយចៃដន្យនោះទេ ពោលគឺកើតចេញពីសន្តិភាព បើគ្មានសន្តិភាពទេ គឺមិនមានអ្វីគ្រប់យ៉ាងដូចសព្វថ្ងៃនេះទេ។ ដោយឡែកសម្រាប់សមិទ្ធផលនានា នៅក្នុងបរិវេណវត្ត”តូប”នេះ គឺក្រោមការផ្ដួចផ្ដើមដឹកនាំកសាងនិងឧបត្ថម្ភដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្ដេចព្រះពោធិវង្សកិត្តិបណ្ឌិត ណយ ច្រឹក សម្ដេចព្រះសង្ឃនាយករងទី 1 គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្ត ចន្ទបុរីវង្ស រួមទាំងព្រះសង្ឃ លោកអាចារ្យ គណៈកម្មការ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រីញាតិញោមពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ ដែលមានសទ្ធាជ្រះថ្លាបានចូលរួមកសាងព្រះវិហារ និង សមិទ្ធផលនានានៅក្នុងទីអារម្មណ៍នេះ។
ឯកឧត្តម បានបញ្ជាក់ថា កម្ពុជាត្រូវបានបំផ្លាញទាំងស្រុងដោយរបបខ្មៅងងឹត ប៉ុលពត ប៉ុន្តែនៅក្រោយថ្ងៃរំដោះ៧ មករា ១៩៧៩ កម្ពុជាបានទទួលសេរីភាពឡើងវិញ និងបានបោះជំហានប្រែក្លាយពីប្រទេស ដែលខ្ទេចខ្ទាំដោយសង្រ្គាម រហូតមានការអភិវឌ្ឍន៍លើកគ្រប់វិស័យ ក្រោមការយកចិត្តទុកដាក់របស់ប្រមុខរដ្ឋាភិបាល ដែលដឹកនាំដោយបិតាស្ថាបនិក នយោបាយឈ្នះ-ឈ្នះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បាននាំយកនូវសន្តិភាពជូនប្រទេស និងបានបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលតែងយកចិត្តទុកដាក់លើព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។
សូមជម្រាបថាក្នុងឱកាសនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បាននាំយកនូវទេយ្យទាន និងប្រគេនបច្ច័យមួយចំនួន ថ្វាយប្រគេនដល់សម្តេចសង្ឃ ព្រះថេរ៉ានុថេរៈគ្រប់ព្រះអង្គ បច្ចេយកសាងវត្ត និងជូនថវិកាដល់ តាជី យាយជី យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម យុវជន អ.ម.ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សផងដែរ៕
អត្ថបទ៖ សំ ងីម













-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត