ព័ត៌មាន
មកទល់ពេលនេះពលករមកពីថៃ ៣ម៉ឺននាក់បានចូលរៀនជំនាញធីវ៉េត ដើម្បីកែប្រែជីវិតថ្មី
តាមរយៈការរៀបចំវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅតាមបណ្តាខេត្តធំៗ និងតំបន់ជាប់បន្ទាត់ព្រំដែនរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គឺមានការចាប់អារម្មណ៍ជាខ្លាំងពីប្រជាពលរដ្ឋ និងអតីតពលករ។ ក្នុងនោះសម្រាប់វិស័យ ធីវ៉េត គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៦នេះ ទទួលបានការចុះឈ្មោះចំនួនប្រមាណ ៣ម៉ឺននាក់។
លោក ស៊ុន មេសា មន្រ្តីអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យព័ត៌មាន ប៊ីធីវីដឹងនៅព្រឹកថ្ងៃទី២០ ខែកុម្ភៈនេះថា គិតមកដល់ពេលនេះ កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃ ដល់យុវជនក្រុមគោលដៅមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស ១,៥លាននាក់ (TVET 1,5M) គឺមានអាយុកាលជាង ២ឆ្នាំ ដែលផ្តួចផ្តើមឡើងដោយសម្តេចតេជោ ហ៊ុន សែន និងប្រកាសដាក់ឱ្យអនុវត្តដោយសម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។
លោកបានបន្តថា ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឬហៅថា ធីវ៉េត នេះ ក្រៅពីក្រុមយុវជនដែលជាគោលដៅបច្ចុប្បន្ននេះ ក៏ទទួលបានការចាប់អារម្មណ៍ច្រើនពីសំណាក់អតីតពលករត្រឡប់មកពីប្រទេសថៃផងដែរ បានងាកមកចុះឈ្មោះដើម្បីរៀនជំនាញមួយពិតប្រាកដ ដើម្បីងាយស្រួលស្វែងរកការងារ។ លោកបានបញ្ជាក់ថា វិស័យសំណង់ គឺជាវិស័យអាទិភាពដែលពួកគាត់ចាប់អារម្មណ៍ច្រើនជាងគេ។
ឆ្លើយតបនឹងភាពមិនច្បាស់លាស់នៃនយោបាយរបស់រាជរដ្ឋាភិបាលថៃ អាណត្តិថ្មី ដែលមិនទាន់មានការសម្រេចបែបណាចំពោះពលករខ្មែរកំពុងធ្វើការនៅប្រទេសថៃ លោក ស៊ុន មេសា បានផ្ញើសាររម្លឹកជូនដល់អតីតពលករថា នៅកម្ពុជាមានឱកាសការងារដ៏សម្បូរបែប មានទាំងអត្ថប្រយោជន៍ច្រើនជាង និងយន្តការគាំពារសម្រាប់ពលករគ្រប់គ្រាន់ ដើម្បីជួយស្វែងរកការងារដល់ពលករខ្មែរ នៅដែលពលករត្រឡប់មកប្រទេសកំណើតវិញ។
លោកបានរៀបរាប់ថា នៅកម្ពុជាមានការងាររាប់ម៉ឺនកន្លែង ដែលអាចផ្តល់ប្រាក់ចំណូលសមរម្យជូនបងប្អូនពលករ ក្នុងករណីដែលបងប្អូនចង់រកការងារនៅក្នុងស្រុក។ នៅក្នុងស្រុក គឺមានអត្ថប្រយោជន៍ជាច្រើនពី ប.ស.ស. ដែលមានច្រើនជាង និងសម្បូរបែប ដែលអាចជួយបានទាំងគ្រួសារបងប្អូនពលករតាមរយៈរបបភាគទានស្ម័គ្រចិត្ត។ បន្ថែមពីនេះ បើទោះបីមិនមានជំនាញ ក៏រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានរៀបចំវគ្គបណ្តុះបណ្តាលវគ្គខ្លីៗ ហើយអាចទទួលបានថវិកាចាប់តាំងពីថ្ងៃចូលរៀនដំបូង។
យោងតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គិតត្រឹមខែមករា ឆ្នាំ២០២៦នេះ ប្រជាពលរដ្ឋខ្មែរ និងអតីតពលករប្រមាណជាង ៩៦ម៉ឺននាក់ ក្នុងនោះមានអតីតពលករប្រមាណ ៦៣ម៉ឺននាក់ បានត្រឡប់មកកម្ពុជា ក្រោយកម្ពុជា និងថៃមានជម្លោះតាមព្រំដែន។ ក្នុងនោះយន្តការក្រសួង បានជួយពលករទទួលបានការងារធ្វើសរុបចំនួនជាង ៣១ម៉ឺន តាមរយៈប្រព័ន្ធទូរសព្ទ ១២៩៧, វេទិកាការងារ, ការផ្សព្វផ្សាយព័ត៌មានឱកាសការងារ និងតាមរយៈរោងចក្រផ្ទាល់។ ទន្ទឹមនេះ អតីតពលករចំនួន ៣២ម៉ឺននាក់ផ្សេងទៀតបានចាប់យកជីវភាពកសិកម្មបែបគ្រួសារ ការងារក្នុងកសិដ្ឋាន ការដ្ឋានសំណង់ សិប្បកម្ម ភោជនីយដ្ឋាន និងសកម្មភាពសេដ្ឋកិច្ចក្រៅប្រព័ន្ធ៕ អត្ថបទ៖ ឈិត បូរ៉ាវី

-
PR NEWS5 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន3 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន2 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន5 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន3 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន4 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង