ព័ត៌មាន
ទិវាជាតិសុខភាពមាតា ទារក និងកុមារ អាណាព្យាបាលអំពាវនាវសប្បុរជនបន្តគាំទ្រមន្ទីរពេទ្យគន្ធបុប្ជាដើម្បីកុមារកម្ពុជា
ភ្នំពេញ ៖ ក្នុងឱកាសទិវាជាតិ សុខភាពមាតា ទារក និងកុមារ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រុមអាណាព្យាបាល បានអំពាវនាវដល់សប្បុរជននានាទាំងក្នុងនិងក្រៅប្រទេស បន្តសកម្មភាពចូលរួមបរិច្ចាគប្រាក់ ដើម្បីជួយកុមារកម្ពុជាមានសុខភាពល្អ ជាពិសេសជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុងការព្យាបាល។
អ្នកស្រី ធី ស្រីមុំ មកពីខេត្តព្រៃវែង ក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈនេះ បាននិយាយឱ្យដឹងថា ក្នុងនាមជាម្តាយ នៅពេលដែលកូនៗមានបញ្ហាសុខភាព គឺតែងតែកើតក្តីបារម្មណ៍គ្រប់ពេលវេលា ជាពិសេសនៅពេលដែលកូនឈឺ និងពិបាកស្វែងរកកន្លែងព្យាបាលដែលទុកចិត្ត។ ដូច្នេះ ក្នុងឱកាសទិវាជាតិ សុខភាពមាតា ទារក និងកុមារ ២១ ខែកុម្ភៈ បានបង្ហាញការអរគុណជូនចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃវិស័យរដ្ឋ និងឯកជន ក៏ដូចជាសប្បុរជនទាំងអស់ ដែលតែងតែចូលរួមគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីអាចបន្តផ្តល់សេវាព្យាបាលដោយឥតគិតថ្លៃដល់កុមារបានកាន់តែប្រសើរឡើងថែមទៀត។
ស្រដៀងគ្នាខាងលើនេះ ក្រុមប្រជាពលរដ្ឋរស់នៅតំបន់ផ្សេងៗគ្នា ដែលបានទទួលសេវាពិនិត្យព្យាបាលកូន និងចៅៗ នៅមន្ទីរពេទ្យកុមារគន្ធបុប្ជា បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងសម្តែងការអរគុណជូនចំពោះសប្បុរសជននានា ទាំងទីជិត ទីឆ្ងាយ និងនៅក្រៅប្រទេស ដែលបានរួមគ្នាជួយដល់ក្មេងៗ ជាពិសេសគឺជួយដល់ជនខ្វះខាត និងទីទាល់ ដែលគ្មានលទ្ធភាពក្នុងការព្យាបាលកូននៅពេលមានបញ្ហាសុខភាព។
យោងតាមរបាយការណ៍សង្ខេបស្ដីពីសកម្មភាពរបស់មន្ទីរពេទ្យគន្ធបុប្ផា គិតក្នុងរយៈពេលពេញ១ឆ្នាំ២០២៥ មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប បានពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺកុមារចំនួនជាង ១លានករណី កើនឡើង១៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤កន្លងទៅ។ គិតក្នុង២០២៥ មន្ទីរពេទ្យគន្ធបុប្ផាបានចំណាយថវិកាជាង ៤៦លានដុល្លារអាម៉េរិក ដើម្បីបន្តបេសកកម្មសង្គ្រោះជីវិតទារក កុមារ និងស្រ្តីមានផ្ទៃពោះដោយឥតគិតថ្លៃ និងគ្មានការរើសអើង។
សូមជម្រាបជូនថា ទិវាជាតិ សុខភាពមាតា ទារក និងកុមារ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ ធ្វើឡើងក្រោមប្រធានបទ ”រួមគ្នាលើកកម្ពស់គុណភាព សុវត្ថិភាព ប្រសិទ្ធភាពនៃការថែទាំផ្ទៃពោះមុនសម្រាល រួមទាំងក្នុងបរិបទមានគ្រោះអាសន្ន ឬគ្រោះមហន្តរាយ ដើម្បីធានាថា ទាំងម្តាយ និងទារក មានសុខភាពល្អ”។
នៅក្នុងសារលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ ក្នុងឱកាសទិវាជាតិនេះ បានថ្លែងថា ការថែទាំសុខភាព, សុវត្ថិភាពផ្នែកសុខភាព និងប្រព័ន្ធភាពធន់ផ្នែកសុខភាព ពិតជាមានសារសំខាន់ស្រួចស្រាវណាស់សម្រាប់ការកសាងជាតិ និងការឈានទៅសម្រេចឱ្យបានចក្ខុវិស័យឆ្នាំ២០៥០។ ម្លោះហើយ យើងត្រូវតែនាំគ្នាវិនិយោគធនធាន និងាករខិតខំប្រឹងប្រែងរបស់យើងនៅក្នុងការលើកកម្ពស់ ប្រព័ន្ធថែទាំសុខភាព និងាករគ្របដណ្តបសេវាថែទាំសុខភាពជាសាកល, ធ្វើ ឱ្យកិច្ចការទាំងនោះកាន់តែមានលក្ខណៈបរិយាបន្ន និងមានភាពធន់៕
អត្ថបទ៖ ឈិត បូរ៉ាវី









-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត