ព័ត៌មាន
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានក្លាយជាតួអង្គមេដឹកនាំដ៏លេចធ្លោនៅគ្រប់វេទិកា និងគ្រប់កិច្ចប្រជុំកំពូលអាស៊ាន
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូណេស៊ី
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួន ស្តីពី ជោគជ័យ នៃបេសកកម្មរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូណេស៊ី បានកត់សម្គាល់ថា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានក្លាយជាតួអង្គមេដឹកនាំដ៏លេចធ្លោនៅគ្រប់វេទិកា និងគ្រប់កិច្ចប្រជុំកំពូលអាស៊ាន ពីព្រោះសម្តេចជានាយករដ្ឋមន្ត្រី វ័យក្មេងជាងគេ ប៉ុន្តែបានបង្ហាញនូវទេពកោសល្យការទូតដ៏ប៉ិនប្រសប់ និងលេចធ្លោ។

សេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូណេស៊ីនោះ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ថ្នាក់ដឹកនាំកំពូលៗនៃស្ថាប័នតំបន់ និងអន្តរជាតិ បានចូលរួមអបអរសាទរ ប្រកបដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ និងគាំទ្រសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា។

ក្នុងនោះ ក៏បានជម្រាបជូននូវសេចក្តីផ្តាំផ្ញើ ប្រកបដោយការនឹករលឹកបំផុត ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ផងដែរ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណចំពោះមេដឹកនាំបរទេសទាំងនោះ ដែលបានអបអរសារទរចំពោះសម្តេច និងបានផ្ដាំផ្ញើនូវមនោសញ្ចេតនានឹករលឹក ជូនសម្តេចតេជោ ហ៊ុន សែន។

នៅក្នុងកិច្ចសន្ទនាទ្វេភាគី ត្រីភាគី និងក្រៅផ្លូវការនោះដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំកំពូល នៃស្ថាប័នតំបន់ និងអន្តរជាតិ ក៏បានពិភាក្សា អំពីការបន្តពង្រឹង និងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្រប់វិស័យ ព្រមទាំងបានផ្លាស់ប្ដូរយោបល់អំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម។
ក្នុងឱកាសនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានទទួលការអញ្ជើញទៅបំពេញទស្សនកិច្ច និងអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ផងដែរ។ សម្ដេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានអញ្ជើញមេដឹកនាំជាច្រើន មកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងពេលវេលាសមស្របណាមួយខាងមុខ។
នៅក្នុងសុន្ទរកថាទៅកាន់វេទិកា និងកិច្ចប្រជុំនានា សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារសំខាន់នៃសន្តិភាព នៅក្នុងតំបន់ និងពិភពលោក ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គមរបស់មនុស្សជាតិគ្រប់ប្រទេស និងគ្រប់តំបន់។ សម្ដេចធិបតី បានថ្លែងជាអាទិ៍ថា សង្គ្រាម មិនអាចបញ្ចប់ដោយសង្គ្រាមបានឡើយ ហើយក៏គ្មានការអភិវឌ្ឍណា អាចកើតឡើងដោយគ្មានសុខសន្តិភាពពេញលេញ នោះដែរ។
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានកត់សម្គាល់ថា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានក្លាយជាតួអង្គមេដឹក នាំដ៏លេច ធ្លោនៅគ្រប់វេទិកា និងគ្រប់កិច្ចប្រជុំកំពូលអាស៊ាន ពីព្រោះសម្តេចជានាយករដ្ឋមន្ត្រីវ័យក្មេងជាងគេ ប៉ុន្តែបានបង្ហាញនូវ ទេពកោសល្យការទូតដ៏ប៉ិនប្រសប់ និងលេចធ្លោ ជាពិសេសក្នុងកិច្ចសន្ទនាជាអន្តរជាតិកម្រិតខ្ពស់ ជាមួយមេដឹកនាំក្នុង តំបន់ និងមហាអំណាចលើពិភពលោក ដូចដែលកម្ពុជាធ្លាប់បានធ្វើ ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី៕
អត្ថបទពី៖ KPT
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន1 week agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត
-
កីឡា2 days agoសសយក ស្រុករមាសហែក និងព្រះខ័នរាជស្វាយរៀង អាយុក្រោម១៦ឆ្នាំបានត្រឹមស្មើគ្នាការប្រកួតពានរង្វាន់បាល់ទាត់នារីខេត្តស្វាយរៀង
-
ព័ត៌មាន6 days agoអង្គភាពប្រឆាំងអំពើពុករលួយទទួលបានពាក្យប្តឹងចំនួនជាង២០០ក្នុងឆមាសទី១ឆ្នាំ២០២៦
-
ព័ត៌មាន4 days agoធនធានមច្ឆាជាតិក្នុងដែនទឹកខេត្តកំពង់ឆ្នាំងមានកំណើន ក្រោយយុទ្ធនាការបង្ក្រាបបទល្មើសយ៉ាងសកម្ម
-
ព័ត៌មាន4 days agoជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ
-
ព័ត៌មាន1 day agoប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក