ព័ត៌មាន
សម្ដេចធិបតីប្រាប់រ៉យទ័រថា «ថៃកំពុងកាន់កាប់ទឹកដីកម្ពុជាបន្ទាប់ពីបទឈប់បាញ់ ខណៈកម្ពុជាជំរុញឱ្យកំណត់ខណ្ឌសីមារួម»
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងប្រាប់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា កងកម្លាំងថៃ កំពុងតែកាន់កាប់ទឹកដីរបស់កម្ពុជា បន្ទាប់ពីជម្លោះកាលពីឆ្នាំមុន បើទោះបីជាមានកិច្ចព្រមព្រៀងសន្តិភាពដែលសម្របសម្រួលដោយផ្ទាល់ពីលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏ដោយ ហើយសម្ដេចបវរធិបតី បានអំពាវនាវឱ្យប្រទេសថៃ អនុញ្ញាតឱ្យគណៈកម្មការព្រំដែនរួម ចាប់ផ្តើមធ្វើការលើព្រំដែនដែលមានជម្លោះរបស់ភាគីទាំងពីរ។

នៅក្នុងបទសម្ភាសន៍លើកដំបូងជាមួយប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ សម្ដេចធិបតី មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា កំពុងប្រឹងប្រែងធ្វើការដើម្បីដោះស្រាយមណ្ឌលឆបោកតាមប្រព័ន្ធអ៊ីនធឺណិត ដែលរីករាលដាលនៅក្នុងប្រទេស។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានអញ្ជើញទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពរបស់លោក ត្រាំ ក្នុងសប្តាហ៍នេះ ហើយសម្ដេចបានមានប្រសាសន៍ថា សម្ដេចសង្ឃឹមថា ស្ថាប័នថ្មីនេះអាចដើរតួនាទីក្នុងការបន្ធូរបន្ថយស្ថានការណ៍នៅតាមព្រំដែន ដែលសម្ដេចបានពិពណ៌នាថាមានភាព «ផុយស្រួយ» ទោះបីជាមានបទឈប់បាញ់ខែធ្នូ ដែលបានបញ្ចប់ការប្រយុទ្ធគ្នាជាថ្មីនោះក៏ដោយ។
សូមបញ្ជាក់ជូនថា ក្រុមប្រឹក្សាសន្តិភាពនេះ ត្រូវបានបង្កើតឡើងដើម្បីត្រួតពិនិត្យផែនការសន្តិភាពតំបន់ហ្កាហ្សា ប៉ុន្តែលោក ត្រាំ បានមានប្រសាសន៍ថា ស្ថាប័ននេះក៏អាចដើរតួនាទីកាន់តែទូលំទូលាយ។
សម្ដេចធិបតី បានថ្លែងប្រាប់សារព័ត៌មានរ៉យទ័រថា៖ «យើងនៅតែមានកងកម្លាំងថៃ ដែលកំពុងកាន់កាប់ចូលជ្រៅចូលទៅក្នុងទឹកដីរបស់កម្ពុជា នៅក្នុងតំបន់ជាច្រើន។ នេះគឺហួសឆ្ងាយពីការអះអាងជាឯកតោភាគីផ្ទាល់របស់ថៃទៅទៀត… លើខ្សែបន្ទាត់ព្រំដែន»។
សម្ដេចមានប្រសាសន៍ថា កងទ័ពថៃបានដាក់ទូកុងតឺន័រ និងរាយបន្លាលួសនៅខាងក្នុងអ្វីដែលថៃបានទទួលស្គាល់ជាយូរមកហើយថាជាទឹកដីរបស់កម្ពុជា ហើយអ្នកស្រុកមិនអាចត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញបាន។ សម្ដេចមានប្រសាសន៍ថា៖ «នេះមិនមែនជាការចោទប្រកាន់ទេ ប៉ុន្តែនេះគឺជាសេចក្តីថ្លែងការណ៍នៃការពិតជាក់ស្ដែងនៅទីតាំងនោះ»។
សម្ដេចធិបតីបានបន្តថា កម្ពុជាមិនអាចទទួលយកនូវអ្វីដែលសម្ដេចហៅថា «ការរំលោភបំពានលើអធិបតេយ្យភាព ឬបូរណភាពទឹកដីរបស់កម្ពុជាបានឡើយ»។
សម្ដេចធិបតីមានប្រសាសន៍ថា «មធ្យោបាយតែមួយគត់ដើម្បីផ្ទៀងផ្ទាត់រឿងនោះ គឺការប្រើប្រាស់យន្តការបច្ចេកទេសដែលយើងមាន ដោយផ្អែកលើសន្ធិសញ្ញានានា ដោយផ្អែកលើកិច្ចព្រមព្រៀងទាំងអស់ដែលយើងមាន។ ដូច្នេះ យើងសង្ឃឹមថាប្រទេសថៃនឹងយល់ព្រម ហើយចាប់ផ្តើមអនុញ្ញាតឱ្យ JBC (គណៈកម្មការព្រំដែនរួម) ធ្វើការឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។
សម្ដេចបានបន្ថែមថា ប្រទេសថៃ បានលើកយកការបោះឆ្នោតថ្ងៃទី៨ ខែកុម្ភៈរបស់ខ្លួន ថាជាហេតុផលមួយដែលមិនអាចចាប់ផ្តើមការងារខណ្ឌសីមាព្រំដែនបាន។ នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆានវីរៈគុល បានប្រើប្រាស់បញ្ហាជាតិនិយមជាដើមទុនក្នុងការបោះឆ្នោត បន្ទាប់ពីជម្លោះព្រំដែន។
សម្ដេចធិបតី មានប្រសាសន៍ថា៖ «ឥឡូវនេះ ការបោះឆ្នោតធ្វើឡើងរួចរាល់ហើយ យើងសង្ឃឹមថា ប្រទេសថៃអាចចាប់ផ្តើម យ៉ាងហោចណាស់នៅកម្រិតបច្ចេកទេស ដើម្បីចាប់ផ្តើមវាស់វែង ចាប់ផ្តើមខណ្ឌសីមានៅក្នុងតំបន់ក្តៅ ដើម្បីឱ្យយើងអាចបន្តជីវិតប្រចាំថ្ងៃវិញបាន»។
គួររម្លឹកថា ការប្រយុទ្ធដ៏អាក្រក់បំផុតក្នុងរយៈពេលជាងមួយទសវត្សរ៍ ដែលបានផ្ទុះឡើងនៅក្នុងខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥កន្លងទៅ បានបង្ខំឱ្យមនុស្សរាប់សែននាក់ត្រូវរត់ភៀសសឹក និងបានរំខានដល់ពាណិជ្ជកម្មឆ្លងកាត់ព្រំដែនរវាងភាគីទាំងពីរ៕

-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត