ព័ត៌មាន
សម្ដេចធិបតី៖កម្ពុជានឹងចូលរួមក្នុង «ក្រុមប្រឹក្សាសន្តិភាព» តាមការអញ្ញើញរបស់ប្រធានាធិបតី ដូណាល់ ត្រាំ
ភ្នំពេញ ៖ កម្ពុជានឹងចូលរួមក្នុង «ក្រុមប្រឹក្សាសន្តិភាព» តាមការអញ្ញើញរបស់ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ ដែលការណ៍នេះបានបង្ហាញនូវសុឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជាចំពោះសន្តិភាពសកល។ នេះបើតាមការបញ្ជាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាក្នុងជំនួបជាមួយនាយឧត្តមនាវី Samuel Paparo មេបញ្ជាការ នៃបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិកអាម៉េរិក នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦នេះ នៅវិមានសន្ដិភាព រាជធានីភ្នំពេញ។
ក្នុងឱកាសជំនួបនេះមេបញ្ជាការ នៃបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិកអាម៉េរិក បានថ្លែងអំណរគុណ និងសម្តែងនូវក្តីសោមនស្សរីករាយដែលបានជួបសម្តេចបវរធិបតីជាថ្មីម្តងទៀត ក្នុងដំណើរបំពេញទស្សនកិច្ចលើកទី២ នៅកម្ពុជា។ ឯកឧត្តមបានសម្តែងការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងសហរដ្ឋអាម៉េរិក-កម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ។ ជាមួយគ្នានេះ, ឯកឧត្តមបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតឱ្យនាវាកងទ័ពជើងទឹកសហរដ្ឋអាម៉េរិកចូលចតនៅមូលដ្ឋានសមុទ្ររាម ដែលនេះជាសក្ខីភាពឆ្លុះបញ្ចាំងពីការពង្រឹងទំនាក់ទំនងយោធាកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរ។
ជាការឆ្លើយតប, សម្តេចបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរលើវិស័យយោធារវាងប្រទេសទាំងពីរ នាពេលកន្លងមក និងបានគូសបញ្ជាក់ថា ការចូលចតនៃនាវាជើងទឹកសហរដ្ឋអាម៉េរិកនៅកម្ពុជា នាពេលនេះ គឺជាលទ្ធផលជាក់ស្តែងនៃទំនាក់ទំនងទ្វេភាគីដែលកំពុងរីកចម្រើន។ សម្តេចបវរធិបតីមានជំនឿយ៉ាងមុតមាំថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងត្រូវបានបន្តពង្រឹង និងពង្រីកបន្ថែមទៀត។ ទន្ទឹមនឹងនេះ, សម្តេចបវរធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញឱ្យមានបទឈប់បាញ់ កម្ពុជា-ថៃ និងបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើ “សេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ” កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។ សម្តេចបវរធិបតី ក៏បានជម្រាបជូនឯកឧត្តមនាយឧត្តមនាវី ថា កម្ពុជាបានទទួលលិខិតអញ្ញើញរបស់ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការចូលរួម “ក្រុមប្រឹក្សាសន្តិភាព”។ កម្ពុជានឹងចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាពនេះ ដែលការណ៍នេះ បានបង្ហាញនូវសុឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជាចំពោះសន្តិភាពសកល។
សម្តេចបវរធិបតី ក៏បានជម្រាបជូនឯកឧត្តម នាយឧត្តមនាវី អំពីការវិវត្តជាក់ស្តែង នៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងបានបញ្ជាក់ពីជំហរយ៉ាងច្បាស់លាស់របស់កម្ពុជា ក្នុងការគោរពបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួឱ្យបានខ្ជាប់ខ្ជួន និងប្រកាន់យកការដោះស្រាយជម្លោះដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ដើម្បីសម្រេចបាននូវព្រំដែនសន្ដិភាព និងយូរអង្វែង។
ជាការឆ្លើយតប, ឯកឧត្តម នាយឧត្តមនាវី Samuel Paparo បានជម្រាបជូនសម្ដេចបវរធិបតីថា ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ នៅតែបន្តយកចិត្តទុកដាក់ចំពោះស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងការអនុវត្តតាមស្មារតីនៃសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ។ ឯកឧត្តម Samuel Paparo បានគូសបញ្ជាក់ពីសារៈសំខាន់ប្រកបដោយការស្ថាបនានៃតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងបានជម្រាបជូនសម្ដេចបវរធិបតីថា សហរដ្ឋអាម៉េរិកបន្តគាំទ្រដល់ការបន្តយន្តការ AOT ព្រមទាំងគាំទ្រដល់ការពន្លឿនដំណើរការ JBC ក្នុងការវាស់វែង និងខណ្ឌសីមាព្រំដែននៃប្រទេសទាំងពីរ៕




-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត