Connect with us

កីឡា

គ្រូព្រះខ័នរាជ រំពឹងផ្ដល់លទ្ធផលល្អជូនអ្នកគាំទ្រ ក្នុងទំនួបទល់ម្ចាស់ផ្ទះ Lion City យប់នេះ

ក្រុមព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបក្រុមម្ចាស់ផ្ទះ Lion City Sailors របស់ប្រទេសសិង្ហបុរី នា​វេលា​ម៉ោង ៧៖៣០នាទីយប់ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ នៅក្នុង​ពាន​រង្វាន់​ជើង​ឯក​ក្លិប​បាល់​ទាត់​អាស៊ី​អាគ្នេយ៍ ASEN Club Championship Shopee Cup 2025/26 ពូលB ដែល​ជា​ជំនួប​ដ៏​សំខាន់​ ដោយក្រុមតំណាងកម្ពុជា ត្រូវការជ័យជម្នះ ដើម្បីរក្សាក្ដីសង្ឃឹមប្រជែងកៅអីវគ្គបន្ដ។

ថ្លែង​ក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួត កាលពីល្ងាចថ្ងៃពុធកន្លងទៅ លោក Matthew Mcconkey គ្រូបង្វឹកក្រុមជើងឯកលីគកំពូលកម្ពុជា បានបង្ហាញការត្រៀមខ្លួនរួចរាល់ ក្នុង​ការ​តតាំង​ជាមួយ​ក្រុមខ្លាំងសិង្ហបុរី ដែលសម្បូរដោយកីឡាករមានគុណភាព និងធ្លាប់​លេង​នៅ​លីគ​ធំ​ៗ​។ យ៉ាងណាលោកជឿជាក់លើកូនក្រុមខ្លួន ក្រោយការរៀបចំក្រុមល្អបានល្អប្រសើរ ពិសេស​លោក​សង្ឃឹម​ថា កូនក្រុមនឹងព្យាយាម​ដើម្បី​ទទួល​បាន​លទ្ធផល​ល្អក្នុ​ង​ការ​ប្រកួត​ទល់​នឹង​ក្រុម ​Lion​ City សម្រាប់តបស្នងទៅនឹងទឹកចិត្តដ៏អស្ចារ្យរបស់អ្នកគាំទ្រខ្លួន។

គួរដឹងថា បច្ចុប្បន្នព្រះខ័នរាជស្វាយរៀង កំពុងឈរលេខ៣ មាន ៤ពិន្ទុ តែសល់ ២ប្រកួតក្នុងដៃ តាម​ពីក្រោយ Johor Darul Ta’zim ឈរលេខ២ មាន ១០ពិន្ទុ តែសល់ ១ប្រកួតក្នុងដៃ ដែល​ត្រូវ​ជួប​ក្រុម​ម្ចាស់ផ្ទះ Nam Dinh របស់វៀតណាម ក្នុងម៉ោងដំណាលគ្នា នាល្ងាចថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ​២០២៦នេះ។ រីឯបេក្ខភាពក្នុងពូល ៣ក្រុមផ្សេងទៀត បានអស់ឱកាសប្រជែងកៅអីវគ្គបន្ដហើយ រួម​មានក្រុម Lion City Sailors រកបាន ៤ពិន្ទុ សល់ ១ប្រកួត, ក្រុម Bakok United សល់ ២​ប្រកួត រកបាន ១ពិន្ទុ និងក្រុម Shan United សល់ ១ប្រកួត តែមិនទាន់មានពិន្ទុរាប់ឡើយ។

ដូច្នេះអ្នកគាំទ្រ កំពុងតាមដានការប្រកួតរបស់ព្រះខ័នរាជស្វាយរៀង និងក្រុម Johor Darul Ta’zim ថ្ងៃនេះ ដ្បិតក្រុមរបស់កម្ពុជា ក្រៅពីត្រូវការឈ្នះ ដើម្បីរក្សាក្ដីសង្ឃឹមប្រជែងកៅអីវគ្គបន្ដ ក៏ត្រូវចាំអ៊ុតលទ្ធផលការប្រកួតរបស់ក្រុមម៉ាឡេស៊ីនេះដែរ ព្រោះបើសិន Johor Darul Ta’zim ស្មើ ឬឈ្នះការប្រកួតយប់នេះ ពួកគេនឹងឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជាមួយក្រុម Nam Dinh តែបើពួកគេចាញ់ ឱកាសប្រជែងកៅអីវគ្គ ៤ក្រុមចុងក្រោយនេះ នឹងមានសម្រាប់ព្រះខ័នរាជស្វាយរៀង ករណីបើក្រុមតំណាងកម្ពុជានេះ ទទួលបានជ័យជម្នះ ២ប្រកួតចុងក្រោយ។

គួរដឹងថា បន្ទាប់ពីជួប Lion City ថ្ងៃនេះ ព្រះខ័នរាជស្វាយរៀង នៅសល់ ១ប្រកួតក្នុងដៃ ដោយរង់ចាំការប្រកួតជាមួយក្រុម Bakok United របស់ថៃ ដែលត្រូវបានពន្យាពេលប្រកួត កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ។ បច្ចុប្បន្ន​ជំនួបរវាងក្រុមទាំងពីរ នៅមិនទាន់កំណត់កាលបរិច្ចេទថ្មី ក៏​ដូច​ជា​ទី​តាំង​សម្រាប់​ធ្វើ​ការ​ប្រកួត​ឡើយ​៕ អត្ថបទ លី ឈុនឡា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia